ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ម៉ាថាយ ៧:៩-១១
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ចូលចិត្តឲ្យយើងហៅទ្រង់ ថាព្រះវរបិតា
ព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះបានមានបន្ទូលតទៅទៀតថា «ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំបុ័ងមិនដែលមានអ្នកណា យកដុំថ្មឲ្យវាឡើយ ហើយបើកូនសុំត្រី ក៏មិនដែលមាន នរណាយកពស់អសិរពិសឲ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ក៏ចេះឲ្យរបស់ល្អៗទៅកូនចុះចំណង់បើព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត។ ម៉ាថាយ ៧ៈ៩-១១។
ព្រះយេស៊ូវបង្រៀនយើងឲ្យនិយាយទៅកាន់ព្រះជាម្ចាស់ដោយប្រើព្រះនាមព្រះបិតាពីព្រោះព្រះនាមនេះ រំឭកយើងពីទំនាក់ទំនងនៃសេចក្តីអំណរដ៏កក់ក្តៅជាមួយនឹងអ្នកដែលស្រឡាញ់ផ្តល់ឲ្យនិងការពារយើង។ ទ្រង់ផ្តល់អភ័យឯកសិទ្ធិឲ្យយើងហៅព្រះ ដែលគង់នៅជានិច្ចនិរន្តថា ជាបិតារបស់យើង។ ការហៅទ្រង់ដោយព្រះនាមនេះនិងនិយាយពីព្រះនាមនេះ គឺជាសញ្ញាបង្ហាញពីសេចក្តីស្រឡាញ់ និងការជឿទុកចិត្តរបស់យើងចំពោះទ្រង់ ហើយគឺជាសេចក្តីសន្យានៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងនិងទំនាក់ទំនងរបស់ទ្រង់ចំពោះយើង។ ការនិយាយសូមដល់ទ្រង់ឲ្យធ្វើអ្វីមួយ ឬក៏សូមព្រះពរវា គឹដូចជាភ្លេងដល់ព្រះកាណ៌របស់ទ្រង់។ ដើម្បីកុំឲ្យយើងគិតថា មិនគួរហៅទ្រង់ដោយព្រះនាមនេះ ទ្រង់បានមានបន្ទូលជាច្រើនលើក ច្រើនសារហើយ។
ព្រះជាម្ចាស់ចាត់ទុកយើងដូចជាកូនចៅរបស់ទ្រង់។ ទ្រង់បានលោះយើងចេញពីលោកិយនេះ ហើយបានជ្រើសយើងឲ្យក្លាយទៅជាក្រុមគ្រួសារញាតិវង្សជាបុត្រាបុត្រីនៃមហាក្សត្រនៃនគរឋានសួគ៌។ ទ្រង់ឲ្យយើងជឿទុកចិត្តដល់ទ្រង់ឲ្យខ្លាំង និងរឹងមាំជាងឪពុករបស់យើងនៅផែនដីនេះទៅទៀត។ ឪពុកម្តាយស្រឡាញ់កូនៗរបស់ពួកគេ ប៉ុន្តែ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ធំធេងទូលំទូលាយសុីជម្រៅ ជាងសេចក្តីស្រឡាញ់របស់មនុស្សទៅទៀត។ គឺវាមិនអាចវាស់វែងបានទេ។ បើឪពុកម្តាយនៅផែនដីនេះចេះឲ្យអំណោយល្អៗដល់កូនៗរបស់ពួកគេ ចុះទម្រាំដល់ព្រះបិតានៅនគរឋានសួគ៌ប្រទានព្រះវិញ្ញាណបរិសុទ្ធទៅអស់អ្នកដែលទូលសូមដល់ទ្រង់យ៉ាងណាទៅ?
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៣៦-៤៦
ខចងចាំ៖ «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានោះជិតដល់ហើយ»។ វិវរណៈ ១:៣