​​ ថ្ងៃអាទិត្យ ទី៥​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ។ យ៉ូហាន ១៧:១៩

អំណានប្រចាំថ្ងៃ៖ ​សមត្ថភាព ដើម្បីទទួល អាចរក្សាបាន ដោយការឲ្យតែ​ប៉ុណ្ណោះ

យើងត្រូវតែគិតឲ្យបានដិតដល់អំពីមេរៀនដែលព្រះយេស៊ូវបានបង្រៀនដល់យើងអំពីសេចក្តីអធិស្ឋាន។ ទ្រង់បង្រៀនពីសារៈសំខាន់ពីការស្នើ សូមរបស់យើងទៅឯព្រះជាម្ចាស់ ហើយធានាឲ្យយើងនូវការសុខចិត្តស្តាប់ ហើយឆ្លើយនឹងការអធិស្ឋានរបស់យើង។

មិនត្រូវឲ្យយើងអធិស្ឋានសូមដោយអាត្មានិយមនូវអ្វី ដែលផ្តល់តែ​ប្រយោជន៍​ដល់យើងនោះទេ។ យើងត្រូវសូមដើម្បីឲ្យយើងអាចចែកឲ្យដល់មនុស្សដទៃ។ គោលការណ៍នៃជីវិតរបស់ព្រះយេស៊ូវត្រូវតែជាគោលការណ៍នៃជីវិតរបស់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា «រីឯទូលបង្គំវិញទូលបង្គំ​បូជា​ជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានវិសុទ្ធដោយសារសេចក្តីពិត»។ យ៉ូហាន ១៧ៈ១៩។ បាវបម្រើរបស់ព្រះជាម្ចាស់​ត្រូវតែមាន​ចិត្តភក្តីដូចគ្នា មានការលះបង់ដូចគ្នា មានការប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់ដូចគ្នា ដូចដែលបានឃើញនៅក្នុងជីវិតរបស់ព្រះយេស៊ូវដូច្នោះដែរ។ បេសកកម្មរបស់យើងទៅកាន់លោកិយនេះ គឺមិនមែនដើម្បីបម្រើឬក៏បំពេញចិត្តរបស់យើងនោះទេ យើងត្រូវថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ដោយធ្វើ​ការ​​សហការជាមួយទ្រង់ ដើម្បីសង្គ្រោះអ្នកមានបាប។ យើងត្រូវសូមព្រះពរមកពីព្រះជាម្ចាស់ ដើម្បីឲ្យយើងអាចទំនាក់ទំនងទៅកាន់មនុស្សដទៃទៀត។សមត្ថភាពដើម្បីទទួល គឺរក្សាទុកបានដោយការផ្តល់ឲ្យ។ យើងមិនអាចបន្តទទួលកំណប់ទ្រព្យនៃនគរឋានសួគ៌ដោយមិនចែកចាយនូវអ្វីដែលយើងបានទទួលទៅកាន់អ្នកដែលនៅជុំវិញខ្លួនយើងបានឡើយ។

នៅក្នុងរឿងប្រៀបប្រដូច អ្នកដែលសូមនៅតែបដិសេធ មិនទទួល​ដដែល ប៉ុន្តែគេនៅតែមិនបោះបង់​ ការសូមចោលនោះទេ រហូតទាល់តែ​គេទទួល​បាន​នូវអ្វីដែលត្រូវការ។ ដូច្នេះការអធិស្ឋានរបស់យើងគឺមិនតែងទទួលបានការឆ្លើយតបភ្លាមៗនោះទេ ប៉ុន្តែ ព្រះយេស៊ូវបង្រៀនយើងថា យើងមិនត្រូវ​ឈប់សូមនោះទេ។ គោលបំណងនៃការអធិស្ឋាន គឺមិនមែន​ធ្វើឲ្យព្រះជាម្ចាស់កែប្រែឡើយ ប៉ុន្តែនាំយើងឲ្យមានសេចក្តីសុខដុមជាមួយនិងទ្រង់។ នៅពេលដែលយើងទៅគាល់ព្រះជាម្ចាស់ ជាមួយនិងសំណូមពរ​ទ្រង់អាច​ជ្រាប​ពីសេចក្តីត្រូវការរបស់យើង ដើម្បីពិនិត្យចិត្តរបស់យើងហើយសារភាពអំពើបាប។ ដូច្នេះទ្រង់ដឹកនាំយើងឆ្លងកាត់ការសាកល្បង និងការ​លំបាកនានា ទ្រង់នាំយើងឆ្លងកាត់រឿងអាម៉ាស់ ដើម្បីឲ្យយើងអាច​មើល​ឃើញនូវអ្វីដែលរារាំងព្រះវិញ្ញាណបរិសុទ្ធមិនឲ្យធ្វើការតាមរយៈយើងបាន។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៤៧-៥៦

ខចងចាំ៖​​ «សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្តី​អាក្រក់​វិញ»។ លូកា ១១:៤

Powered by CAM