ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុស ឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះសេចក្តីគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ។ ចោទិយកថា ១៨:១០-១២
អំណានប្រចាំថ្ងៃ៖
គោលលទ្ធិនៃការមិនចេះស្លាប់ បានរៀបចំផ្លូវសម្រាប់ព្រលឹងនិយមទំនើបមួយ។ ប្រសិនបើពួកអ្នកដែលបានស្លាប់ទៅ ត្រូវបានអនុញ្ញាតឱ្យចូលទៅចំពោះព្រះវត្តមានរបស់ព្រះ និងពួកទេវតាបរិសុទ្ធ ហើយមានចំណេះដឹងជាងកាលពីគេនៅរស់យ៉ាងឆ្ងាយនោះ ហេតុអ្វីបានជាពួកគេមិនត្រឡប់មកកាន់ដែនដីវិញ ដើម្បីបំភ្លឺនិងបង្ហាត់បង្រៀនដល់អ្នកនៅរស់ទៅ? តើពួកអ្នកដែលជឿថាខ្មោចស្លាប់ទៅនៅមានព្រលឹង ច្រានចោលនូវពន្លឺដែលមកពីព្រះ ដែលទាក់ទងជាមួយនឹងគេតាមរយៈព្រះវិញ្ញាណដ៏មានសិរីល្អយ៉ាងណាទៅ? នេះគឺជាប្រឡាយយ៉ាងពិសេសមួយ ដែលសាតាំង បានប្រើដើម្បីឱ្យបានសម្រេចគោលបំណងរបស់វា។ ពួកទេវតាមានបាបដែលធ្វើតាមបញ្ជារបស់វា បង្ហាញខ្លួនជាអ្នកនាំសារនៃវិញ្ញាណខាងលោកិយ។ នៅពេលដែលអះអាងថាវានឹងនាំមនុស្សដែលរស់ឱ្យទាក់ទងជាមួយនឹងអ្នកស្លាប់ នោះសាតាំងប្រើឥទ្ធិពលខាងមន្តអាគមរបស់វា ទៅលើគំនិតរបស់ពួកគេ។
វាមានអំណាចរហូតដល់អាចនាំមិត្តភក្តិ ដែលបានស្លាប់ទៅឱ្យលេចមកនៅចំពោះមុខមនុស្សបាន។ ការក្លែងបន្លំនេះដូចបេះបិទ សាតាំងបានចម្លងឱ្យដូចគ្នាទាំងរូបរាង ពាក្យសំដី និងសំឡេង។ មនុស្សជាច្រើនបានរសាយទុក្ខ ដោយសារការធានាអះអាងថា មនុស្សដែលពួកគេស្រឡាញ់កំពុងតែសោយសុខនៅស្ថានសួគ៌ ដោយគ្មានគ្រោះថ្នាក់អ្វីឡើយ ពួកគេស្តាប់វិញ្ញាណលួងលោមនិងគោលលទ្ធិរបស់អារក្សហើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូ៉អែលទី១ ជំពូក ២៨
ខចងចាំ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។សាស្តា ៩:៥-៦