ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។ លូកា ១៨:១៤
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ទទួលយកអស់អ្នកណា ដែលដឹងថាខ្លួនឯងជាអ្នកមានបាប
ដោយសារតែគេមានទោសធ្ងន់ធ្ងរគេមានអារម្មណ៍ហាក់បីដូច ជាមានតែគេម្នាក់ប៉ុណ្ណោះ ដែលឈរនៅចំពោះមុខព្រះជាម្ចាស់។ អ្វីដែលគេចង់បាននោះ គឺចង់បានការលើកលែងទោសនិងមានសេចក្តីសុខ។ អ្វីដែលគេសូម គឺសូមឲ្យព្រះជាម្ចាស់មានព្រះទ័យសណ្តោសករុណាចំពោះគេ។ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកយកពន្ធបានវិលត្រឡប់ទៅផ្ទះរបស់គេវិញ ដោយបានទទួលពរ ពីព្រោះអ្នកនោះត្រូវបានទ្រង់អភ័យទោសឲ្យហើយ មិនដូចពួកផារីសុីនោះទេ។
អស់អ្នកទាំងឡាយណា ដែលថ្វាយបង្គំព្រះជាម្ចាស់ អាចបែងចែកជា២ក្រុមតំណាងឲ្យពួកផារីសុីនិងពួកអ្នកយកពន្ធ។ មនុស្សដំបូងដែលចូលជាមួយក្រុមទាំងនេះ គឺកាអុីននិងអេបិល។ កាអុីនគិតថា ខ្លួនឯងជាមនុស្សសុចរិតហើយមកគាល់ព្រះជាម្ចាស់ជាមួយនិងតង្វាយថ្លែងអរព្រះគុណតែប៉ុណ្ណោះ។ គាត់មិនបានលន់តួទោសបាបរបស់គាត់ទេ ហើយក៏មិនបាន សូមសេចក្តីមេត្តាករុណាដែរ។ តែអេបិលបានមកគាល់ព្រះជាម្ចាស់ជាមួយនិងឈាមដែលតំណាងឲ្យកូនចៀមរបស់ព្រះជាម្ចាស់។ គាត់មកក្នុងនាម ជាអ្នកមានបាបសារភាពថា គាត់វង្វេងសេចក្តីសង្ឃឹម របស់គាត់មានតែ១គត់គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលគាត់មិនសមនឹងទទួលបាន។ ព្រះជាម្ចាស់បានទទួលស្គាល់តង្វាយរបស់អេបិល ប៉ុន្តែ ទ្រង់មិនទទួលស្គាល់តង្វាយរបស់ការអុីននោះទេ។
ការដឹងពីសេចក្តីត្រូវការ ការយល់ជ្រាបពីភាពខ្វះខាតខាងព្រលឹងវិញ្ញាណនិងភាពមានបាបនោះហើយ គឺជាអ្វីដែលត្រូវមកជាដំបូងគេ បើសិនជាត្រូវបានទទួលស្គាល់ដោយព្រះជាម្ចាស់។ មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងវិញ្ញាណ ដ្បិតនគរឋានសួគ៌ ជារបស់ផងអ្នកនោះ។ ម៉ាថាយ ៥ៈ៣។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖១៤-២០
ខចងចាំ៖ «សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ»។ យេរេមា ១៤:២១