ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហិបនៃសេចក្តីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ។ វិវរណៈ ១១:១៩
អំណានប្រចាំថ្ងៃ រោងឧបាសថនៅផែនដីនិងរោងឧបាសថនៅស្ថានសួត៌
ទោះបីជាមានអ្នករង់ចាំ (អាត់វេនទីស្ទ) មួយចំនួនបានបោះបង់អ្វីដែលជាការបកស្រាយបទទំនាយ ហើយបានបដិសេធថាការបកស្រាយបទទំនាយនោះមិនត្រឹមត្រូវ យ៉ាងណាក៏ដោយក៏នៅមានមនុស្សមួយក្រុមទៀតមិនព្រមលះបង់ជំនឿរបស់ខ្លួន ដែលមានមូលដ្ឋាននៅលើព្រះបន្ទូលនោះដែរ។ ពួកគេនៅតែមានជំនឿថា ពួកគេបានធ្វើការបកស្រាយបទទំនាយនេះ ផ្អែកលើគោលការរបស់ព្រះគម្ពីរទាំងស្រុង ហើយតួនាទីរបស់ពួកគេ គឺត្រូវតែរក្សានូវសេចក្តីពិតដែលពួកគេបានទទួលនេះ ហើយធ្វើការសិក្សាស្វែងយល់បនែ្ថមទៀតពីព្រះគម្ពីរ។ តាមរយៈការអធិស្ឋាន យ៉ាងអស់ពីចិត្ត ពួកគេក៏បាននាំគ្នាធ្វើការសិក្សា ស្វែងយល់ពីកំហុសនៃការបកស្រាយបទទំនាយនោះ។ ដោយពួកគេជឿជាក់ថា បំណកស្រាយស្តីពីរយៈពេលនៃបទទំនាយដែលពួកគេបានបកស្រាយពុំមានកំហុស ត្រង់ណានោះ ពួកគេក៏បានបែរទៅធ្វើការសិក្សាស្វែងយល់អំពីទីបរិសុទ្ធឱ្យបានស៊ីជម្រៅវិញម្តង។
តាមរយៈការសិក្សាយ៉ាងល្អិតល្អន់របស់គេ ពួកគេបានស្វែងយល់ឃើញថាទីបរិសុទ្ធនៅផែនដី ដែលលោកមូសេបានដំឡើង តាមបង្គាប់របស់ព្រះជាម្ចាស់ ហើយដែលបានបង្ហាញគំរូដល់គាត់នៅលើកំពូលភ្នំនោះ គឺជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ ហើយទីបរិសុទ្ធទាំងពីរ គឺជាគំរូពីរបស់នៅស្ថានសួគ៌ ឯព្រះគ្រីស្ទដែលជាសម្តេចសង្ឃរបស់យើងគឺជាអ្នកមានតួនាទីនៅទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះជាម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។ ពួកគេក៏បានស្វែងយល់ថា «ព្រះគ្រីស្ទមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានយាងចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្តនៃព្រះ តំណាងយើងរាល់គ្នា»។ ហេព្រើរ ៩:៩, ២៣; ៨:២, ៩:២៤។
ទីបរិសុទ្ធនៅស្ថានសួគ៌ ដែលព្រះគ្រីស្ទបានបំពេញតួនាទី តំណាងឱ្យយើងរាល់គ្នានោះ គឺជាទីបរិសុទ្ធដ៏ពិតប្រាដក ដែលលោកម៉ូសេបានយកគំរូតាម ដើម្បីដំឡើងនៅលើផែនដីនេះ។ ដូចដែលទីបរិសុទ្ធនៅផែនដីដែលមានពីរបន្ទប់នោះ ទីបរិសុទ្ធនៅស្ថានសួគ៌ក៏មានពីរបន្ទប់ដែរ គឺទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ រីឯហឹបនៃសេចក្តីសញ្ញារបស់ព្រះ អាសនាគ្រឿងក្រអូប ហើយនិងវត្ថុផ្សេងៗទៀត ដែលត្រូវប្រើក្នុងការប្រារពធ្វើពិធីនៅទីបរិសុទ្ធនៅផែនដីនេះ សុទ្ធតែយកគំរូតាមទីបរិសុទ្ធនៅលើស្ថានសួគ៌ទាំងអស់។ តាមរយៈការសំដែងឱ្យឃើញដ៏បរិសុទ្ធមួយ សាវកយ៉ូហានត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះនៅស្ថានសួគ៌ ហើយនៅទីនោះគាត់បានមើលឃើញជើងចង្កៀង ហើយនិងអាសនាគ្រឿងក្រអូប ហើយក្នុងខណៈដែលទីបរិសុទ្ធរបស់ព្រះត្រូវបានបើកឡើងនោះ គាត់ក៏បានឃើញហឹបនៃសេចក្តីសញ្ញារបស់ព្រះដែរ។ វិវរណៈ ៤:៥. ៨:៣. ១១:១៩។
អំណានព្រះគម្ពីរពេលល្ងាច៖ របាក្សត្រទី២ ជំពូក ៣
ខចងចាំ៖ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា។ េពត្រុសទី២ ១:១៩