​​ ថ្ងៃព្រហស្បតិ៍ ទី២​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ ។ យ៉ូហាន ៣:៣

អំណានប្រចាំថ្ងៃ៖ ​លុះត្រាតែ មនុស្សបានកើតសាជាថ្មី ទើបគេអាចមើល​ឃើញ​​នគររបស់ព្រះបាន

សេចក្តីជំនឿចំពោះព្រះយេស៊ូវក្នុងនាមជាអ្នកប្រោសលោះលោកិយតម្រូវឲ្យយើងទទួលស្គាល់ថាគឺមានតែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានអនុញ្ញាតផ្តល់ឲ្យយើងនូវការយល់នោះ ទើបយើងអាចយល់បាន ហើយឲ្យតម្លៃកំណប់ទ្រព្យរបស់នគរឋានសួគ៌ពិតប្រាកដ។ សេចក្តីជំនឿនេះមិនអាចញែកចេញពីការសារភាពនិងការកែប្រែអត្តចរិត។ ដើម្បីឲ្យមានសេចក្តីជំនឿមានន័យថា រកហើយទទួលយកកំណប់ទ្រព្យមកពីក្នុងព្រះគម្ពីរក៏ដូចជាការទទួលយកនូវអ្វីដែលព្រះជាម្ចាស់តម្រូវឲ្យយើងធ្វើ។

«បើមិនបានកើត​ជា​ថ្មី​​ នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបាន​ទេ»។ យ៉ូហាន ៣ៈ៣។ អ្នកនោះអាចស្មានហើយស្រមើស្រមៃបាន ប៉ុន្តែ ដោយគ្មានភ្នែកនៃសេចក្តីជំនឿនោះទេ គេមិនអាចមើលឃើញកំណប់ទ្រព្យ​បានទេ។ ព្រះយេស៊ូវ​​​បាន​​លះបង់​ជន្មរបស់ទ្រង់ដើម្បីឲ្យកំណប់ទ្រព្យនេះដែល​មានតម្លៃមិនអាចកាត់ថ្លៃបាន អាចក្លាយទៅជារបស់យើង ប៉ុន្តែ​ ដោយ​គ្មានការផ្លាស់ប្តូរឬកែប្រែជីវិតតាមរយៈសេចក្តីជំនឿ នៅក្នុងព្រះលោហិតទ្រង់​ទេនោះគឺគ្មានការអភ័យទោសចំពោះអំពើបាប គ្មានកំណប់ទ្រព្យ​សម្រាប់​​​អ្នកណាដែលស្លាប់ដោយសារតែអំពើបាបរបស់ខ្លួនឡើយ។

យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើងដើម្បីឲ្យយើងអាចយល់ពីសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះ។ អ្វីៗដែលស្រស់ស្អាតនៅក្នុងធម្មជាតិមិនអាចមើលឃើញបានរហូតទាល់តែព្រះអាទិត្យដកយកភាពងងឹតចេញ។ ដូចគ្នានេះដែរ កំណប់ទ្រព្យនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រូវបានឲ្យតម្លៃទេ រហូតទាល់តែកំណប់ទ្រព្យទាំងនោះបានបង្ហាញដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធ។

ដោយសារសេចក្តីស្រឡាញ់គ្មានទីបញ្ចប់និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ចំពោះយើងទ្រង់បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យយកអ្វីៗដែលជារបស់ផងព្រះជាម្ចាស់ ហើយបង្ហាញរបស់អស់ទាំងនោះដល់មនុស្សគ្រប់រូបដែលមានជំនឿពេញលេញនៅក្នុងព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធប្រើអំណាចរបស់ទ្រង់ ដើម្បីឲ្យមនុស្សដឹងពីផលប្រយោជន៍នៃសេចក្តីពិតដែលសេចក្តីសង្គ្រោះរបស់មនុស្សពឹងផ្អែកទៅលើ ហើយផ្លូវនៃជីវិតបានបញ្ជាក់យ៉ាងច្បាស់ ដែលគ្មាននរណាម្នាក់អាចយល់ច្រឡំឬយល់ខុសបាន។ នៅពេលដែលយើងសិក្សាព្រះគម្ពីរ យើងត្រូវអធិស្ឋានសូមព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះធ្វើឲ្យយើងយល់ច្បាស់ពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះ ដើម្បី​ឲ្យ​យើងអាចមើលឃើញ ហើយនិងឲ្យតម្លៃវា។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២០៖២៩-៣៤

ខចងចាំ៖​​ «កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត»។ យ៉ូហានទី១ ២:១

Powered by CAM