ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្តីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង។ ពេត្រុសទី១ ១:១៣
អំណានប្រចាំថ្ងៃ៖ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ឃុំគ្រងយើង
មនុស្សអាត្មានិយម មនុស្សដែលស្រឡាញ់លុយ រស់នៅដើម្បីតែការពារទ្រព្យសម្បត្តិ កិត្តិយសរបស់ខ្លួន និងភាពសប្បាយរីករាយខាងលោកិយនេះតែប៉ុណ្ណោះ។ គេមិនបានគិតឬខ្វល់អំពីជីវិតអស់កល្បជាមួយព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ជាមួយនិងសាវ័កឬអ្នកដើរតាមព្រះយេស៊ូវ របស់របរខាងលោកិយនឹងមិនមាននៅក្នុងពេលវេលា និងលុយកាក់គេឡើយ។ ដើម្បីព្រះយេស៊ូវគេនឹងធ្វើការ ហើយលះបង់ខ្លួន ដែលអាចជួយដល់ការងារដ៏ធំដែលការងារនោះ គឺជាការងារសង្គ្រោះមនុស្ស ដែលមិនស្គាល់ព្រះយេស៊ូវហើយមិនមានក្តីសង្ឃឹមនៅក្នុងលោកិយនេះ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវមិនអាចយល់ពីមនុស្ស ដែលចិត្តគំនិតរបស់ពួកគេផ្ចង់ឬផ្តោតគំនិតទៅលើអ្វីៗដែលអស់កល្បនោះទេ។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវជាមួយនិងអំណាចនៃការប្រោសលោះបានមកចូលក្នុងចិត្តហើយ។ សេចក្តីស្រឡាញ់នេះគ្រប់គ្រងលើរាល់ហេតុផលរបស់យើង សម្រាប់ធ្វើការងារនានាហើយលើកតម្កើងអ្នកដែលមានវាពីលើឥទ្ធិពលដែលមិនល្អនៃលោកិយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងកែប្រែរបៀបទំនាក់ទំនងរបស់យើងជាមួយនិងមនុស្ស។ ដំបែនៃសេចក្តីពិតនឹងមិនបង្កើតអាកប្បកិរិយានៃការប្រកួតប្រជែងការស្រឡាញ់មហិច្ឆតាឬក៏សេចក្តីប្រាថ្នាចង់ធ្វើជាអ្នកទី១នោះទេ។ សេចក្តីស្រឡាញ់ដែលបានមកពីនគរឋានសួគ៌ពិតគឺមិនអាត្មានិយមហើយមិនប្រែប្រួលទៅតាមកាលៈទេសៈដែរ។ វាមិនអាស្រ័យទៅលើការកោតសរសើររបស់មនុស្សទេ។ ចិត្តរបស់អ្នកដែលទទួលព្រះគុណរបស់ព្រះជាម្ចាស់ពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះព្រះនិងចំពោះអ្នកដែលព្រះយេស៊ូវសុគតជំនួស។ អ្នកនោះគេលែងធ្វើអ្វីៗដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍នឹងខ្លួនទៀតហើយ។ អ្នកនោះស្រឡាញ់អ្នកដទៃពីព្រោះព្រះយេស៊ូវបានសុគតដើម្បីពួកគេមិនមែនដោយសារពួកគេស្រឡាញ់និងធ្វើឲ្យអ្នកនោះសប្បាយចិត្តឬក៏មកពីពួកគេពេញចិត្តនឹងភាពបុិនប្រសប់របស់គេនោះទេ។ បើសិនជាចិត្តពាក្យសម្តីឬក៏កាយវិការរបស់ពួកគេ ត្រូវបានយល់ខុសឬត្រូវគេយកទៅរាយការណ៍ខុសគេមិនអាក់អន់ស្រពន់ចិត្តនោះទេ ប៉ុន្តែ ធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។ គេចិត្តល្អហើយចេះគិត មិនចេះនិយាយលើកខ្លួនឯងតែពោរពេញទៅដោយសេចក្តីសង្ឃឹម តែងតែជឿជាក់នៅក្នុងសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់នៃព្រះជាម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៦៖ ១៣-២៨
ខចងចាំ៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ»។ អេភេសូរ ២:៨