ថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរទ្រង់បាននាំយើងខ្ញុំឲ្យជាប់មងហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំយើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ។ទំនុកតម្កើង ៦៦:១០-១២
អំណានប្រចាំថ្ងៃ ការបន្តទៅទៀតដោយជំនឿ
ពិភពលោកទាំងមូលបានរង់ចាំមើល ដោយរំពឹងថា ប្រសិនបើព្រះគ្រីស្ទមិនបានយាងមកតាមការកំណត់ទេ នោះសហគមន៍របស់អ្នកដែលរង់ចាំនឹងត្រូវរលាយបាត់ ហើយត្រូវបានគេបោះបង់ចោលជាមិនខាន។ ប៉ុន្តែ ទោះបីជាមនុស្សជាច្រើនបានបោះបង់សេចក្តីជំនឿរបស់គេ ដោយសារសេចក្តីល្បួងជាខ្លាំងនោះក៏ដោយ ក៏នៅតែមានមនុស្សខ្លះ នៅមានជំហរមាំដែរ។ ពួកគេមិនឃើញថាការគិតគូរពីរយៈពេលនៃបទទំនាយរបស់គេខុសនោះឡើយ។ ការចំអករបស់ពួកអ្នកមិនជឿមិនអាចធ្វើឱ្យពួកគេបាត់បង់ជំនឿទេ។ ទោះបីជាព្រះមិនបានយាងមកតាមពេលកំណត់ដែលពួកគេបានរង់ចាំក៏ដោយ ក៏ការនោះមិនអាចធ្វើឱ្យគេបាត់បង់សេចក្តីជំនឿលើព្រះបន្ទូលរបស់ព្រះដែរ។
ព្រះជាម្ចាស់មិនបានបោះបង់រាស្ត្រទ្រង់ចោលទេ។ ព្រះវិញ្ញាណរបស់ទ្រង់នៅតែគង់នៅជាមួយអស់អ្នកដែលនៅជាប់នឹងពន្លឺដែលខ្លួនបានទទួល ហើយមិនព្រមបោះបង់ការរង់ចាំដដែល។ ដោយមើលឃើញព្រឹត្តិការណ៍ទាំងឡាយដែលនឹងកើតឡើងនៅពេលអនាគត សាវកប៉ុលបានសរសេរសេចក្តីលើកទឹកចិត្តនិងការព្រមានដល់អ្នកដែលត្រូវបានសាកល្បង និងអ្នករង់ចាំការយាងមករបស់ព្រះគ្រីស្ទ នៅក្នុងវិបត្តិនេះថា «ដូច្នេះ កុំឱ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការសេចក្តីអត់ធ្មត់ ដើម្បីឱ្យបានទទួលសេចក្តី ដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ពីព្រោះនៅតែបន្តិចទៀត នោះព្រះអង្គដែលត្រូវមក ទ្រង់និងយាងមកមែន ឥតបង្អង់ឡើយ តែពួកមនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរ ចំពោះអ្នកនោះទេ តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឱ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសម្រាប់ឱ្យព្រលឹងបានសង្គ្រោះវិញ» ហេព្រើរ ១០:៣៥-៣៩។
ពួកគេមានវិធីដែលមានសុវត្ថិភាពតែមួយគត់ គឺត្រូវតែរក្សាពន្លឺដែលពួកគេបានទទួលពីព្រះ ដោយប្រកាន់ខ្ជាប់នូវសេចក្តីសន្យារបស់ទ្រង់ ហើយនិងបន្តសិក្សាស្វែងយល់ពីព្រះបន្ទូល ព្រមទាំង រង់ចាំទទួលពន្លឺដ៏ពិតបន្តទៀត។
អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតារក្សត្រទី២ ជំពូក ២៣:១-២៥
ខចងចាំ៖ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា។ េពត្រុសទី២ ១:១៩