ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន។ ម៉ាថាយ ២៤:២៤
អំណានប្រចាំថ្ងៃ៖ អំណាចដ៏ខ្លាំងហួសវិស័យរបស់សាតាំង
ខណៈដែលការបំភាន់ដោយប្រើល្បិច ដើម្បីល្បួងមនុស្សឱ្យព្រមទទួលជឿដល់សាតាំង កំពុងមានជោគជ័យ ការបើកសំដែងឱ្យឃើញច្បាស់នូវអំណាចដ៏ហួសវិស័យរបស់ព្រះក៏ត្រូវបានបង្ហាញជាសាធារណៈយ៉ាងច្បាស់លាស់ជាក់ស្តែងផងដែរ។ មនុស្សជាច្រើននឹងជាប់អន្ទាក់ខាងសេចក្តីជំនឿ ដោយជឿទៅលើទំនាក់ទំនងរវាងមនុស្សរស់ និងមនុស្សស្លាប់ ដែលគ្រាន់តែជាការក្លែងបន្លំធ្វើជាមនុស្សម្នាក់ផ្សេងទៀត នៅពេលដែលបានជួបទល់មុខនិងមុខដោយការបើកសំដែងយ៉ាងច្បាស់ ហើយសាតាំងបាននាំគេឱ្យជឿថា នោះជាអំណាចដ៏អស្ចារ្យរបស់ព្រះ។ ពួកមនុស្សទាំងនោះបានមើលរំលងទីបន្ទាល់នៃបទព្រះគម្ពីរ ទាក់ទងនឹងកំហឹងដ៏ធំរបស់សាតាំងនិងភ្នាក់ងាររបស់វា។ គឺដោយមានជំនួយពីសាតាំងនោះហើយ ដែលគ្រូមន្តអាគមរបស់ ស្តេចផារ៉ោនអាចក្លែងបន្លំការងាររបស់ព្រះ។ សាវកយ៉ូហានពណ៌នាពីអំណាចនៃការធ្វើការអស្ចារ្យ ដែលសាតាំងនឹងបង្ហាញឱ្យឃើញច្បាស់នៅសម័យចុងក្រោយ គាត់ប្រកាសថា «វាក៏ធ្វើទីលំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឱ្យធ្លាក់ទាំងភ្លើងពីលើមេឃ មកលើដែនដី នៅមុខមនុស្សលោកផង វាបញ្ឆោតពួកមនុស្សនៅដែនដី ដោយសារទីសំគាល់ដែលវាមានអំណាចនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅដែនដីឱ្យធ្វើរូបសត្វនោះដែលត្រូវរបួសនឹងដាវតែបានរស់វិញដែរ» វិវរណៈ ១៣:១៣, ១៤)។ មនុស្សលោកត្រូវបានបោកបញ្ឆោតដោយការអស្ចារ្យដែលភ្នាក់ងាររបស់សាតាំងមានអំណាចនឹងធ្វើ។
ឥឡូវនេះឈ្មោះគ្រូធ្មប់នោះមិនសូវមានគេចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ។ ការអះអាងថាមនុស្សអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងវិញ្ញាណអារក្ស ត្រូវបានគេចាត់ទុកថាជារឿងកុហក នាយុគសម័យខ្មៅងងឹត។ ប៉ុន្តែ ការជឿទៅលើវិញ្ញាណដែលស្លាប់អាចមានទំនាក់ទំនងជាមួយនឹងមនុស្សរស់ ដែលមនុស្សរាប់ម៉ឺននាក់ ឬរហូតដល់រាប់លាននាក់ទទួលយក បានជ្រាបចូលទៅក្នុងរង្វង់នៃវិទ្យាសាស្ត្រពួកជំនុំ ហើយត្រូវបានទទួលការគាំទ្រពីស្ថាប័នអ្នកច្បាប់ រហូតដល់នៅក្នុង ព្រះរាជវាំង ឬតុលាការរបស់ពួកស្តេចថែមទៀតផង។ ការបោកបញ្ឆោតដ៏ធំសម្បើមនេះ គឺជាការភ្ញាក់រឭកទ្បើងវិញនៅក្នុងការក្លែងខ្លួនថ្មីរបស់គ្រូធ្មប់ដែលព្រះគម្ពីរបានកាត់ទោស និងហាមឃាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក ៨:១-១៩
ខចងចាំ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ សាស្តា ៩:៥-៦