​​ ថ្ងៃសុក្រ ទី៣១​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត សេចក្តី​រំលង និង​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ ទ្រង់​ធ្វើ​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​ឪពុក ទៅ​ដល់​កូន​ចៅ​ដល់​៣​ហើយ​៤​ដំណ​ផង។ និក្ខមនំ ៣៤:៧

អំណានប្រចាំថ្ងៃ៖ មនុស្សណាដែលបន្ទាបខ្លួន នឹងត្រូវបានតម្កើងឡើង

គឺនៅពេលដែលលោកម៉ូសេបានពួននៅកន្លែងដែលមានដុំថ្មដែលបានប្រេះជាពីរនោះទើបគាត់បានឃើញសិរីល្អរបស់ព្រះជាម្ចាស់។​ ព្រះយេស៊ូវត្រូវបានគេតំណាងដោយថ្មនេះឯងហើយកាលណាយើងពួននៅក្នុងទ្រង់ទ្រង់គ្របបាំងយើងដោយព្រះហស្តដែលត្រូវបានដែកគោលចាក់ធ្លុះហើយមានបន្ទូលមកកាន់យើងដែលជាបាវបម្រើរបស់ទ្រង់។ ព្រះជាម្ចាស់នឹងបង្ហាញអង្គទ្រង់ដល់យើងក៏ដូចជាលោកម៉ូសេដែរក្នុងនាមជាព្រះដែល«មានព្រះហឫទ័យមេត្តាករុណា ហើយទន់សណ្តោសទ្រង់យឺតនឹងខ្ញាល់ហើយមានសេចក្តីសប្បុរសនិងសេចក្តីទៀងត្រង់ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ក៏អត់ទោសចំពោះសេចក្តីទុច្ចរិតសេចក្តីរំលងនិងអំពើបាប»។ និក្ខមនំ ៣៤ៈ៦,៧ ការងាររបស់ព្រះជាម្ចាស់​ដើម្បីប្រោសលោះមនុស្សរួមទាំងការកែប្រែនៅក្នុងជីវិតនោះគឺពិបាកនឹកស្មានសម្រាប់មនុស្សនានា។ «សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮហើយចិត្តនឹកមិនដែលដល់គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»។ កូរិនថូសទី១ ២ៈ៩។ នៅពេលដែលមនុស្សមានបាបត្រូវបានទាញដោយសារអំណាចរបស់ព្រះជាម្ចាស់ដើម្បីថ្វាយជីវិតរបស់ពួកគេទៅឯព្រះយេស៊ូវ នោះពួកគេក្លាយទៅជា​មនុស្ស​ថ្មី។ ពួកគេទទួលបានចិត្តថ្មី។ ពួកគេក្លាយទៅជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ព្រះយេស៊ូវបានសម្រេចការងារសព្វគ្រប់អស់ហើយដើម្បីធ្វើឲ្យអ្នកមានជំនឿទៅជាបរិសុទ្ធ។ ព្រះជាម្ចាស់អង្គឯងគឺ«សុចរិតព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវថា ជា​សុចរិតដែរ»។​ រ៉ូម ៣ៈ២៦ ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិតនោះក៏ទ្រង់បានតម្កើងឡើងដែរ។ រ៉ូម ៨ៈ៣០។ អំពើបាបនាំឲ្យមានសេចក្តីអាម៉ាស់ដល់អ្នកមានបាប ប៉ុន្តែការប្រោសលោះប្រកបដោយសេចក្តីស្រឡាញ់​​នៃព្រះជាម្ចាស់នឹងនាំឲ្យកាន់តែមានកិត្តិយសថែមទៀត។ ចំពោះមនុស្ស​ដែលចង់ឲ្យមានចរិតលក្ខណៈដូចជាព្រះយេស៊ូវ ទ្រព្យសម្បត្តិនៃ​ឋាន​សួគ៌​នឹងត្រូវបានប្រទានឲ្យរួមទាំងអំណាចដ៏អស្ចារ្យដែលនឹងតម្កើងពួកគេឡើងខ្ពស់លើសពពួកទេវតាដែលមិនធ្លាប់ប្រព្រឹត្តិអំពើបាបទៅទៀត។ «ដ្បិត​អស់​អ្នកណាដែលតម្កើងខ្លួននោះនឹងត្រូវបន្ទាបចុះតែអ្នកណាដែលបន្ទាបខ្លួននោះនឹងបានតម្កើងឡើងវិញ»។ លូកា ១៤ៈ១១។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​១៤

ខចងចាំ៖​​ «ដ្បិតអស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ»។ លូកា ១៤:១១

Powered by CAM