ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវមានព្រះបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»។ ម៉ាកុស ១៤:២៧
អំណានប្រចាំថ្ងៃ៖ ភាពមានទំនុកចិត្តលើខ្លួនឯង អាចនាំឲ្យបរាជ័យបាន
ជីវិតរបស់លោកពេត្រុសបង្រៀនមេរៀនដល់យើងអំពីក្រុមមនុស្សដែលតំណាងដោយពួកផារីសុីនិងពួកអ្នកយកពន្ធ។ ក្នុងនាមជាសាវ័កថ្មីរបស់ព្រះយេស៊ូវលោកពេត្រុសគិតថា ខ្លួនគាត់រឹងមាំ។ ដូចពួកផារីសុីដែរនៅក្នុងការប្រមាណមើលរបស់គាត់គាត់ថា «ទូលបង្គំមិនដូចជាមនុស្សឯទៀត»។លូកា១៨ៈ១១។ មិនយូរប៉ុន្មានមុននឹងព្រះយេស៊ូវត្រូវបានគេក្បត់ទ្រង់ក៏បានព្រមានដាស់តឿនដល់សាវ័ករបស់ទ្រង់ «នៅវេលាយប់នេះឯងអ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ»។ តែពេត្រុសទូលទ្រង់ថា «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយគង់តែទូលបង្គំមិនដូច្នោះទេ»។ ម៉ាកុស ១៤ៈ២៧,២៩ ពេត្រុសមិនដឹងពីគ្រោះថ្នាក់របស់ខ្លួនឡើយ។ គាត់ត្រូវបានបោកប្រាស់ដោយសារភាពជឿជាក់របស់គាត់។ គាត់គិតថា គាត់អាចយកឈ្នះសេចក្តីល្បួង ដោយសារកម្លាំងរបស់គាត់បាន ប៉ុន្តែ នៅពេលការសាកល្បងមកដល់២ឬ៣ម៉ោងក្រោយមក ពេត្រុសបានជេរប្រទេចផ្តាសានិងស្បថថា គាត់មិនបានស្គាល់ព្រះយេស៊ូវទេ។
នៅពេលដែលលោកពេត្រុសបានឮមាន់រងាវ គាត់នឹកឃើញពាក្យ សម្តីរបស់ព្រះយេស៊ូវមានបន្ទូលមកកាន់គាត់នៅយប់មុន គាត់ភ្ញាក់ខ្លួនព្រើតនូវអ្វីដែលគាត់បានធ្វើ ហើយងាកទៅមើលព្រះភ័ក្ត្រព្រះយេស៊ូវដែលជាព្រះជាម្ចាស់របស់គាត់។ នៅក្នុងគ្រាដដែលនោះព្រះយេស៊ូវបានទតមើលមកឯលោកពេត្រុសវិញ។ ខណៈពេលដែលលោកពេត្រុសសម្លឹងមើលទៅឯព្រះភ័ក្ត្រព្រះយេស៊ូវគាត់បានឃើញការខកព្រះទ័យ ប៉ុន្តែ ទ្រង់ក៏មានព្រះទ័យមេត្តានិងស្រឡាញ់នៅពេលនេះលោកពេត្រុសយល់ពីអត្តចរិតពិតនៃចិត្តរបស់គាត់។ គាត់បានចាកចេញពីកន្លែងនោះទាំងយំសោកសៅបំផុត។ ព្រះយេស៊ូវមានការខកព្រះទ័យ ប៉ុន្តែ នៅតែមានសេចក្តីស្រឡាញ់ ហើយមានសេចក្តីមេត្តាបានធ្វើឲ្យលោកពេត្រុសពិតជាកើតទុក្ខអំពីមោទនភាពនៃជីវិតដែលមានបាបរបស់គាត់។ លោកពេត្រុសបានមកដល់ចំណុចផ្លូវបំបែកនៅក្នុងជីវិតគាត់ ហើយភាពសោកសៅយ៉ាងធំគាត់បានសារភាពអំពើបាប របស់គាត់។ គាត់គឺដូចជាអ្នកយកពន្ធដែរ នៅក្នុងភាពសោកសៅ ពីលើភាព មានអំពើបាប ហើយនឹងនៅក្នុងការសារភាពរបស់គាត់ហើយដូចជាអ្នកយកពន្ធដទៃទៀតដែរ គឺគាត់ទទួលបានសេចក្តីមេត្តាករុណាដែរ។ ទឹកព្រះភ័ក្ត្រដែលលោកពេត្រុសបានឃើញនៅលើព្រះភ័ក្ត្ររបស់ព្រះយេស៊ូវដែលធានាអះអាងនូវការអភ័យទោសដល់គាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖២១-២៨
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥