​​ថ្ងៃសៅរ៍ ទី២៤​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នៃ​ពួក​ពលបរិវារ តែ​ព្រះអាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប សំរាប់​ឯង​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោតកព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល ហើយ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ ឯង​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួក​អាក្រក់​បង់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​ឯង​រាល់​គ្នា។ ម៉ាឡាគី ៤:១-៣

អំណានប្រចាំថ្ងៃ៖ ទីបញ្ចប់នៃមនុស្សអាក្រក់

ខ្ញុំបានឃើញថាពួកទេវតារបស់ព្រះ មិនដែលគ្រប់គ្រងឆន្ទៈរបស់មនុស្សឡើយ។ ព្រះដាក់នៅពីមុខមនុស្សនូវសេចក្តីស្លាប់ ហើយនិងជីវិត។ មនុស្ស​អាចជ្រើសរើសដោយខ្លួនឯង។ មនុស្សជាច្រើនប្រាថ្នាចង់បានជីវិត ក៏ប៉ុន្តែ គេនៅតែបន្តដើរនៅក្នុងផ្លូវដ៏ធំទូលាយទៅរកសេចក្តីស្លាប់។ ពួកគេបែរទៅបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ ទោះបីជាទ្រង់មានសេចក្តីមេត្តាករុណា និង​ក្តីអាណិតអាសូរដ៏អស្ចារ្យ រហូតលះបង់ព្រះរាជបុត្រារបស់ទ្រង់ឱ្យមក​សុគតជំនួសពួកគេក៏ដោយ។ អស់អ្នកដែលមិនព្រមទទួលយកសេចក្តីសង្គ្រោះ ដែលព្រះបានប្រទានដល់គេដោយក្តីស្រឡាញ់ ត្រូវតែទទួលទណ្ឌកម្ម។ ប៉ុន្តែ ខ្ញុំបានឃើញថាព្រះទ្រង់មិនបានចាក់សោទុកឱ្យពួកគេនៅក្នុងស្ថាននរក ឱ្យរង​ការឈឺចាប់យ៉ាងវេទនាគ្មានទីបញ្ចប់នោះឡើយ ហើយទ្រង់ក៏មិនបានយកពួកគេទ្បើងទៅស្ថានសួគ៌ ជាមួយក្រុមនៃពួកបរិសុទ្ធនោះដែរ ព្រោះពួកគេនឹងមិនអាចរស់នៅជាមួយនឹងអ្នកបរិសុទ្ធបានទេ។ ប៉ុន្តែ ព្រះទ្រង់នឹងបំផ្លាញពួកគេជាចុងបំផុត ហើយពួកគេនឹងមិនមានតទៅទៀតឡើយ។ ព្រះទ្រង់​បាន​សូនមនុស្សមកពីធូលីដី ហើយអ្នកដែលមិនស្តាប់បង្គាប់និងអ្នកមិនបរិសុទ្ធ នឹងត្រូវបំផ្លាញដោយភ្លើង រួចគេនឹងត្រឡប់ទៅជាធូលីដីវិញ។ ខ្ញុំបានឃើញថា ភាពសប្បុរសនិងក្តីមេត្តាករុណារបស់ព្រះនៅក្នុងរឿងនេះ បានដឹកនាំអ្នក​ដែល​​កោតសរសើរដល់អត្តចរិតរបស់ទ្រង់ និងស្រឡាញ់ដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។ បន្ទាប់ពីពួកមនុស្សអាក្រក់ត្រូវបានបំផ្លាញអស់ពីដែនដីហើយនោះ ពួកពលបរិវារនៅស្ថានសួគ៌ នឹងពោលថា «អាម៉ែន»។

អំណានព្រះគម្ពីរពេលល្ងាច៖ ពេត្រុសទី២ ជំពូក​ ៣:១-១៣

ខចងចាំ៖​​ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់។ កិច្ចការ ៣:១៩

Powered by CAM