ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ទីជំរៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ យ៉ូប ២៨:១៤-១៥
អំណានប្រចាំថ្ងៃ៖ ជីវិតអស់កល្ប គឺជាទ្រព្យសម្បត្តិដែលមិនត្រូវបាត់បង់
ព្រះអង្គសង្គ្រោះទតឃើញថា មនុស្សជក់ចិត្តក្នុងការរកលុយកាក់ហើយមើលលែងឃើញនូវអ្វីដែលមានសារៈប្រយោជន៍អស់កល្បហើយ។ទ្រង់បានព្យាយាមកែប្រែអំពើអាក្រក់នេះ។ ទ្រង់ខិតខំបំបែកមន្តអាគមដែលធ្វើឲ្យចិត្តពិការ។ ទ្រង់មានបន្ទូលដោយស្រែកយ៉ាងខ្លាំងថា «ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?» ម៉ាថាយ ១៦ៈ២៦។ ទ្រង់ប្រាប់មនុស្សដែលមានបាបអំពីពិភពលោកដែលគ្មានបាបដែលពួកគេមិនយកភ្នែកមើល ទ្រង់ចង់ឲ្យពួកគេយល់ពីអ្វីដែលសំខាន់បើសិនជាពួកគេបានទទួលជីវិតអស់កល្បជានិច្ច។ ទ្រង់នាំពួកគេទៅឯបល្ល័ង្ករបស់ព្រះជាម្ចាស់គ្របដណ្តប់ទៅដោយសិរីល្អរបស់ព្រះជាម្ចាស់ដែលមិនអាចពិពណ៌នាបានហើយបង្ហាញដល់ពួកគេនូវកំណប់ទ្រព្យនៅទីនោះ។ តម្លៃនៃកំណប់ទ្រព្យនេះគឺមានតម្លៃលើសពីមាស ឬប្រាក់ទៅទៀត។ ទ្រព្យសម្បត្តិរ៉ែនៅផែនដីមិនអាចប្រៀបផ្ទឹមជាមួយវាបានឡើយ។
«ទីជម្រៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅក្នុងខ្ញុំដែរ។ នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាមិនបាន។ មាស ហើយនិងពេជ្រនឹងផ្ទឹមស្មើមិនបានឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។ មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេដ្បិតប្រាជ្ញាមានតម្លៃច្រើនលើសជាងត្បូងទទឹមទៅទៀត»។ យ៉ូប ២៨ៈ១៤-១៨។
នេះគឺជាកំណប់ទ្រព្យដែលមាននៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរគឺជាសៀវភៅមេរៀនដ៏ល្អអស្ចារ្យរបស់ព្រះជាម្ចាស់គឺជាសៀវភៅអប់រំយ៉ាងល្អ។ មូលដ្ឋានគ្រឹះលើគ្រប់វិទ្យាសាស្ត្រពិតទាំងអស់ គឺមាននៅក្នុងព្រះគម្ពីរ។ ចំណេះដឹងលើគ្រប់វិស័យអាចរកឃើញដោយការស្រាវជ្រាវព្រះបន្ទូលរបស់ព្រះជាម្ចាស់។សំខាន់ជាងអ្វីៗទាំងអស់ព្រះគម្ពីរមានវិទ្យាសាស្ត្រនៃសេចក្តីសង្គ្រោះដែលសំខាន់ជាងវិទ្យាសាស្ត្រណាៗទាំងអស់។ ព្រះគម្ពីរគឺប្រៀបដូចជារ៉ែមាសពោរពេញទៅដោយតម្លៃសេចក្តីពិតអំពីព្រះយេស៊ូវ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៨៖ ១៥-៣៥
ខចងចាំ៖ «មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ»។ ម៉ាថាយ ១៣:៤៤