ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មនុស្សជាច្រើននឹងសំអាត ហើយជម្រះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ។ ដានីយ៉ែល ១២:១០
អំណានប្រចាំថ្ងៃ៖ គ្រីស្ទានពិតប្រាកដ នឹងនៅតែជួបសេចក្តីល្បួង
អំពើបាបរបស់លោកពេត្រុសមិនមែនទើបតែកើតឡើង នៅយប់នោះឡើយគឺវាបានកើតឡើងតាំងពីមុនយូរហើយ។ ភាពទុកចិត្តលើខ្លួនឯងបាននាំឲ្យគាត់មានជំនឿថាគាត់ត្រូវបានសង្គ្រោះហើយពីមួយជំហានទៅមួយជំហានដែលឈានធ្លាក់ចុះទៅ ក្នុងផ្លូវនោះរហូតដល់ថ្នាក់គាត់អាចប្រកែកថាគាត់មិនស្គាល់ព្រះជាម្ចាស់របស់គាត់ទៀតផង។ ទាល់តែយើងបានទៅដល់នគរឋានសួគ៌ជាមួយព្រះយេស៊ូវ ទើបយើងអាចជឿទុកចិត្តលើខ្លួនឯងជាក់លាក់ ឬមានអារម្មណ៍ថាយើងមានសុវត្ថិភាពពីសេចក្តីល្បួងបាន។ តែទោះជាយ៉ាងណាមិនត្រូវបង្រៀនដល់អស់អ្នកទាំងឡាយណាដែលទទួលយកព្រះអង្គសង្គ្រោះមានការកែប្រែអស់ពីចិត្តថា ឬធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានសង្គ្រោះនោះឡើយ។ នេះគឺជាការយល់ខុសហើយ។ គួរតែបង្រៀនគ្រប់គ្នាឲ្យចេះរក្សាសេចក្តីសង្ឃឹម និងសេចក្តីជំនឿ ប៉ុន្តែទោះបីជាពេលដែលយើងថ្វាយខ្លួនយើងទៅព្រះយេស៊ូវហើយដឹងថាទ្រង់ទទួលយកយើងយើងនឹងនៅតែត្រូវល្បួងហើយបើយើងពឹងលើកម្លាំងខ្លួនឯងយើងនឹងនៅតែធ្លាក់ក្នុងសេចក្តីល្បួង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកាសថា «ដោយសារទុក្ខលំបាកមនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធនិងសស្គុស»។ ដានីយ៉ែល ១២ៈ១០។ អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាកអ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយគេនឹងទទួលជីវិតទុកជារង្វាន់ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ»។ (យ៉ាកុប១ៈ១២)
អស់អ្នកដែលទទួលយកព្រះយេស៊ូវ ហើយនិយាយដោយប្រាកដថា ខ្ញុំត្រូវបានសង្គ្រោះ គឺកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់នៃការជឿទុកចិត្តលើខ្លួនឯងហើយ។ ពួកគេភ្លេចពីភាពទន់ខ្សោយរបស់ពួកគេហើយនិងភ្លេចថា ពួកគេត្រូវការកម្លាំងរបស់ព្រះជាម្ចាស់ជាប់ជានិច្ច។ ពួកគេមិនបានត្រៀមខ្លួនសម្រាប់សេចក្តីល្បួងរបស់សាតាំងនោះទេ ហើយមនុស្សជាច្រើនដែលស្ថិតនៅក្រោមសេចក្តីល្បួងដូចជាលោកពេត្រុសធ្លាក់ចុះទៅក្នុងអំពើបាប។ ព្រះគម្ពីរបានប្រាប់យើងថា «ដូច្នេះបើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួនអ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ»។ កូរិនថូសទី១ ១០ៈ១២ សុវត្ថិភាពរបស់យើងមានតែឈប់ជឿលើខ្លួនឯង ហើយពឹងអាស្រ័យលើព្រះជាម្ចាស់ទាំងស្រុង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖៣៥-៣៩
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥