ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្តីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។ និក្ខមនំ ៣៤:៦-៧
អំណានប្រចាំថ្ងៃ ការសង្ស័យពីចរិតលក្ខណៈរបស់ព្រះ
សាតាំងបានប្រាប់ដល់ទេវតារបស់វាឱ្យខំប្រឹងប្រែងផ្សព្វផ្សាយនូវការកុហក ដែលវាបានប្រើជាលើកដំបូង ជាមួយនឹងនាងអេវ៉ា នៅក្នុងសួនច្បារអេដែនថា «អ្នកមិនស្លាប់ជាពិតមែនទេ»។ ហើយនៅពេលដែលមនុស្សទទួលយកគំនិតខុសឆ្គងនេះ នោះសាតាំងបានដឹកនាំគេឱ្យជឿថាមនុស្សមិនស្លាប់ទេ សាតាំងបានដឹកនាំពួកគេបន្តទៀត ឱ្យជឿថា អ្នកមានបាបនឹងរស់នៅក្នុងសេចក្តីឈឺចាប់ជារៀងរហូត (អស់លក្ប)។ ការនោះបានរៀបចំផ្លូវឱ្យសាតាំងធ្វើការតាមរយៈអ្នកតំណាងរបស់វា ហើយលើកព្រះនៅចំពោះមនុស្សថាទ្រង់ជាអ្នកសងសឹក ដោយអំណាចផ្តាច់ការ ជាអ្នកដែលទម្លាក់មនុស្សទាំងអស់នោះ ដែលមិនធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ចូលទៅស្ថាននរក ហើយធ្វើឱ្យពួកគេទទួលសេចក្តីក្រោធរបស់ទ្រង់គ្រប់ពេលវេលា ហើយខណៈដែលពួកគេទទួលការឈឺចាប់យ៉ាងធ្ងន់ធ្ងរ រកថ្លែងមិនបាន នៅក្នុងភ្លើងដ៏អស់កល្ប នោះទ្រង់ទតមើលទៅពួកគេដោយសព្វព្រះហឫទ័យទៅវិញ។ សាតាំងបានដឹងថា ប្រសិនបើមនុស្សទទួលយកគំនិតមិនពិតនេះ នោះមនុស្សជាច្រើននឹងស្អប់ព្រះ ជំនួសឱ្យការស្រឡាញ់និងលើកតម្កើងទ្រង់ និងថាវាអាចនឹងនាំមនុស្សជាច្រើនឱ្យជឿថា ព្រះសព្វព្រះហឫទយ័ចង់ឃើញមនុស្សរងទុក្ខនៅក្នុងភ្លើងជារៀងរហូត ដែលផ្ទុយពីអត្តចរិតនៃក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទម្លាក់មនុស្សដែលទ្រង់បានបង្កីតចូលទៅក្នុងការឈឺចាប់ដ៏នៅអស់កល្បយ៉ាងដូច្នេះ។
គំនិតដ៏អាក្រក់មួយទៀតដែលសាតាំងបានប្រើដើម្បីបំភាន់មនុស្សនោះ គឺធ្វើឱ្យគេជឿថាព្រះស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដូច្នេះយើងអាចធ្វើអ្វីៗគ្រប់យ៉ាង តាមចិត្តយើងចង់ ព្រះលោកមិនប្រកាន់នឹងយើងទេ។
ជាលទ្ធផលនៃគំនិតខុសឆ្គងដ៏មានប្រជាប្រិយ ស្តីអំពីការមិនចេះស្លាប់នៃព្រលឹងមនុស្ស ហើយនិងការឈឺចាប់គ្មានទីបញ្ចប់ សាតាំងយកចំណេញបានមួយកម្រិតទៀត ហើយដឹកនាំមនុស្សឱ្យចាត់ទុកព្រះគម្ពីរថាជាសៀវភៅធម្មតា ដែលមិនមានការបណ្តាលមកពីព្រះទេ។ ពួកគេគិតថាព្រះគម្ពីរបង្រៀនពីរឿងល្អៗជាច្រើន ប៉ុន្តែពួកគេមិនអាចពឹងផ្នែកនិងស្រឡាញ់ព្រះគម្ពីរនោះបានទ្បើយ ពីព្រោះពួកគេបានរៀនដឹងថា ព្រះគម្ពីរប្រកាសនូវគោលលទ្ធិនៃការរងទុក្ខដ៏នៅអស់កល្ប។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ១១:២៨-៤៤
ខចងចាំ៖ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។ កិច្ចការ ៣:១៩