ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ក៏មានព្រះបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។ ម៉ាថាយ ១៣:៥២
អំណានប្រចាំថ្ងៃ៖ ត្រូវតែចែកចាយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ
មនុស្សម្នាក់ៗដែលទទួលយកដំណឹងល្អ ចូលទៅក្នុងចិត្តនឹងចង់ចែកចាយវាជាមួយអ្នកដទៃ។ នៅពេលដែលយើងទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចូលក្នុងចិត្តរបស់យើង យើងត្រូវតែចែកចាយវា។ អស់អ្នកដែលបានស្លៀកសម្លៀកបំពាក់នៃសេចក្តីសុចរិតរបស់ព្រះយេស៊ូវ នឹងចែកចាយជាមួយអ្នកដទៃ ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំពួកគេខណៈពេលដែលពួកគេបានស្វែងរកស្គាល់ព្រះ និងព្រះយេស៊ូវ ជាព្រះរាជបុត្រាតែ១របស់ទ្រង់ ដែលទ្រង់បានចាត់មក។ ពួកគេនឹងចែកចាយនូវ អ្វីដែលពួកគេបានរៀន ពីការរៀនព្រះគម្ពីរនិងពីរបៀប ដែលព្រះជាម្ចាស់ បានឮនិងបានឆ្លើយតបទៅនឹងសេចក្តីអធិស្ឋានរបស់ពួកគេ។ ពួកគេនឹងប្រាប់ពីការឈឺចិត្តនៅពេលដែល ពួកគេគិតអំពីអំពើបាប ដែលពួកគេបានប្រព្រឹត្តិុ ប្រឆាំងនឹងព្រះជាម្ចាស់ ហើយនិងពាក្យនៃបន្ទូលដែលថា «អំពើបាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ» បាននាំសេចក្តីសុខនិងសេចក្តីអំណរ ដល់ ពួកគេ។ នៅពេលដែលពួកគេ បានពោរពេញទៅដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ មនុស្សនោះនឹង មិនអាចរក្សារឿងនេះជាអាថ៌កំបាំងបានទេ។ ពួកគេនឹងមានចិត្តចង់ចែកចាយសេចក្តីពិតទាំងអស់ ដែលពួកគេបានទទួលហើយនៅក្នុងការចែកចាយ ពួកគេនឹងចែកចាយព្រះពរ ដែលពួកគេបានទទួល។ នៅពេលដែលពួកគេចែកចាយទ្រព្យសម្បត្តិនៃព្រះគុណរបស់ព្រះជាម្ចាស់ពួកគេនឹងបានទ្រព្យសម្បត្តិនៃព្រះគុណរបស់ព្រះយេស៊ូវ កាន់ តែច្រើនថែមទៀត។ ពួកគេនឹងមានចិត្តដូចជាកូនក្មេង មិនមានភាពស្មុគស្មាញ ហើយស្តាប់បង្គាប់ដោយឥតល័ក្ខខ័ណ្ឌ។ ពួកគេ នឹងចង់បានបរិសុទ្ធ ហើយព្រះគុណរបស់ព្រះជាម្ចាស់នឹងត្រូវបានផ្តល់ឲ្យពួកគេថែមទៀត ដើម្បីឲ្យពួកគេអាចចែកចាយព្រះគុណទាំងនោះ ជាមួយនឹងលោកិយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៣៖៣៧-៣៩
ខចងចាំ៖ «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ»។ យ៉ូហាន ៥:៣៩