ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ។ ម៉ាថាយ ៧:៨
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ប្រទានឲ្យយើងដើម្បីឲ្យយើងអាចជួយដល់មនុស្សដទៃទៀត
ព្រះយេស៊ូវអាចទតមើលទៅក្នុងពេលអនាគតហើយមើលឃើញពីសេចក្តីជំនឿរបស់ពួកសាវ័កត្រូវបានសាកល្បងញឹកញាប់។ ជារឿយៗពួកគេនឹងជួបនៅក្នុងស្ថានភាពលំបាក ហើយនឹងដឹងថា ពួកគេមិនអាចដោះស្រាយបញ្ហារបស់ខ្លួនបានទេ។ ប្រជារាស្ត្រដែលចង់បាននំបុ័ងជីវិតនឹងមករកពួកគេហើយពួកគេនឹងមានអារម្មណ៍ស្រងាកចិត្តដោយគ្មានអ្វីឲ្យ។ ពួកគេត្រូវតែទទួលយកអាហារខាងព្រលឹងវិញ្ញាណ បើមិនដូច្នោះទេ ពួកគេនឹងគ្មានអ្វីចែកចាយឡើយ។ ពួកគេមិនអាចច្រានចោលអ្នកណាម្នាក់ ដោយមិនចែកចាយអាហារខាងព្រលឹងវិញ្ញាណបានឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេពីទីកន្លែងដែលបានអាហារខាងព្រលឹងវិញ្ញាណមក។ បុរសដែលមិត្តសម្លាញ់របស់គាត់បានមករកគាត់ទាំងស្រេកឃ្លាននោះ មិនបានព្រងើយកន្តើយនឹងមិត្តភក្តិគាត់ឡើយទោះបីជាយប់ជ្រៅ ហើយក៏ដោយ។ គាត់គ្មានចំណីអាហារឲ្យមិត្តភក្តិគាត់ញាំុមែន ប៉ុន្តែ គាត់ទៅរកអ្នកជិតខាងគាត់ ដែលមានចំណីអាហារហើយសុំទាល់តែគាត់ទទួលបាននូវអ្វីដែលគាត់ត្រូវការ។ ព្រះយេស៊ូវបានទូលប្រាប់រឿងនេះ ដើម្បីបង្ហាញពីរបៀប នៅពេលដែលបាវបម្រើរបស់ព្រះជាម្ចាស់ ដែលទ្រង់បានចាត់ឲ្យទៅផ្តល់ចំណីអាហារខាងព្រលឹងវិញ្ញាណដល់អ្នកដែលស្រេកឃ្លានអាហារនេះ ចង់ធ្វើការងាររបស់ព្រះជាម្ចាស់ ទ្រង់នឹងផ្តល់ឲ្យ។
ប៉ុន្តែ តួអង្គអ្នកជិតខាងដែលចិត្តអាក្រក់នៅក្នុងរឿងប្រៀបប្រដូចមិនមែនតំណាងឲ្យអត្តចរិតរបស់ព្រះជាម្ចាស់ឡើយ។ ការរៀនមេរៀនគឺមិនមែនដោយការប្រៀបធៀបឡើយ តែដោយធ្វើឲ្យផ្ទុយពីមេរៀននេះទៅវិញ (បើតួអង្គក្នុងរឿងចិត្តអាក្រក់គឺមិនត្រូវយកតម្រាប់តាមឡើយ)។ មនុស្សដែលចិត្តកំណាញ់ឬអាត្មានិយមនឹងឆាប់ឆ្លើយតបភ្លាមៗ ដើម្បីកុំឲ្យមានការរំខានដល់ខ្លួនទៀត។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យនឹងប្រទានឲ្យ។ ទ្រង់មានព្រះទ័យពោរពេញទៅដោយសេចក្តីអាណិតមេត្តា ហើយទ្រង់ចង់បំពេញនូវសំណើរបស់អស់អ្នកដែលមកឯទ្រង់ដោយសេចក្តីជំនឿ។ ទ្រង់ប្រទានឲ្យយើងដើម្បីឲ្យយើងអាចជួយដល់អ្នកដទៃ ហើយការធ្វើដូចនោះយើងក្លាយទៅដូចជាអង្គទ្រង់។
ព្រះយេស៊ូវបានមានបន្ទូលថា«ចូរសុំនោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន»។ ម៉ាថាយ ៧ៈ៨។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៣១-៣៥
ខចងចាំ៖ «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានោះជិតដល់ហើយ»។ វិវរណៈ ១:៣