ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ។ ទំនុកតម្កើង ៣១:២៣-២៤
អំណានប្រចាំថ្ងៃ មិនព្រមលះបង់ចោល
អ្នកដែលមានជំនឿរឹងមាំនិងស្មោះត្រង់បានលះបង់អ្វីៗទាំងអស់របស់គេដើម្បីព្រះគ្រីស្ទ និងបានចែកចាយពីព្រះវត្តមានរបស់ព្រះដល់អ្នកដទៃដែលមិនធ្លាប់មានពីមុនមក។ ពួកគេបានចែកចាយពីការព្រមានចុងក្រោយរបស់ព្រះ ដល់ពិភពលោកនេះ។ ពួកគេបានអធិស្ឋានដោយទូលអង្វរថា «ឱព្រះអម្ចាស់ព្រះយេស៊ូវអើយ សូមយាងមក សូមទ្រង់ឆាប់យាងមក» ប៉ុន្តែទ្រង់មិនបានយាងមកសោះ។ ការដែលព្រះជាម្ចាស់មិនទាន់យាងមកនេះ បានធ្វើឱ្យពួកគេត្រូវរស់នៅដោយមានក្តីអាម៉ាស់ជាទីបំផុត ហើយការនេះក៏ជាការសាកល្បងសេចក្តីជំនឿ ហើយនិងភាពអត់ធ្មត់របស់ពួកគេដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការខកចិត្តនេះមិនស្មើទៅនឹងអ្វីដែលបានកើតមានឡើងដល់ពួកសាវក នៅគ្រាដែលព្រះយេស៊ូវបានយាងមកកាន់ផែនដីជាលើកទីមួយឡើយ។ នៅពេលដែលព្រះជាម្ចាស់កំពុងគង់លើខ្នងសត្វលា យាងចូលទៅក្នុងទីក្រុងយេរូសាឡិមដោយជោគជ័យ ពួកសាវកបាននាំគ្នាគិតថា ទ្រង់នឹងយាងមកគ្រងរាជ្យ គង់លើបល្ល័ង្ករបស់ស្តេចដាវីឌ ព្រមទាំងរំដោះពួកគេឱ្យរួចពីការត្រួតត្រារបស់ពួករ៉ូមថែមទៀតផង។ ដោយក្តីសង្ឃឹមយ៉ាងមោះមុត ពួកគេបានលើកតម្កើងព្រះថាជាស្តេច ហើយបាននាំគ្នាយកសំលៀកបំពាក់របស់គេ ព្រមទាំងធាងចាក ក្រាលលើផ្លូវថ្វាយទ្រង់យាង។ ពួកគេបាននាំគ្នាសរសើរតម្កើងដល់ទ្រង់ដោយពោលថា «ហូសាណាដល់ព្រះបុត្រារបស់ស្តេចដាវីឌ»។
ពួកផារិស៊ីមិនពេញចិត្តទាល់តែសោះ ចំពោះការដែលហ្វូងមនុស្សបាននាំគ្នាលើកតម្កើងព្រះគ្រីស្ទហើយបានទូលឱ្យព្រះយេស៊ូវស្តីបន្ទោសដល់សាវករបស់ទ្រង់។ ប៉ុន្តែ ព្រះទ្រង់បានមានបន្ទូលតបទៅពួកគេវិញថា «បើអ្នកទាំងនេះនៅស្ងៀម នោះដុំថ្មនឹងស្រែកឡើងវិញ» លូកា ១៩:៤០។ ពួកសាវកបានសម្រេចព្រះរាជបំណងរបស់ព្រះ តែពួកគេបែរជាទទួលរងនូវក្តីអស់សង្ឃឹមមួយយ៉ាងធំ ហើយពីរបីថ្ងៃក្រោយមក ពួកគេបានឃើញការសុគតរបស់ព្រះអង្គសង្គ្រោះ ហើយក៏បានបញ្ចុះព្រះសពរបស់ទ្រង់នៅក្នុងផ្នូរ ធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគេត្រូវបានរលាយបាត់ ជាមួយនឹងការសុគតរបស់ព្រះយេស៊ូវដែរ។ ពួកគេនៅតែអស់សង្ឃឹម ហើយក្រោយពីព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញហើយ ទើបពួកគេបានយល់អំពីបទទំនាយដែលបានទាយទុកថា «ព្រះគ្រស្ទីត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ» (កិច្ចការ ១៧:៣)។ តាមរបៀបនេះហើយដែលបទទំនាយត្រូវបានសម្រេច នៅក្នុងសាររបស់ទេវតាទីមួយ និងទីពីរ។ សារទាំងពីរនេះត្រូវបានប្រទានឱ្យនៅពេលដ៏ត្រឹមត្រូវ ហើយបានបំពេញភារកិច្ចរបស់ព្រះ ដែលទ្រង់បានចាត់ឱ្យបំពេញ តាមរយៈសារទាំងពីរនោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតារក្សត្រទី២ ជំពូក ២២
ខចងចាំ៖ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា។ េពត្រុសទី២ ១:១៩