ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។ លូកា ២:៤០
អំណានប្រចាំថ្ងៃ៖ ខ្ញុំអាចធ្វើបានគ្រប់យ៉ាង តាមរយៈព្រះយេស៊ូវដែលផ្តល់កម្លាំងដល់ខ្ញុំ
មនុស្សអាចសម្រេចបានតិចតួចណាស់បើប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែ បើសិនជាគេរួមគ្នាជាមួយព្រះយេស៊ូវគេអាចធ្វើអ្វីគ្រប់យ៉ាងតាមរយៈកម្លាំងដែលព្រះយេស៊ូវប្រទានឲ្យ។
ការរីកលូតលាស់បន្តិចម្តងៗរបស់រុក្ខជាតិចេញពីគ្រាប់គឺជាមេរៀននៃរឿងប្រៀបប្រដូចនៅក្នុងការបង្ហាត់កុមារ។ គឺ«មុនដំបូងចេញជាពន្លករួចបែកជាកួរក្រោយទៀតចេញជាគ្រាប់»។ ម៉ាកុស ៤ៈ២៨។ ព្រះយេស៊ូវដែលជាអ្នកមានបន្ទូលអំពីរឿងនេះគឺដូចគ្នាទៅនឹងព្រះជាម្ចាស់ដែលបានបង្កើតគ្រាប់ពូជដ៏តូចនោះដែរ ដែលផ្តល់ឲ្យវានូវអ្វីដែលវាត្រូវការដើម្បីឲ្យវាលូតលាស់ហើយបង្កើតច្បាប់ដែលគ្រប់គ្រងលើការលូតលាស់របស់វា។ ហើយសេចក្តីពិតដែលរឿងប្រៀបប្រដូចបានបង្រៀនគឺជារឿងពិតនៅក្នុងជីវិតរបស់ទ្រង់។ ទាំងព្រះកាយនិងលក្ខណៈខាងព្រលឹងវិញ្ញាណរបស់ទ្រង់ទ្រង់ធ្វើតាមគម្រោងផែនការនៃការលូតលាស់របស់ព្រះជាម្ចាស់ដូចដែលបានពន្យល់បង្ហាញតាមរយៈដើមរុក្ខជាតិ។ ព្រះយេស៊ូវអង្គនេះចង់ឲ្យយុវវ័យគ្រប់រូបធ្វើដូច្នោះដែរ។
ថ្វីបើព្រះយេស៊ូវគឺជាក្សត្រនៃនគរឋានសួគ៌ដែលវិសេស ហើយមានសិរីល្អទ្រង់ចាប់កំណើតជាព្រះឱរសនៅក្នុងទីក្រុងបេថ្លេហិមហើយមានពេលមួយទ្រង់ក៏ធ្លាប់រស់នៅជាកូនតូចដែលធ្វើការមិនកើត ស្ថិតនៅក្នុងការមើលថែរក្សារបស់ម្តាយដែរ។ នៅក្នុងវ័យកុមារទ្រង់បានធ្វើជាក្មេងស្តាប់បង្គាប់។ទ្រង់មានបន្ទូលនិងមានកាយវិការតាមចំណេះបែបកុមារ ហើយមិនមែនបែបមនុស្សធំពេញវ័យនោះឡើយ។ ជាមួយនិងសមត្ថភាពជាកុមារទ្រង់គោរពប្រតិបត្តិឪពុកម្តាយទ្រង់ធ្វើតាមសេចក្តីប្រាថ្នារបស់ពួកគាត់តាមរបៀបដែលមានប្រយោជន៍។ ប៉ុន្តែ នៅតាមដំណាក់កាលនីមួយៗនៃការលូតលាស់របស់ទ្រង់ទ្រង់មានលក្ខណៈល្អឥតខ្ចោះជាមួយនិងភាពសាមញ្ញ អត្តចរិតពីធម្មជាតិ នៃជីវិតដែលគ្មានបាប។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះគម្ពីរនិយាយអំពីកាលទ្រង់នៅវ័យកុមារ «ឯព្រះឱរសក៏កាន់តែមានវ័យចម្រើនឡើងប្រកបដោយប្រាជ្ញាដ៏ពោរពេញហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង»។ ព្រះគម្ពីរ បានសរសេរអំពីយុវភាពរបស់ទ្រង់ថា «ព្រះយេស៊ូវក៏កាន់តែធំប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះនិងចិត្តមនុស្សផង»។ លូកា ២ៈ៤០,៥២។
នេះប្រាប់យើងនូវរឿងអំពីការងាររបស់ឪពុកម្តាយនិងគ្រូបង្រៀន។ ពួកគេត្រូវជួយការរីកលូតលាស់នៃអត្តចរិតរបស់យុវវ័យតាមដំណាក់កាលនីមួយៗនៃជីវិតដើម្បីឲ្យពួកគេរីកចម្រើនតាមបែបធម្មជាតិដូចរុក្ខជាតិនៅក្នុងសួនច្បារ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖២៤-៣០
ខចងចាំ៖ «ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដី យ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្តីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ ក៏ស្រក់ជាសេចក្តីបរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១