ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទម្លាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ។ ម៉ាថាយ ១៣:៤៧
អំណានប្រចាំថ្ងៃ៖ ចូរសម្លឹងមើលទៅឯព្រះយេស៊ូវ កុំសម្លឹងមើលទៅមនុស្ស
ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីហើយគេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នោះដែរ។ពួកទេវតានាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិតរួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ ម៉ាថាយ ១៣ៈ៤៧-៥០។
នៅក្នុងការបង្រៀនឬការអធិប្បាយរឿងប្រៀបប្រដូចនៃដំណឹងល្អនេះគឺតំណាងដោយការបង់សំណាញ់ ឬរាយអួន។ ការបង្រៀនឬការអធិប្បាយអំពីដំណឹងល្អប្រមូលផ្តុំទាំងមនុស្សល្អនិងមនុស្សអាក្រក់ចូលទៅក្នុងព្រះវិហារ។ កាលណាដំណឹងល្អបានផ្សព្វផ្សាយពាសពេញពិភពលោកហើយការងារនៃការកែប្រែចិត្តមនុស្សត្រូវបានបញ្ចប់ការជំនុំជម្រះនឹងកើតមានឡើង ហើយមនុស្សអាក្រក់នឹងត្រូវបានញែកចេញពីពួកមនុស្សសុចរិត។ព្រះយេស៊ូវបានទតឃើញវត្តមាននៃពួកមនុស្សអាក្រក់នៅក្នុងព្រះវិហាររបស់ទ្រង់ជាហេតុនាំឲ្យមនុស្សដទៃទៀតនិយាយអាក្រក់អំពីសាសនាគ្រីស្ទ។ពួកមនុស្សនឹងនិយាយរិះគន់ពីដំណឹងល្អដោយសារតែទង្វើឬសកម្មភាពនិងពាក្យសម្តីនៃអស់អ្នកដែលនៅក្នុងព្រះវិហារ ប៉ុន្តែអ្នកទាំងនោះគឺជាអ្នកដែលមិនអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចិត្តរបស់ពួកគេ។ សូម្បីតែពួកគ្រីស្ទានខ្លះនឹងលះបង់សេចក្តីជំនឿរបស់ពួកគេដែរ ពេលដែលពួកគេឃើញជីវិតអ្នកដទៃដែលហៅខ្លួនឯងថា ជាគ្រីស្ទាន ប៉ុន្តែមិនត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណបរិសុទ្ធ។ ពីព្រោះអ្នកមានបាបទាំងនេះ គឺជាសមាជិកនៃព្រះវិហារគ្រីស្ទាន មនុស្សខ្លះនឹងគិតថា ព្រះជាម្ចាស់អត់ឱនទោសឲ្យពួកគេទោះបីជាពួកគេនៅតែប្រព្រឹត្តិអំពើបាបតទៅទៀតក៏ដោយ។ ចំពោះហេតុផលនេះព្រះយេស៊ូវបានអនុញ្ញាតឲ្យយើងឃើញទៅដល់ពេលអនាគតហើយដឹងថា គឺជាចរិតលក្ខណៈរបស់យើងមិនមែនជាមុខងារ ឬតួនាទីរបស់យើងទេដែលសម្រេចថា តើយើងត្រូវទទួលបានជីវិតអស់កល្ប ឬក៏ស្លាប់អស់កល្បនោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២២៖៤១-៤៦
ខចងចាំ៖ «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ»។ យ៉ូហាន ៥:៣៩