ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ កូរិនថូសទី១ ៣:៩
អំណានប្រចាំថ្ងៃ៖ ចូរជឿទុកចិត្តលើព្រះ លើគ្រប់ទាំងអស់
ចំណែករបស់យើងគឺអធិស្ឋានហើយជឿ។ អធិស្ឋានដោយសង្ឃឹមថានឹងមានការឆ្លើយតបពីព្រះជាម្ចាស់ដែលស្តាប់ការអធិស្ឋាន ដោយស្មោះអស់ពីចិត្តនានា។ ចូរចងចាំថា «យើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ»។ កូរិនថូសទី១ ៣ៈ៩។ ចូរនិយាយនិងធ្វើឲ្យត្រូវគ្នាជាមួយនឹងការអធិស្ឋានរបស់អ្នក។ ការសាកល្បងនៃការរង់ចាំការឆ្លើយតបនឹងបង្ហាញថា តើសេចក្តីអធិស្ឋានរបស់អ្នកពិតឬក៏គ្រាន់តែធ្វើទៅដោយសារតែអ្នកបានដឹងថា នោះគឺជាអ្វីដែលអ្នកត្រូវធ្វើ។
នៅពេលដែលអ្នកមានបញ្ហាសូមកុំរកអ្នកផ្សេងឲ្យជួយ។ ចូរជឿទុកចិត្តលើព្រះជាម្ចាស់ទាំងអស់។ ការប្រាប់ពីបញ្ហារបស់យើងទៅកាន់អ្នកដទៃមានតែធ្វើឲ្យយើងទន់ខ្សោយតែប៉ុណ្ណោះ ហើយក៏មិនបានប្រយោជន៍អ្វីដល់មនុស្សដែលយើងនិយាយទៅកាន់នោះដែរ។ យើងធ្វើឲ្យអ្នកដែលស្តាប់បញ្ហាឬរឿងរ៉ាវរបស់យើងមានអារម្មណ៍ធុញថប់ ឬអស់កម្លាំង ពីព្រោះពួកគេមិនអាចជួយយើងបាន។ យើងព្យាយាមយកកម្លាំងចិត្តមក ពីមនុស្សដែលមានអំពើបាប ហើយខ្សោយដូចជាខ្លួនពួកយើងខណៈពេលដែលកម្លាំងដ៏មានមហិទ្ធិឫទ្ធិរបស់ព្រះជាម្ចាស់កំពុងតែរង់ចាំប្រទានមកឲ្យយើង។
អ្នកមិនចាំបាច់ទៅដល់ជើងមេឃ ដើម្បីរកចំណេះប្រាជ្ញានោះទេ ពីព្រោះថាព្រះជាម្ចាស់ទ្រង់នៅជិតបង្កើយ។ ជំនាញនិងចំណេះដែលអ្នកកំពុងតែមានពេលឥឡូវ ឬក៏នឹងអាចមាននៅក្នុងពេលអនាគត នឹងមិនផ្តល់ភាពជោគជ័យដល់អ្នកបានទេ។ ភាពជោគជ័យបានមកពីព្រះជាម្ចាស់។ អ្នកជឿព្រះជាម្ចាស់មិនត្រូវមានទំនុកចិត្តទៅលើមនុស្សច្រើនពេកទេ តែត្រូវមានទំនុកចិត្ត ទៅលើព្រះជាម្ចាស់ឲ្យបានច្រើននៅក្នុងការងារអ្វី ដែលព្រះជាម្ចាស់អាចធ្វើបាន។ ព្រះជាម្ចាស់ប្រាថ្នាចង់ឲ្យយើងឈោងទៅឯទ្រង់ដោយសេចក្តីជំនឿ។ ទ្រង់កំពុងតែរង់ចាំប្រទានឲ្យអ្នកនូវការយល់ដឹងចំពោះបញ្ហាទាំឡាយនៃលោកិយនេះក៏ដូចជាបញ្ហាខាងព្រលឹងវិញ្ញាណដែរ។ ព្រះជាម្ចាស់អាចធ្វើឲ្យអ្នកឆ្លាតវៃបាន ទ្រង់អាចប្រទានពាក្យសម្តីត្រឹមត្រូវឲ្យនិយាយក្នុងពេលដែលត្រឹមត្រូវ ហើយប្រទានជំនាញ ដែលអ្នកត្រូវការ ដើម្បីសម្រេចនូវអ្វីដែលត្រូវធ្វើ។ ចូរយកជំនាញរបស់អ្នកទៅធ្វើការងារសូមព្រះជាម្ចាស់នូវចំណេះប្រាជ្ញានោះ ទ្រង់នឹងប្រទានវាមកឲ្យអ្នក។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖៣២-៤៤
ខចងចាំ៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ»។ លូកា ១១:៤