ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ចូរនាំយកតង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ម៉ាឡាគី ៣:១០
អំណានប្រចាំថ្ងៃ៖ មុននឹងអ្នកអធិស្ឋាន ចូរថ្វាយទៅព្រះជាម្ចាស់នូវអ្វីដែលជាកម្មសិទ្ធរបស់ទ្រង់
ព្រះជាម្ចាស់ដែលជាអ្នកប្រទានរាល់ព្រះពរទាមទារនូវរាល់ចំណែកខ្លះក្នុងចំណែកទាំងអស់ដែលយើងមាន។ នេះគឺជាវិធីទ្រទ្រង់ការងារនៃការបង្រៀនពីដំណឹងល្អ។ នៅពេលដែលយើងថ្វាយតង្វាយ១ភាគក្នុង១០និងតង្វាយសទ្ធាទៅឲ្យព្រះជាម្ចាស់វិញ នោះយើងបង្ហាញដល់ការថ្លែងអំណរគុណចំពោះព្រះពរ ដែលទ្រង់បានប្រទានឲ្យដល់យើង។ តើយើងអាចមកគាល់ព្រះជាម្ចាស់ ហើយសូមព្រះពរពីទ្រង់បានដោយរបៀបណាទៅ បើយើងរក្សាទុកនូវអ្វីដែលជារបស់ផងទ្រង់នោះ? បើសិនជាយើងមិនស្មោះត្រង់ចំពោះអ្វីដែលជារបស់ផងព្រះជាម្ចាស់នៅលើផែនដីនេះទេ តើយើងអាចគិតថា ព្រះជាម្ចាស់នឹងជឿទុកចិត្តយើងឲ្យថែរក្សារបស់របរ ដែលនៅនគរឋានសួគ៌បានយ៉ាងដូចម្តេចទៅ? បើសិនជាការអធិស្ឋានរបស់អ្នក មិនត្រូវបានឆ្លើយតបទេ នោះវាអាចបណ្តាលមកពីបញ្ហានេះហើយ។
ប៉ុន្តែ ព្រះជាម្ចាស់មានព្រះទ័យមេត្តាករុណាធំធេងហើយត្រៀមនឹងអភ័យទោសឲ្យយើងជាស្រេច។ ព្រះជាម្ចាស់មានបន្ទូលថា «ចូរនាំតង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះដោយយល់ដល់ឯងរាល់គ្នានោះអញនឹងបន្ទោសដល់សត្វដែលសុីបង្ខូចមិនឲ្យវាបំផ្លាញផលដែលកើតឡើងពីដីឯងឡើយឯដើមទំពាំងបាយជូរនៅចំការរបស់ឯងក៏មិនជម្រុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ យ៉ាងនោះគ្រប់សាសន៍នឹងថាឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នានឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ម៉ាឡាគី ៣ៈ១០-១២។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖១-១០
ខចងចាំ៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ»។ លូកា ១១:៤