ថ្ងៃសុក្រ​​ ទី​​០២ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះគុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង​ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង ។ អេភេសូរ ១:១៦-១៨​

អំណានប្រចាំថ្ងៃ ការរីកចម្រើនខាងភាពជ្រុលនិយម

នៅក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារី ១០នាក់ ក្នុងគម្ពីរម៉ាថាយ ជំពូក ២៥ បទពិសោធន៍ នៃពួកអ្នកអាត់វេនទីស្ទត្រូវបានពន្យល់បកស្រាយអត្ថន័យដោយអាពាហ៍ពិពាហ៍នៅបូព៌ាប្រទេស។ «គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួនចេញទៅទទួលប្តីថ្មោងថ្មី»។ «តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះ​ងោកងុយ ហើយដេកលក់ទៅ»។

ចលនាដ៏ធំនៅក្រោមការប្រកាសផ្សាយសារទីមួយ ស្របគ្នាទៅនឹងការចេញទៅរបស់ស្ត្រីព្រហ្មចារីទាំងអស់នោះ នៅពេលដែលគេរង់ចាំ​បាន​កន្លងផុតទៅការខកចិត្ត ហើយនិងការពន្យារពេល (មិនទាន់ឃើញ​ព្រះយេស៊ូវ​​​យាងមក) តំណាងឱ្យការក្រមកដល់របស់កូនកម្លោះ។ បន្ទាប់ពី ពេលវេលាដ៏ជាក់លាក់នោះបានកន្លងផុតទៅ ពួកអ្នកជឿដ៏ស្មោះត្រង់នៅតែជឿថាទីបញ្ចប់នៃអ្វីៗទាំងអស់បានមកដល់ហើយ ប៉ុន្តែមិនយូរប៉ុន្មាន រឿងនោះក៏បានប្រែក្លាយទៅជាភស្តុតាងបញ្ជាក់ថា ពួកគេកំពុងតែលែងស្មោះស្ម័គ្រចំពោះព្រះរបស់គេ ហើយកំពុងតែធ្លាក់ចូលទៅក្នុងការដេកលក់របស់កូនក្រមុំ នៅក្នុងរឿងប្រៀបប្រដូច នៅពេលដែលកូនកម្លោះក្រមក។

នៅម្តុំពេលនោះ ការបង្រៀនខុសពីព្រះគម្ពីរបានចាប់ផ្តើមកើតឡើង។ មនុស្សខ្លះដែលបានអះអាងថាជឿទៅលើសារនេះដោយស្មោះ និងថាជាអ្នកដែលព្រះវិញ្ញាណដឹកនាំ បានបោះបង់ចោល​ព្រះបន្ទូល​របស់​ព្រះ ដែលជាអ្នកណែនាំផ្លូវយ៉ាងពិតប្រាកដ ដោយបានធ្វើតាមគំនិតនិងការស្រមើលស្រមៃរបស់ខ្លួន។

ការអធិប្បាយពីសារទីមួយ នៅឆ្នាំ ១៨៤៣ និងពីសម្រែកពាក់​កណ្តាល​អាធ្រាត្រ នៅឆ្នាំ ១៨៤៤ បានបង្ក្រាបគំនិតជ្រុលនិយម ហើយនិង​ការប្រឆាំងជំទាស់។ អស់អ្នកដែលបានចូលរួមក្នុងក្រុមអ្នករង់ចាំការយាងមកជាលើកទីពីរយ៉ាងហ្មត់ចត់នេះ គេមានចិត្តស្រុះស្រួលគ្នា គេមានចិត្តពេញទៅដោយសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់ដល់ព្រះយេស៊ូវដែលពួកគេបានសង្ឃឹមថានឹងបានជួបទ្រង់នៅពេលឆាប់ៗនេះ។ សេចក្តីជំនឿស្ម័គ្រស្មោះ សេចក្តីសង្ឃឹមដ៏មានពរ បានលើកពួកគេ​ឡើងខ្ពស់ហួសពីការគ្រប់គ្រងនៃឥទ្ធិពលរបស់មនុស្ស ហើយបានធ្វើជាខែលប្រឆាំងទល់នឹងការវាយប្រហាររបស់សាតាំង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៥:១-២៩

ខចងចាំ៖​​ ទំាង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង។ ទីតុស ២:១៣

Powered by CAM