ថ្ងៃអង្គារ​​ ទី២៧​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថានសួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ឯ​សេចក្តី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ។ កូឡាទី ១:៨-៩

អំណានប្រចាំថ្ងៃ៖ ការបោកបញ្ឆាតដ៏បិុនប្រសប់

នៅពេលដែលអារក្សបានដឹកនាំឱ្យពួកគេជឿថា មនុស្សស្លាប់ពិតជាត្រឡប់មកទាក់ទងជាមួយគេមែន សាតាំងធ្វើឱ្យវិញ្ញាណដែលលេចមកនោះ ជាអ្នកដែលបានចូលទៅក្នុងផ្នូរដែលមានបាបហើយ។ ពួកគេអះអាង​ថា​គេមានសេចក្តីសុខនៅស្ថានសួគ៌ ហើយក៏បានទទួលតំណែងខ្ពង់ខ្ពស់ នៅទី​នោះ​ផងដែរ ហើយគំនិតខុសនេះត្រូវបានគេបង្រៀន យ៉ាងទូលំទូលាយថាមនុស្សសុចរិតនិងមនុស្ស អាក្រក់មិនមានអ្វីខុសគ្នាទេ។ ពួកវិញ្ញាណដែលក្លែងបន្លំមកជួបគេនោះ ជួន​កាល បញ្ចេញសំឡេងដាស់តឿននិងព្រមាន ដើម្បីបញ្ជាក់ថា វាពិតជាអ្នកនោះមែន។ រួចមក នៅពេលដែលមនុស្សទុកចិត្ត​វា​ហើយ វាក៏បង្ហាញគោលលទ្ធិដែលធ្វើឱ្យអន្តរាយដល់សេចក្តីជំនឿនៅក្នុងព្រះគម្ពីរដោយផ្ទាល់។ ដោយសារតែចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងសុខុមាលភាពមិត្តភក្តិរបស់គេនៅលើដែនដី ពួកគេទទួលគំនិតខុសឆ្គង ដែលមានគ្រោះថ្នាក់បំផុតនេះ។ ការដែលពួកវានិយាយនូវសេចក្តីពិតខ្លះៗ ហើយជួនកាលអាចទាយពីព្រឹត្តិការណ៍នៅពេលអនាគត បានខ្លះនោះ ធ្វើឱ្យសំដីរបស់វាហាក់ដូចជាគួរឱ្យទុកចិត្តបាន ហើយមនុស្សជាច្រើនសន្ធឹកសន្ធាប់បានទទួលការបង្រៀនខុសពីការពិតរបស់ពួកវាយ៉ាងស្រួល និងដោយ​ស្ងៀម​ស្ងាត់ ថាជាសេចក្តីពិតដ៏ពិសិដ្ឋបំផុតនៃព្រះគម្ពីរ។ គេបានបោះបង់ចោល​ច្បាប់​របស់ព្រះ គេបានស្អប់ព្រះវិញ្ញាណនៃព្រះគុណ ឈាមនៃសេចក្តីសញ្ញា​ត្រូវបានគេចាត់ទុកថា ជារឿងមិនបរិសុទ្ធ។ មនុស្សជាច្រើនបដិសេធភាព​ជាព្រះរបស់ព្រះគ្រីស្ទ ហើយថែមទាំងចាត់ទុកព្រះអាទិករដែលបង្កើតលោកស្មើនឹងពួកគេទៀតផង។ ស្ថិតនៅក្រោមការក្លែងបន្លំថ្មីមួយបែបនេះ ការប្រឆាំ​ង​បះបោរដ៏ធំរបស់វានៅតែបន្តចម្បាំង ប្រឆាំងនឹងព្រះតទៅទៀត ដូចជាវាបានចាប់ផ្តើមនៅស្ថានសួគ៌ដែរ ហើយបានបន្តនៅលើដែនដីនេះ អស់​រយៈ​ពេល​ជិត ៦០០០ឆ្នាំ។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយ៉ូអែលទី១ ជំពូក​ ៣១

ខចងចាំ៖​​ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្តី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ ទោះ​ទាំង​សេចក្តី​ស្រឡាញ់ សេចក្តី​សំអប់ នឹង​សេចក្តី​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ សាស្តា ៩:៥-៦

Powered by CAM