​​ ថ្ងៃសុក្រ ទី៦​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា។ ម៉ាថាយ ១៩:១៤​

អំណានប្រចាំថ្ងៃ៖ ​កុមារតូចៗអាចធ្វើជាគ្រីស្ទានបាន

កុមារដែលមានចរិតលក្ខណៈល្អបំផុតបានធំរីកចម្រើនឡើងនៅក្នុងបរិយាកាសធម្មជាតិសាមញ្ញមិនប៉ះពាល់ឬទទួលឥទ្ធិពលនៃអំពើបាបរបស់លោកិយនៅជុំវិញខ្លួនពួកគេ។ វាមិនមែនជារឿងល្អទេដែលគាំទ្រសេចក្តី​អំនួតរបស់ក្មេងដោយបន្តសរសើរនូវអ្វីដែលពួកគេធ្វើ ហើយថាតាមពាក្យដែលពួកគេនិយាយនៅចំពោះមុខពួកគេ។ មិនត្រូវជម្រុញ ឬលើកទឹកចិត្តភាពអំនួតឬមោទនភាពដោយបន្តសរសើរពាក្យសម្តីកាយវិការរបស់ពួកគេ ឬក៏ពួក​គេស្អាតយ៉ាងណានោះទេ។ ពួកគេក៏មិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលថ្លៃឬឆើតឆាយដែរ។ ធ្វើបែបនេះនាំឲ្យពួកគេមានអំនួត ហើយនាំឲ្យពួកគេមានចិត្តច្រណែនឈ្នានីសនឹងមិត្តភក្តិរបស់ពួកគេ។

ត្រូវអប់រំបង្រៀនកុមារតូចៗតាមរបៀបងាយៗឲ្យសមទៅតាមអាយុរបស់ពួកគេ។ ត្រូវបង្ហាត់បង្រៀនពួកគេឲ្យចេះជួយការងារតូចតាចដោយពេញចិត្តនិងសប្បាយរីករាយ ហើយនឹងមានបទពិសោធន៍សមទៅតាមអាយុរបស់ពួកគេ។ នៅក្នុងរឿងប្រៀបប្រដូចស្លឹកដំបូងតំណាងឲ្យវ័យកុមារ ហើយនោះគឺជាស្លឹកដំបូងដែលមានសម្រស់ស្រស់ស្អាតពិសេសរបស់ខ្លួន។ មិនត្រូវបង្ខំកុមារឲ្យឆាប់ធំពេញវ័យទេ តែត្រូវទុកឲ្យពួកគេធំទៅតាមធម្មជាតិរបស់ពួកគេឲ្យពួកគេមានភាពស្រស់បំព្រងនិងសក្តិសមទៅនឹងវ័យកុមាររបស់ពួកគេ។

កុមារតូចៗអាចជាគ្រីស្ទានមានសេចក្តីជំនឿនិងបទពិសោធន៍សមទៅតាមអាយុកាលរបស់ពួកគេ។ ទាំងអស់នេះគឺជាអ្វីដែលព្រះជាម្ចាស់​រំពឹងចង់ឃើញពួកគេ។ កុមារត្រូវការ ការបង្រៀនអប់រំខាងព្រលឹងវិញ្ញាណ ហើយឪពុកម្តាយត្រូវផ្តល់ឱកាសឲ្យពួកគេរៀបចំបង្កើតអត្តចរិត​ឲ្យដូចជា​ព្រះយេស៊ូវ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖៣១-៣៥

ខចងចាំ៖​​ «ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​​ផ្គត់ផ្គង់​​​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​ យ៉ាង​នោះ ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយសេចក្តី​សប្បុរស​នៃ​ទ្រង់​វិល​ខួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ ក៏​ស្រក់​ជា​សេចក្តី​បរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១

Powered by CAM