ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ ដ្បិតនឹងឲ្យដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយក ទាំងរបស់អ្វី ដែលអ្នកនោះមានផង ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ម៉ាថាយ ២៥:២៦-៣០
អំណានប្រចាំថ្ងៃ៖ អ្នកធ្វើការងារដែលខ្ជិល គឺត្រូវបានកាត់ក្តីទៅតាមការងាររបស់ខ្លួន
ជាមួយនិងច្បាប់ធម្មជាតិរបស់ព្រះជាម្ចាស់លទ្ធផលដែលបានមកគឺតែងតែអាស្រ័យទៅលើអ្វីដែលដាក់បញ្ចូលទៅ។ ផលដែលប្រមូលបាននឹងបញ្ជាក់ប្រាប់ថាការសាបព្រោះនោះមានលក្ខណៈយ៉ាងណា។ អ្នកធ្វើការងារដែលខ្ជិលគឺត្រូវមើលទៅលើការងារដែលគេធ្វើ។ ការប្រមូលផលគឺជាភស្តុតាងបញ្ជាក់ឲ្យឃើញពីការងាររបស់អ្នកនោះ។ ខាងព្រលឹងវិញ្ញាណក៏ដូច្នោះដែរភាពស្មោះត្រង់និងការខិតខំយកចិត្តទុកដាក់របស់អ្នកធ្វើការងារគឺថ្លឹងថ្លែងដោយលទ្ធផលនៃការងាររបស់អ្នកនោះឯង។ លក្ខណៈនៃការធ្វើការងាររបស់អ្នកនោះបានល្អឬមិនបានល្អគឺត្រូវបានបង្ហាញឲ្យឃើញនៅពេលប្រមូលផលឬក៏ពេលចេញជាលទ្ធផល។ គឺតាមរយៈនេះហើយដែលអនាគតអស់កល្បរបស់គេត្រូវបានកំណត់ជាក់ច្បាស់។
គ្រាប់ពូជដែលបានសាបព្រោះទៅ ផ្តល់ផលចេញមកពីគ្រាប់តាមប្រភេទដូចគ្នា។ នេះក៏ជារឿងពិតដែរ ចំពោះមនុស្ស។ យើងទាំងអស់គ្នាត្រូវសាបព្រោះគ្រាប់ពូជនៃសេចក្តីអាណិតមេត្តានិងសេចក្តីស្រឡាញ់ព្រោះថាយើងនឹងប្រមូលផលបាននូវអ្វីដែលយើងសាបព្រោះទៅ។ រាល់ចរិតលក្ខណៈនៃភាពអាត្មានិយមការស្រឡាញ់ខ្លួនឯងការគោរពឬជឿទុកចិត្តលើខ្លួនឯងរាល់អំពើនៃការធ្វើអ្វីតាមតែចិត្តខ្លួនឯងនឹងនាំឲ្យទទួលបានផលដូច្នោះដែរ។ អស់អ្នកដែលរស់ដើម្បីខ្លួនឯងគឺសាបព្រោះដល់ខាងឯសាច់ឈាមដែលនាំឲ្យវិនាសវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖៣៦-៤៣
ខចងចាំ៖ «ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដី យ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្តីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ ក៏ស្រក់ជាសេចក្តីបរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១