ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។ អេសាយ ៣៥:៣-៤
អំណានប្រចាំថ្ងៃ
«តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយ ដេកលក់ទៅ។ លុះដល់ពាក់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរ សម្រែកថា នែ៎! ប្តីមកហើយ ចូរចេញទៅទទួលចុះ! ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន» ម៉ាថាយ ២៥:៥-៧។
នារដូវក្តៅមួយនៃឆ្នាំ ១៨៤៤ អ្នកអាត់វេនទីស្ទបានរកឃើញកំហុសរបស់ខ្លួន ក្នុងការគិតគូរអំពីពេលវេលានៃបទទំនាយកន្លងមក។ រយៈពេល ២៣០០ ថ្ងៃ នៅក្នុងគម្ពីរដានីយ៉ែល ៨:១៤ ដែលពួកគេបានជឿថាជាការយាងមកវិញរបស់ព្រះយេស៊ូវ នៅចុងរដូវស្លឹកឈើលាស់ឆ្នាំ ១៨៤៤នោះ ឥឡូវនេះត្រូវបានគេបកស្រាយសាជាថ្មីហើយ ពេលកំណត់ថ្មីនោះ គឺត្រូវនឹងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំដដែលនោះ។ អ្នកអាត់វេនទីស្ទទាំងអស់បាននាំគ្នារង់ចាំថ្ងៃនោះ ដោយគិតថាជាថៃ្ងដែលព្រះនឹងលេចមកឯពួកគេ។
ដូចគ្នាទៅនឹងប្រស្នានៃរឿងប្រៀបប្រដូចនោះ សម្រែកបានបន្លឺឡើងនៅពេលពាក់កណ្តាល អធ្រាត្រ ប្រកាសប្រាប់ពីការមកដល់របស់កូនកំឡោះ។ នៅពាក់កណ្តាលនៃរដូវស្លឹកឈើលាស់ និងរដូវស្លឹកឈើជ្រុះនាឆ្នាំ ១៨៤៤នោះ ក៏មានសំឡេងស្រែកដូច្នោះដែរ នៅពេលដែលគេបានគិតថា រយៈពេល ២៣០០ថ្ងៃតាមបទទំនាយត្រូវបានបញ្ចប់សម្រែកដូចគ្នានេះក៏បានបន្លឺឡើង ដូចជាពាក្យនៅក្នុងព្រះគម្ពីរថា មើលចុះកូនកំឡោះបាន មកដល់ហើយ ចូរឱ្យចេញទៅទទួលទ្រង់ចុះ»។
ចលនានោះបានកើតឡើងប្រៀបដូចជារលកធំមួយដែលបានផាត់មកដីដូច្នោះដែរ។ ចាប់តាំងពីទីក្រុងមួយទៅទីក្រុងមួយ ពីភូមិមួយទៅភូមិមួយ ហើយដល់ទីដាច់ស្រយាល រហូតដល់អស់អ្នកដែលរង់ចាំទ្រង់ បានភ្ញាក់ឡើងនៅគ្រប់ទីកន្លែង។ មុនការប្រកាសផ្សព្វផ្សាយនេះ ការរំជើបរំជួលនេះបានរលាយបាត់ ដូចជាទឹកកកត្រូវកំដៅថ្ងៃ ពួកអ្នកជឿបានរកឃើញសេចក្តីសង្ឃឹម សេចក្តីក្លាហាន បានកើតឡើងនៅក្នុងចិត្តគេម្តងទៀតហើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ១៤:១៥-៣៣
ខចងចាំ៖ ទំាងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង។ ទីតុស ២:១៣