ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ។ វិវរណៈ ៣:១៧-១៨
អំណានប្រចាំថ្ងៃ៖ តាមរយៈមាសដែលព្រះយេស៊ូវប្រទានឲ្យ
ព្រះជាម្ចាស់មានបន្ទូលថា«ដោយព្រោះឯងអួតថា ឯងជាអ្នកមានបានកាន់តែស្តុកស្តម្ភឡើងហើយក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនាលំបាកទ័លក្រខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ។ បានជាអញទូន្មានឲ្យឯងទិញមាសដែលសម្រងក្នុងភ្លើងពីអញដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសម្លៀកបំពាក់សឲ្យបានស្លៀកពាក់កុំឲ្យគេឃើញកេរ្តិ៍ខ្មាសដែលឯងនៅអាក្រាតនោះឡើយព្រមទាំងថ្នាំលាបភ្នែកផងឲ្យឯងបានមើលឃើញវិញ។ វិវរណៈ ៣ៈ១៧,១៨។ មាសដែលបានសម្រងក្នុងភ្លើងគឺជាសេចក្តីជំនឿដែលកើតឡើងដោយសេចក្តីស្រឡាញ់។ មានតែការនេះទេដែលនាំយើងឲ្យមានសេចក្តីសុខជាមួយនឹងព្រះជាម្ចាស់បាន។ យើងអាចសកម្មយើងអាចធ្វើការងារច្រើន ប៉ុន្តែ បើសិនជាយើងមិនមានសេចក្តីស្រឡាញ់ដូចទៅនឹងសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានយើងមិនអាចក្លាយទៅជាចំណែកមួយនៅក្នុងគ្រួសារនៃនគរឋានសួគ៌បានទេ។ មនុស្សគ្មានសមត្ថភាពមើលឃើញអំពើបាបរបស់ខ្លួនឡើយ។ ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ហើយក៏អាក្រក់ហួសល្បត់ផងតើអ្នកណានឹងអាចស្គាល់បាន? យេរេមា ១៧ៈ៩ ពាក្យសម្តីដែលយើងនិយាយស្តាប់ទៅអាចដូចជាពាក្យសារភាពហើយបន្ទាបខ្លួន ប៉ុន្តែ គំនិតនៅក្នុងចិត្តអាចមានអំនួតនិងមានផែនការប្រព្រឹត្តិអំពើបាបម្តងទៀត។យើងអាចនិយាយទូលទៅព្រះជាម្ចាស់អំពីអំពើបាបនិងសេចក្តីត្រូវការខាងឯព្រលឹងវិញ្ញាណរបស់យើងបានខណៈពេលដែលចិត្តរបស់យើងអាចមានអំនួតពីការបន្ទាបខ្លួននិងថាវាល្អយ៉ាងណានោះ។ ផ្លូវតែមួយដែលយើងអាចដឹងថាចិត្តរបស់យើងពិតប្រាកដមានលក្ខណៈយ៉ាងណានោះគឺត្រូវយល់ឲ្យបានច្បាស់ពិតប្រាកដថាព្រះយេស៊ូវជានរណាហើយនិងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ កាលណាមនុស្សមិនស្គាល់/ដឹងពីព្រះយេស៊ូវពួកគេក្លាយទៅជាមនុស្សមានអំនួតអំពីភាពសុចរិតរបស់គេ។
កាលណាយើងគិតអំពីភាពបរិសុទ្ធនិងល្អប្រសើរបំផុតរបស់ព្រះយេស៊ូវនោះ យើងនឹងឃើញភាពទន់ខ្សោយនិងខ្វះខាតខាងផ្នែកព្រលឹងវិញ្ញាណហើយនិងមានកំហុសដូចពួកគេដូច្នោះដែរ។ យើងត្រូវមើលឃើញថា ខ្លួនឯងវង្វេងហើយគ្មានក្តីសង្ឃឹមដូចជាមនុស្សដែលមានបាបដទៃទៀតដែរ។ យើងត្រូវដឹងថា បើសិនជាយើងត្រូវបានសង្គ្រោះគឺវានឹងមិនមែនតាមរយៈអំពើល្អរបស់យើងនោះទេ តែតាមរយៈព្រះគុណដែលគ្មានទីបញ្ចប់របស់ព្រះជាម្ចាស់វិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ២៖២៣-២៨
ខចងចាំ៖ «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ»។ លូកា ១៤:១១