​​ ថ្ងៃពុធ ទី១៥​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-១១)​

អ្វីដែលថ្មីនិងចាស់

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះអម្ចាស់ ។ ម៉ាថាយ ១៣:៥១

អំណានប្រចាំថ្ងៃ៖ ​ការចែកចាយ ធ្វើឲ្យអ្នកកើនទ្រព្យ

ខណៈពេលដែលព្រះយេស៊ូវកំពុងតែបង្រៀន ពួកមនុស្សដែលប្រមូលផ្តុំនៅជុំវិញទ្រង់ ព្រះអង្គក៏បានបង្រៀនពួកសាវ័ករបស់ទ្រង់ នៅក្នុងការរៀបចំសម្រាប់ការងារនាពេលអនាគត ឬពេលខាងមុខរបស់ពួកគេ។ គ្រប់យ៉ាងដែលទ្រង់បានបង្រៀន គឺមានមេរៀនសម្រាប់សាវ័ករបស់ទ្រង់។ បន្ទាប់ពីការនិទានអំពីរឿងប្រៀបប្រដូច អំពីសំណាញ់ ឬអួនរួចមក ទ្រង់បានទូលសួរសាវ័ករបស់ទ្រង់ថា «តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»ពួកសាវ័កទូលព្រះអង្គថា ៖ «បាទយល់»។ ទ្រង់ក៏មានព្រះបន្ទូលអំពីរឿងថ្មីមួយទៀត ដែលរឿងនោះ នឹងជួយឲ្យពួកសាវ័ក យល់អំពីតួនាទីរបស់​ពួកគេ ចំពោះសេចក្តីពិត ដែលពួកគេបានទទួលនោះ។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា ៖ «ហេតុនេះហើយ បានជាពួកអាចារ្យ​ ដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹង ម្ចាស់ផ្ទះ ដែលយកទ្រព្យទាំងចាស់ ទាំងថ្មី ចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ» ម៉ាថាយ ១៣ៈ៥១,៥២។

អ្នកម្ចាស់ផ្ទះ មិនបានទុកទ្រព្យសម្បត្តិ ដែលខ្លួនបានប្រមូលមក សម្រាប់ខ្លួនឯងឡើយ។ គាត់បានចែកចាយនូវអ្វី ដែលគាត់បាន រៀនចេះដឹង។ ហើយខណៈពេល ដែលគាត់ចែកចាយទ្រព្យសម្បត្តិ គាត់បាន​សម្រើន​ឡើង។ អ្នកម្ចាស់ផ្ទះមានរបស់មានតម្លៃទាំងថ្មីនិងចាស់។ នៅក្នុងរឿងប្រៀបប្រដូចទាំងនេះព្រះយេស៊ូវបង្រៀនថា សេចក្តីពិតដែលព្រះជាម្ចាស់បានប្រទានឲ្យដល់យើងគឺត្រូវចែកចាយជាមួយនឹងមនុស្សពាសពេញ​ពិភពលោក។ យើងក៏ត្រូវយល់ដែរថា កាលណាយើងចែកចាយ សេចក្តីពិត ទាំងនេះ ចំណេះដឹងនៃសេចក្តីពិតនឹងកើនឡើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៣៖១៣-៣៦

ខចងចាំ៖​​ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។ យ៉ូហាន ៥:៣៩

Powered by CAM