​​ ថ្ងៃសៅរ៍ ទី១១​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ។ កិច្ចការ ៤:៣២-៣៣

អំណានប្រចាំថ្ងៃ៖ ​ការស្វែងរកព្រះយេស៊ូវ គឺជាការស្វែងរកជីវិត

នៅពេលដែលអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតនៅលើមនុស្ស ពួកគេបានលើកតម្កើងព្រះយេស៊ូវ។ ដោយសេចក្តីជំនឿ អ្នកមានជំនឿទាំងនេះបានឃើញព្រះយេស៊ូវ ជាព្រះដែលទទួលយកភាពអាម៉ាស់ ការឈឺចាប់វេទនា និងការសុគតដើម្បីកុំឲ្យពួកគេត្រូវបំផ្លាញ ប៉ុន្តែឲ្យមាន​​​ជីវិត​​អស់​កល្បវិញ។ ការងារនៃព្រះវិញ្ញាណបរិសុទ្ធគឺ​បង្ហាញសេចក្តីពិតអំពីព្រះយេស៊ូវ នាំមនុស្សឲ្យយល់ពីអំណាចនិងឫទ្ធិបារមីដែលជារបស់ផងព្រះយេស៊ូវ ហើយក្នុងការឆ្លើយតបប្រជារាស្ត្របានលើកដៃឡើងដោយសេចក្តីជំនឿទាំងនិយាយថា «ខ្ញុំជឿ»។

ដំណឹងល្អអំពីព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញត្រូវបានបង្រៀននៅគ្រប់ទីកន្លែងនៃពិភពលោក។ មនុស្សមកពីកន្លែងឬប្រទេសផ្សេងៗបានក្លាយទៅជាសមាជិកព្រះវិហាររបស់ព្រះជាម្ចាស់។ ក្រុមជំនុំបានចូល​ជឿ​ម្តងទៀត។ អ្នកមានអំពើបាបបានចូលរួមជាមួយពួកគ្រីស្ទាន ស្វែងរកគុជ​ឬកែវមុក្តាដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន។ បទទំនាយត្រូវបានបំពេញពួកអ្នកដែលទន់ខ្សោយនឹងមានកម្លាំងឡើង «ដូចព្រះបាទដាវីឌ ហើយពូជ​ពង្សរបស់ព្រះបាទដាវីឌមានអំណាចខ្លាំងក្លា» ដូចទេវតារបស់ព្រះអម្ចាស់។សាការី១២ៈ៨។ ពួកគ្រីស្ទានបានឃើញសេចក្តីស្រឡាញ់និងចិត្តសប្បុរសនៃព្រះយេស៊ូវចំពោះគ្នាទៅវិញទៅមក។ ពួកគ្រីស្ទានរួមសាមគ្គីគ្នាក្នុងចំណាប់អារម្មណ៍ឬគោលដៅតែ១ដែលនោះគឺដើម្បីឲ្យមានលក្ខណៈដូចជាព្រះយេស៊ូវដើម្បីឲ្យមានចរិតលក្ខណៈរបស់ទ្រង់ ហើយនិងធ្វើការដើម្បីឲ្យនគររបស់ទ្រង់​រីកចម្រើនលូតលាស់។ «អ្នកជឿទាំងអម្បាលម៉ានមានចិត្តថ្លើមតែមួយគ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ក្រុមសាវ័ក បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ។ កិច្ចការ ៤ៈ៣២,៣៣។ «ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះមកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ»។ កិច្ចការ២ៈ៤៧។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានជីវិតថ្មីដល់ពួកគ្រីស្ទានទាំងអស់ ពីព្រោះពួកគេបានរកឃើញគុជឬកែវមុក្តាដែលមានតម្លៃខ្ពស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២២៖២៣-៣៣

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM