​​ ថ្ងៃអាទិត្យ ទី១២​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំងចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។ អេសាយ ៤០:៣០-៣១

អំណានប្រចាំថ្ងៃ៖ ​ចូរនិយាយ និងធ្វើដូចជាជំនឿរបស់អ្នកមិនអាចបរាជ័យ​បាន

ចូរជឿទុកចិត្តលើព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ទ្រង់បានហៅអ្នកឲ្យ មកឯទ្រង់។ មិនត្រូវបណ្តោយឲ្យខ្លួនឯងនិយាយនូវអ្វី ដែលនៅក្នុងផ្លូវអស់សង្ឃឹមបាក់ទឹកចិត្តឡើយ។ បើសិនជាអ្នកធ្វើដូច្នោះអ្នកនឹងបាត់បង់ច្រើន។ដោយការមើលទៅភិនភាគខាងក្រៅនិងត្អូញត្អែរ នៅពេលដែលមានការលំបាកនិងការបង្ខិតបង្ខំ ឬគាបសង្កត់មកដល់អ្នកបង្ហាញនូវសេចក្តីជំនឿដែលមានភាពទន់ខ្សោយ។ ចូរនិយាយ និងប្រព្រឹត្តិ ធ្វើហាក់ដូចជា សេចក្តីជំនឿរបស់អ្នកមិនអាចបរាជ័យបាន។ ព្រះជាម្ចាស់សម្បូរធនធានណាស់ទ្រង់ជាម្ចាស់នៃលោកិយនេះ។ ចូរសម្លឹងទៅឯនគរឋានសួគ៌ដោយសេចក្តីជំនឿ។ ចូរសម្លឹងទៅឯទ្រង់ ដែលជាពន្លឺនិងជាកម្លាំងនិងមានសមត្ថភាពគ្រប់យ៉ាងដើម្បីសម្រេចការងារនានា។

សេចក្តីជំនឿពិតគឺរឹងមាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ត្រឹមត្រូវ ហើយមានគោលបំណង ដែលមិនអាចកែប្រែឬផ្លាស់ប្តូរបាន។ «ទោះទាំងពួកជំទង់គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកម្លោះក៏នឹងដួលជ្រលាក​បានផង តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹង​មាន​កម្លាំង​ចម្រើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាប ដូចជាតន្ត្រីគេនឹងរត់ទៅ ឥតដែលហត់ហើយនិងដើរឥតដែលល្វើយឡើយ»។ អេសាយ ៤០ៈ៣០,៣១។

មានមនុស្សជាច្រើន ដែលចង់ជួយដល់មនុស្សដទៃ ប៉ុន្តែ ពួកគេមានអារម្មណ៍ថាពួកគេគ្មានកម្លាំងខាងព្រលឹងវិញ្ញាណ ឬក៏ចំណេះប្រាជ្ញាដើម្បី​ចែកចាយ។ សូមឲ្យពួកគេមកកាន់ព្រះជាម្ចាស់ តាមរយៈការអធិស្ឋាន​ចុះ។​សូមអង្វរសុំព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់រក្សារាល់សេចក្តីសន្យាដែលទ្រង់បានធ្វើ។ ចូរកាន់ព្រះគម្ពីរ នៅនឹងដៃដោយនិយាយថា «ទូលបង្គំបាន​ធ្វើនូវអ្វីដែលទ្រង់បានឲ្យធ្វើហើយ។ នេះគឺជាសេចក្តីសន្យារបស់អ្នក«ចូរសូមនោះ​​​តែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះនោះ​តែង​នឹងបើកឲ្យអ្នក»។ ម៉ាថាយ៧ៈ៧។

ការអធិស្ឋានតែក្នុងព្រះនាមព្រះយេស៊ូវ គឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែមានការជម្រុញលើកទឹកចិត្តដោយព្រះវិញ្ញាណបរិសុទ្ធផង។ ការនេះ​ពន្យល់​ពីន័យ នៅពេលដែលព្រះគម្ពីរចែងថា ព្រះវិញ្ញាណ «ជួយអង្វរ​ជំនួស​យើងដោយដំងូរដែលរកថ្លែងពុំបាន»។ រ៉ូម៨ៈ២៦។ គឺជាការអធិស្ឋានបែបនេះហើយដែលព្រះជាម្ចាស់សព្វព្រះទ័យនឹងឆ្លើយតបនោះ។

នៅពេលដែលយើងអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ ពិតជា​ចង់ឲ្យព្រះជាម្ចាស់ឆ្លើយតបការអធិស្ឋានរបស់យើងមែននោះព្រះជាម្ចាស់សន្យាថា ទ្រង់នឹងឆ្លើយតប «ទ្រង់នឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី» អេភេសូរ៣ៈ២០។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖៤៥-៥៦

ខចងចាំ៖​​ «សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ»។ យេរេមា ១៤:២១

Powered by CAM