ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ រួចទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ។ លោកុប្បត្តិ ១:១១
អំណានប្រចាំថ្ងៃ៖ ការសិក្សាអំពីធម្មជាតិ នាំមកនូវព្រះពរដែលមើលមិនឃើញ
មេរៀនមានតម្លៃអាចបង្រៀននៅក្នុងក្រុមគ្រួសារនិងសាលារៀនអំពីការងារសាបព្រោះគ្រាប់ពូជរបស់កសិករនិងអំពីរបៀបគ្រាប់ពូជរីកលូតលាស់ទៅជាដើមរុក្ខជាតិ។ ជួយឲ្យកុមារនិងយុវវ័យឃើញការងាររបស់ព្រះជាម្ចាស់នៅក្នុងវត្ថុនៃធម្មជាតិ ហើយពួកគេនឹងទទួលយកដោយសេចក្តីជំនឿនូវព្រះពរដែលមើលមិនឃើញ។ ខណៈពេលដែលពួកគេយល់ការងារដ៏ល្អរបស់ព្រះជាម្ចាស់នៅក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការរបស់ក្រុមគ្រួសារដ៏អស្ចារ្យរបស់ទ្រង់ ហើយនិងរបៀបដែលយើងត្រូវចូលរួមសហការជាមួយទ្រង់ ពួកគេនឹងមានសេចក្តីជំនឿលើព្រះជាម្ចាស់ថែមទៀត ហើយនឹងដឹងពីអំណាចទ្រង់ថែមទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ដោយសារព្រះបន្ទូលរបស់ទ្រង់ព្រះជាម្ចាស់បានបង្កើតទាំងគ្រាប់ពូជនិងដីផង។ ដោយព្រះបន្ទូលរបស់ទ្រង់ ទ្រង់បានប្រទានថាមពលឲ្យគ្រាប់ពូជដុះនិងតពូជ។ ទ្រង់បានមានបន្ទូលថា«ចូរឲ្យដីដុះតិណជាតិឡើងគឺជាពួកស្មៅដែលមានគ្រាប់និងរុក្ខជាតិមានផ្លែតាមពូជដែលមានគ្រាប់ក្នុងផ្លែនោះ នៅផែនដី នោះក៏មានដូច្នោះ...រួចទ្រង់ឃើញថាល្អ»។ លោកុប្បត្តិ១ៈ១១,១២។ វាគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលនៅតែធ្វើឲ្យគ្រាប់ពូជលូតលាស់។រាល់គ្រាប់ពូជដែលដុះឡើងហើយលាស់ចេញស្លឹកថ្មីត្រូវនឹងពន្លឺថ្ងៃ ថ្លែងពីអំណាចនៃការបង្កើតដ៏អស្ចារ្យនៃព្រះបន្ទូលរបស់ទ្រង់ដែលទ្រង់ «គ្រាន់តែមានបន្ទូលនោះ ក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់ នោះក៏មាននៅ»។ទំនុកតម្កើង ៣៣ៈ៩
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖៤៣-៤៥
ខចងចាំ៖ «ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដី យ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្តីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ ក៏ស្រក់ជាសេចក្តីបរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១