ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ លេវីវិន័យ ១៩:៣១
អំណានប្រចាំថ្ងៃ៖ គ្មាននរណាម្នាក់ចាញ់បោកសាតំាងឡើយ
សាតាំងកំពុងតែធ្វើឱ្យពិភពលោកជឿថាព្រះគម្ពីរគ្រាន់តែជារឿងប្រឌិតក៏គ្រាន់តែជាសៀវភៅដែលឥឡូវនេះគេលែងត្រូវការប្រើទៀតហើយប៉ុណ្ណោះ។ ហើយដើម្បីជំនួសឱ្យព្រះបន្ទូលរបស់ព្រះ វាបានលើកតម្កើងការបង្ហាញគំនិតវិញ្ញាណនិយម។ នេះគឺជាបណ្តាញដែលនៅក្រោមការគ្រប់គ្រងរបស់វាទាំងស្រុង ដោយសារមធ្យោបាយនេះ វាអាចធ្វើឱ្យពិភពលោកជឿតាមគំនិតរបស់វា។ វាបានដាក់សៀវភៅដែលជំនុំជម្រះដល់វានិងពួកអ្នកដើរតាមវា ឱ្យនៅក្នុងទីងងឹត តាមតែចិត្តវាចង់ វាបានទម្លាក់ព្រះអង្គសង្គ្រោះនៃពិភពលោក ឱ្យទាបជាងមនុស្សធម្មតាទៅទៀត។ ហើយនៅពេលទាហានរ៉ូមដែលយាមផ្នូរព្រះយេស៊ូវបានផ្សព្វផ្សាយនូវរបាយការណ៍កុហក ដែលពួកសម្តេចសង្ឃ ហើយនិងពួកចាស់ទុំបានប្រាប់ឱ្យនិយាយ ដើម្បីថ្លែងបង្ខុសពីការមានព្រះជន្មរស់ទ្បើងវិញរបស់ទ្រង់នោះ ដូច្នេះ ពួកអ្នកជឿលើវិញ្ញាណខ្មោច ព្យាយាមធ្វើឱ្យរឿងនេះលេចឮឡើងថាគ្មានការអស្ចារ្យអ្វីបានកើតឡើង នៅក្នុងព្រឹត្តិការណ៍នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះរបស់យើងទ្បើយ។ បន្ទាប់ពីការដាក់ព្រះយេហូវ៉ានៅពីខាងក្រោយដូច្នេះមក ពួកវាកន្ត្រាក់អារម្មណ៍មនុស្សមករកការអស្ចារ្យរបស់វា ដោយប្រកាសថា ការរបស់វាទាំងនោះ អស្ចារ្យជាងការងាររបស់ព្រះគ្រីស្ទឆ្ងាយណាស់។
ហោរាអេសាយមានប្រសាសន៍ថា «កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ិអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឱ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី? ចូរទៅបើកគម្ពីរបញ្ញត្តិនិងសេចក្តីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ» អេសាយ ៨:១៩-២០។ ប្រសិនបើមនុស្សព្រមទទួលយកសេចក្តីពិត ដែលបានចែងយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ ដែលថាមនុស្សស្លាប់មិនដឹងអ្វីទាំងអស់ ពួកគេអាចនឹងមើលឃើញនូវការងាររបស់សាតាំង ដែលមានអំណាចទីសម្គាល់ និងការអស្ចារ្យកុហកផង នៅក្នុងការអះអាងរបស់អ្នកជឿ ទៅលើវិញ្ញាណអ្នកស្លាប់។ ប៉ុន្តែ ជាជាងការយល់ស្របតាមព្រះគម្ពីរ ហើយបោះបង់ចោលអំពើបាបរបស់គេ ហ្វូងមនុស្សបានបិទភ្នែកពីពន្លឺ ហើយដើរទៅមុខ ដោយមិនខ្វល់ខ្វាយនឹងគោរពតាមការព្រមានរបស់ព្រះឡើយ នៅពេលដែលសាតាំងរាយអន្ទាក់នៅពីមុខពួកគេ គេក៏បានក្លាយទៅជាចំណីរបស់វា «ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឱ្យគេបានសង្គ្រោះនោះទេ ហេតុនោះ បានជាព្រះទ្រង់នឹងឱ្យសេចក្តីខុសឆ្គងមកបណ្តាលឱ្យគេជឿតាមសេចក្តីភូតភរវិញ» ថែស្សាឡូនីចទី២ ២:១០, ១១។
អំណានព្រះគម្ពីរពេលល្ងាច៖ របាក្សត្រទី២ ជំពូក ៣៣:១-២០
ខចងចាំ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ សាស្តា ៩:៥-៦