ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ ហេព្រើរ ១០:២៣
អំណានប្រចាំថ្ងៃ
បទគម្ពីរដែលនៅពីលើគេបង្អស់ ជាមូលដ្ឋានគ្រឹះ និងជាសសរទ្រូងនៃជំនឿរបស់អ្នកដែលរង់ចាំនោះគឺ សេចក្តីប្រកាសនៅក្នុងគម្ពីរដានីយ៉ែល ៨:១៤ ដែលបានចែងថា «ដរាបដល់បានកន្លង ២៣០០ ថ្ងៃ (ព្រះគម្ពីរបរិសុទ្ធសរសេរថា ២៣០០ ព្រឹកនិងល្ងាច តែតាមន័យដើមគឺ ២៣០០ ល្ងាចនិងព្រឹក) ទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ»។ ទាំងអស់នេះគឺជាពាក្យដែលអ្នកកំពុងរង់ចាំការយាងមកឆាប់ៗរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា។ មនុស្សរាប់ពាន់នាក់បានសូត្របទទំនាយ នេះជាប់មាត់ ជាពាក្យនៃការចាំយាមរបស់គេ។ ពួកគេមានជំនឿថា ព្រឹត្តិការណ៍នោះហើយដែលនឹងធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគេក្លាយជាការពិត។ ថ្ងៃនៃបទទំនាយនេះត្រូវបានគេជឿថានឹងត្រូវមកដល់ នៅចុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ ១៨៤៤។ គ្រីស្ទានទាំងអស់ ព្រមទាំងអ្នកអាត់វេនទីស្ទបាននាំគ្នាជឿថាផែនដីនេះហើយគឺជាទីបរិសុទ្ធ ហើយការដែលទីបរិសុទ្ធនឹងត្រូវបានស្អាតឡើងវិញនោះ គឺជាការលាងសំអាតពិភពលោកនេះដោយភ្លើងនៅថ្ងៃចុងបំផុត ជាព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅពេលដែលព្រះគ្រីស្ទយាងមកជាលើកទីពីរ។ ដូច្នេះពួកគេក៏បានសម្រេចជឿថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកកាន់ផែនដីវិញនៅឆ្នាំ ១៨៤៤។
ប៉ុន្តែ ពេលដែលគេបានកំណត់នោះបានកន្លងផុតទៅ ព្រះជាម្ចាស់មិនបានយាងមកឡើយ។ ពួកគេជឿថាព្រះបន្ទូលរបស់ព្រះមិនដែលខុសទេ អ្វីដែលខុសនោះគឺជាការបកស្រាយបទទំនាយរបស់ពួកគេវិញទេ។ ប៉ុន្តែពួកគេនៅតែមិនអាចរកឃើញពីកំហុសនៃការបកស្រាយបទទំនាយនោះដដែល ហើយដោយមិនចង់បកស្រាយអ្វីច្រើន អ្នកខ្លះក៏បាននាំគ្នាបដិសេធថា ឆ្នាំ១៨៤៤ នោះ មិនមែនជាទីបញ្ចប់នៃរយៈពេល ២៣០០ ថ្ងៃនៃបទទំនាយទេ។ ពួកគេបានលើកហេតុផលថា ប្រសិនបើឆ្នាំ ១៨៤៤ ជាទីបញ្ចប់នៃ ២៣០០ ថ្ងៃនៃបទទំនាយមែននោះ ព្រះគ្រីស្ទប្រាដកជាយាងមកសំអាតពិភពលោកនេះដោយភ្លើងហើយ។ ប៉ុន្តែ ដោយសារតែទ្រង់មិនបានយាងមកវិញនៅពេលនេះ បានន័យថាទីបញ្ចប់របស់ ២៣០០ ថ្ងៃនៃបទទំនាយនោះមិនទាន់បានដល់ទីបញ្ចប់នៅឡើយទេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតារក្សត្រទី១ ជំពូក ៣:១-១៥
ខចងចាំ៖ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា។ េពត្រុសទី២ ១:១៩