ថ្ងៃអាទិត្យ​​ ទី០៤​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួតហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង។ អេសាយ ៤៤:៣

អំណានប្រចាំថ្ងៃ ការរៀបចំខ្លួនចាំជូបព្រះ

ការផ្សព្វផ្សាយអំពីការយាងមកវិញរបស់ព្រះយេស៊ូវ មក​ពេលឆាប់ៗ​នេះ នាំមកនូវការកែទម្រង់និង​ការភ្ញាក់រឭក។​ ការនេះក៏ស្រដៀងគ្នាទៅនឹង​ការកែប្រែចិត្ត​​ហើយ​វិលត្រឡប់មករកព្រះវិញរបស់សាសន៍អ៊ីស្រាអែលពីបូរាណ នៅពេលដែលពួកហោរាប្រកាសសារនៃការស្តីបន្ទោសនោះដែរ។ពួកគេស្វែងរកព្រះដោយអស់ពីចិត្ត ដោយ​លន់​តួ​បាបរបស់ពួកគេ ព្រមទាំង​លះបង់ចោលផ្លូវលោកិយនេះ ថែមទៀតផង។ ការរៀបចំ​ខ្លួនដើម្បីទទួលព្រះជាម្ចាស់របស់ពួកគេ គឺជាបន្ទុករបស់ពួកជំនុំស្មោះត្រង់ដែលព្យាយាមអធិស្ឋាន។ មានការអធិស្ឋានយ៉ាងស្វិតស្វាញ និងការអំពាវនាវរកព្រះយ៉ាងអស់ពីចិត្ត។

សម្រែកពាក់កណ្តាលអធ្រាត្រនោះ មិនសូវមានការប្រកែកគ្នាច្រើនប៉ុន្មានទេ ព្រោះព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់លាស់។ ជាមួយគ្នានោះ ហាក់បីដូចជាមានអំណាចអ្វីម្យ៉ាងដែលជួយជំរុញនិងដឹកនាំចិត្តមនុស្ស។ អស់អ្នកដែលទទួលជឿនោះគ្មានមន្ទិលសង្ស័យអ្វីសោះឡើយ។ នៅពេលដែលព្រះយេស៊ូវកំពុងតែយាងចូលទៅក្រុងយេរូសាឡិម ហ្វូងមនុស្ស​ដែល​បានមកប្រជុំគ្នា ពីគ្រប់ទិសទីបាននាំគ្នាមកឯភ្នំដើមអូលីវ ហើយខណៈដែលពួកគេនាំគ្នារួមដំណើរជាមួយទ្រង់នោះ ពួកគេបាននាំគ្នាបន្លឺឡើងថា «មាន​ពរ​ហើយ ដ្បិតទ្រង់បានយាងមកក្នុងព្រះនាមរបស់ព្រះជាម្ចាស់» ម៉ាថាយ ២១:៩។ ដូចគ្នានោះដែរ អស់អ្នកដែលមិនជឿនឹងនាំគ្នាមកមើលការប្រជុំរបស់អ្នកដែលកំពុងរង់ចាំទាំងនោះ ដោយមានអ្នកខ្លះពោរពេញទៅដោយការងឿងឆ្ងល់ ឯអ្នកខ្លះទៀតក៏គ្រាន់តែ​មកចំអកឱ្យប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេទាំងនោះក៏នឹងឃើញអំណាចនៃការធ្វើឱ្យជឿ តាមរយៈសារដែល​ពួកគេ​បានឮទេវតាពោលថា «មើលន៎ កូនកំឡោះបានមកដល់ហើយ» នោះ។ នៅគ្រានោះ ព្រះបានឆ្លើយតបទៅនឹងការអធិស្ឋាន តាមរយៈសេចក្តី​ជំនឿ​របស់ពួកគេ ហើយសេចក្តីជំនឿនោះ គឺជាសេចក្តីជំនឿដែលជារង្វាន់របស់ពួកគេ។ ព្រះវិញ្ញាណនៃព្រះគុណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើអ្នកដែលស្វែងរកទ្រង់ដោយជំនឿ ដូចជាភ្លៀងដែលធ្លាក់ស្រោចស្រពលើផែនដី ដែលប្រេះក្រហែងដូច្នោះដែរ។ អស់អ្នកដែលរំពឹងថានឹងបានឈរចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់ មានពេញដោយក្តីអំណរ​ដែលមិន​អាចប្រៀបផ្ទឹមបាន។ ព្រះវិញ្ញាណបរិសុទ្ធដ៏ស្រទន់របស់ព្រះជាម្ចាស់បានបន្ទន់ចិត្តរបស់ពួកគេ សិរីរុងរឿងរបស់ព្រះ បានបក់មកលើរាស្ត្ររបស់ទ្រង់ ដែលពោរពេញទៅដោយជំនឿដូចជារលកសមុទ្រ ដែលបានបក់មកម្តងហើយម្តងទៀតដូច្នោះដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ របាក្សត្រទី២ ជំពូក​ ១៤

ខចងចាំ៖​​ ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ េពត្រុសទី២ ១:១៩

Powered by CAM