​​ ថ្ងៃព្រហស្បតិ៍ ទី១៦​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-១៣)​

អ្នកថ្វាយបង្គំ២នាក់

អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ ទូលបង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូលបង្គំ​បាន​ចំណេញ​ផង។ លូកា ១៨:១១-១២

អំណានប្រចាំថ្ងៃ៖ ​បើសិនជាអ្នកសម្លឹងមើលទៅមនុស្ស នោះអ្នកមិនសម្លឹង​មើល​ទៅ​ឯព្រះឡើយ

កាលព្រះយេស៊ូវកំពុងតែមានបន្ទូលទៅកាន់មនុស្ស១ក្រុម ដែលគិត​ថា ខ្លួនជាមនុស្សបរិសុទ្ធទ្រង់ក៏បានប្រាប់រឿងប្រៀបប្រដូចមួយអំពីពួកផារីសុី និងពួកអ្នកមានបាប។ ពួកផារីសុីគិតថា ខ្លួនគេបរិសុទ្ធស្រាប់ហើយពួកគេ ទៅព្រះវិហារទៅថ្វាយបង្គំ ដោយសង្ឃឹមថា នឹងបានឮមនុស្សដទៃសរសើរ ដល់ខ្លួន។ គេគិតថាដោយធ្វើការថ្វាយបង្គំគេ នឹងទទួលបានការយល់ព្រម ពីព្រះជាម្ចាស់។ នៅក្នុងគ្រាដដែលនោះមនុស្សម្នា ដែលឃើញ​អ្នកនោះថ្វាយ បង្គំនឹងគិតថា គេពិតជាមនុស្សមានព្រលឹងវិញ្ញាណណាស់។ គេសង្ឃឹមថា ទាំងព្រះជាម្ចាស់ហើយនិងមនុស្សនឹង​ចូលចិត្តគេ។ ពួកផារីសុីក៏ជាមនុស្សដែលឆាប់តម្កើងខ្លួនណាស់ដែរ។ គេមើលទៅដូចជាមនុស្សសុចរិតគេដើរ និង អធិស្ឋានធ្វើហាក់បី ដូចជាមនុស្សសុចរិត។ គេមិននៅក្បែរមនុស្សដទៃឡើយគេចង់ប្រាប់ថា «កុំឲ្យមកជិតអញឡើយដ្បិតអញបរិសុទ្ធជាងឯង»។ អេសាយ៦៥ៈ៥។ គេពេញចិត្តថា ខ្លួនល្អហើយ គិតថាទាំងព្រះជាម្ចាស់ និងមនុស្សក៏ពេញចិត្តជាមួយនិងសេចក្តីល្អរបស់ខ្លួនដែរ។

ពួកផារីសុីអធិស្ឋានថា «ឱព្រះអង្គអើយទូលបង្គំអរព្រះគុណដល់ទ្រង់ព្រោះទូលបង្គំមិនដូចជា មនុស្សឯទៀតដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិតឬដូចជាអ្នកយកពន្ធនោះទេ»។ លូកា១៨ៈ១១។ ការវិនិច្ឆ័យពីអត្តចរិត​របស់​គេគឺផ្អែកទៅលើមនុស្សដទៃទៀតដែលមិនរស់នៅទៅតាមភាពបរិសុទ្ធ របស់ព្រះជាម្ចាស់។ ចិត្តគំនិតរបស់គេងាកបែរចេញពីព្រះជាម្ចាស់ ពីព្រោះ តែគេសម្លឹងមើលទៅមនុស្សដទៃ។ ហេតុនេះហើយបានជាគេគិតថា ខ្លួនគេ​ល្អ​ណាស់នោះ។ គេនិយាយពីអំពើល្អរបស់គេ «ទូលបង្គំក្នុង១អាទិត្យ២ដង​ ហើយក៏ថ្វាយ១ភាគក្នុង១០ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង»។ លូកា ១៨ៈ១២។ សាសនារបស់ពួកផារីសុី គឺមិនបានទៅ​ដល់ចិត្តឡើយ។ គេមិនមែនរកចរិតលក្ខណៈដូចជាព្រះជាម្ចាស់ឡើយ ដែលព្រះទ័យរបស់ទ្រង់មានពោរពេញទៅដោយសេចក្តីស្រឡាញ់ និងមេត្តាករុណា។ គេពេញចិត្តជាមួយនិងសាសនាដែលពាក់ព័ន្ធទៅនឹងអ្វីដែលល្អមើលចំពោះមនុស្សដទៃតែប៉ុណ្ណោះ។ ភាពសុចរិតរបស់គេគឺជារបស់គេ​ផលផ្លែនៃការងាររបស់គេនិងវិនិច្ឆ័យដោយកម្រិតយល់ដឹងរបស់មនុស្ស។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖១-៨

ខចងចាំ៖​​ «សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ»។ យេរេមា ១៤:២១

Powered by CAM