​​ ថ្ងៃអង្គារ ទី១៤​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១០-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ម៉ាថាយ ១៣:៤៩-៥០

អំណានប្រចាំថ្ងៃ៖ ​ជីវិតនេះ គឺជាឱកាសតែ១គត់ ដើម្បីឲ្យបានជីវិតអស់កល្ប

ទាំងរឿងប្រៀបប្រដូចអំពីស្រង៉ែនិងទាំងរឿងប្រៀបប្រដូចអំពីសំណាញ់ឬអួនបង្រៀនយើងយ៉ាងច្បាស់ថា នឹងមិនមានពេលដែលមនុស្សអាក្រក់ទាំងអស់នឹងងាកទៅរកព្រះជាម្ចាស់ឡើយ។ ស្រូវនិងស្រង៉ែដុះនៅលាយឡំជាមួយគ្នារហូតទាល់តែ ដល់ពេលប្រមូលផល។ ត្រីល្អនិងត្រីដែលមិនល្អនៅលាយឡំគ្នានៅពេលដែលលើកមកលើមាត់សមុទ្រជាកន្លែងដែលគេញែកត្រីល្អពីត្រីមិនល្អ។

រឿងប្រៀបប្រដូចទាំងនេះបង្រៀនថា នៅពេលការជំនុំជម្រះចប់សព្វគ្រប់គឺគ្មានឱកាសជាលើកទី២ឡើយ។ នៅពេលដែលការងារផ្សាយដំណឹងល្អត្រូវបានចប់សព្វគ្រប់នឹងមានការញែកចេញរវាងអាក្រក់និងល្អ។ អនាគតនៃក្រុមនីមួយៗនឹងត្រូវបានសម្រេចជារៀងរហូត។ ព្រះជាម្ចាស់មិនចង់បំផ្លាញអ្នកណាម្នាក់ឡើយ។ «ចូរឆ្លើយទៅពួកគេវិញថា យើងជាព្រះដែលមាន​ជីវិត​គង់នៅ យើងក៏មិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើង​ចង់​​ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្ស​អុីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ អេសេគាល ៣៣ៈ១១។ នៅក្នុងអំឡុងពេលនេះ មុនពេល ជំនុំជម្រះ​​ត្រូវបានបញ្ចប់ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅក្នុងចិត្ត របស់មនុស្ស​នានា សូមអង្វរពួកគេឲ្យកែប្រែចិត្ត។ គឺមានតែពួកអ្នកដែលបដិសេធមិនទទួលការអង្វររបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងត្រូវបានបំផ្លាញចោល។ ព្រះ​ជាម្ចាស់​បានប្រាប់ឲ្យដឹងថា អំពើបាបត្រូវតែបំផ្លាញចោល ពីព្រោះនៅ​ទីបំផុត​វត្តមាន​របស់វា នឹងបំផ្លាញសេចក្តីសុខរបស់ពិភពលោក។ អស់អ្នក​ដែលសុខ​ចិត្ត​តោងទៅនឹងអំពើបាប នឹងត្រូវបានបំផ្លាញចោល នៅពេលដែលអំពើ​បាប​ត្រូវ​បានបំផ្លាញចោល។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៣៖១-១២

ខចងចាំ៖​​ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។ យ៉ូហាន ៥:៣៩

Powered by CAM