ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។ អេភេសូ ២:៨
អំណានប្រចាំថ្ងៃ៖ មានតែព្រះវិញ្ញាណបរិសុទ្ធ ប៉ុណ្ណោះ ដែលអាចកែប្រែជីវិតមនុស្សបាន
មនុស្សច្រើនតែសួរសំណួរថា «ហេតុអ្វីបានជាមនុស្សជាច្រើននាក់និយាយថា ពួកគេជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនឃើញពួកគេកែប្រែពាក្យសម្តី កាយវិការ ឬក៏ចរិតលក្ខណៈដូច្នោះ? ពួកគេនៅតែខឹងនៅពេលដែលមានមនុស្សប្រឆាំងនឹងគម្រោងឬផែនការរបស់ពួកគេ ពួកគេប្រើពាក្យសម្តីអាក្រក់ ហើយព្យាយាមត្រួតត្រាលើអ្នកដទៃ? នៅក្នុងជីវិតរបស់ពួកគេនៅតែឃើញមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងដដែល អាត្មានិយមដដែល ខឹងនិងនិយាយសម្តីអាក្រក់ដដែល ទង្វើអស់ទាំងនោះឃើញមាននៅលើមនុស្សដែលមិនដឹងស្គាល់ព្រះយេស៊ូវ។ ពួកគេមានមោទនភាពដដែលពួកគេធ្វើទៅតាមសេចក្តីប្រាថ្នាខាងអំពើបាប ហើយមានចរិតលក្ខណៈអាក្រក់ដដែល ធ្វើហាក់បីដូចជាមិនដែលបានឮសេចក្តីពិតនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អ៊ីចឹង។ ហេតុផលនោះ គឺថាពួកគេមិនទាន់បានថ្វាយជីវិតរបស់ពួកគេទៅព្រះយេស៊ូវពិតប្រាកដនោះទេ។ ពួកគេមិនបានកប់មេដំបែនៃសេចក្តីពិតនៅក្នុងចិត្តនៅឡើយទេ។ មេដំបែនោះមិនមានឱកាសធ្វើការងាររបស់វានោះទេ។ ការចូលចិត្តនិងការបណ្តុះចិត្តគំនិតទៅរកផ្លូវអាក្រក់ពីធម្មជាតិមិនដែលបានចុះចូលទៅក្នុងការកែប្រែអំណាចនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ជីវិតរបស់ពួកគេបង្ហាញឲ្យឃើញពីអវត្តមាននៃព្រះគុណរបស់ព្រះយេស៊ូវ ហើយនិងភាពមិនមានជំនឿចំពោះអំណាចទ្រង់ដើម្បីកែប្រែចរិតលក្ខណៈរបស់ពួកគេឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៦៖ ១-៤
ខចងចាំ៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ»។ អេភេសូរ ២:៨