​​ ថ្ងៃអង្គារ ទី១១​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣

អំណានប្រចាំថ្ងៃ៖ គ្មានអ្វីដែលអាចបពា្ឈប់ព្រះជាម្ចាស់មិនឲ្យស្តាប់ឮសេចក្តីប្រាថ្នានៃចិត្ត​របស់​យើងបានឡើយ

ព្រះជាម្ចាស់ប្រកាសថា ទ្រង់នឹងមានកិត្តិយសដោយសារ អស់អ្នកដែលមកជិតទ្រង់អ្នកដែលយកចិត្តទុកដាក់ធ្វើការបម្រើទ្រង់។ «ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតដោយព្រោះគេទុកចិត្តនឹងទ្រង់»។ អេសាយ ២៦ៈ៣។ ព្រះហស្ត​ព្រះជាម្ចាស់លាតសន្ធឹងដើម្បីដឹកនាំយើងទៅមុខជានិច្ច។ ព្រះជាម្ចាស់មានព្រះបន្ទូលថាចូរទៅមុខខ្ញុំនឹងបញ្ជូនជំនួយឲ្យអ្នក។ គឺដើម្បីសិរីល្អដល់ព្រះ​នាមរបស់ខ្ញុំទេ ដែលអ្នកបានសូមនោះហើយ អ្នកនឹងបានទទួល។​ បន្ទូលរបស់ខ្ញុំឈ្នះប្រកបដោយសិរីល្អ «ហើយគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នានឹងអធិស្ឋានសូមដោយមានចិត្តជឿនោះនឹងបានសម្រេចទាំងអស់»។ ម៉ាថាយ ២១ៈ២២។

ចូរឲ្យអស់អ្នកដែលត្រូវបានគេធ្វើឲ្យក្តៅក្រហាយមួម៉ៅឬតូចចិត្តឬ​ប្រើដោយអយុត្តិធម៌ដង្ហោយហៅព្រះជាម្ចាស់។ ចូរងាកចេញពីអស់អ្នកដែលមានចិត្តរឹងដូចជាដែកថែបហើយចូរស្នើសុំដល់ព្រះជាម្ចាស់ដែលបានបង្កើតអ្នកមក។ ព្រះជាម្ចាស់មិនដែលងាកចេញពីអស់អ្នកដែលមកឯទ្រង់ដែលបានកែប្រែចិត្តនោះឡើយ។ គ្មានការអធិស្ឋានដែល​ស្មោះអស់ពីចិត្តណាមួយ​​ត្រូវបាត់បង់ឡើយ។ ទោះបីជាមានសំឡេងចម្រៀងច្រៀងជាក្រុមនៃនគរ​ឋានសួគ៌ឮខ្លាំងយ៉ាងណាក៏ដោយក៏ព្រះជាម្ចាស់ ទ្រង់នៅតែស្តាប់ឮសម្រែក​របស់​មនុស្សកម្សោយបំផុតដែរ។ នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់យើងយើងស្រែកទៅរកព្រះជាម្ចាស់ទូលប្រាប់ទ្រង់អំពីសេចក្តីប្រាថ្នានៃចិត្តរបស់យើងខណៈ​ពេលដែលយើងដើរតាមផ្លូវ យើងអធិស្ឋាន ហើយពាក្យសម្តីរបស់យើង ឮដល់បល្ល័ង្ករបស់សេ្តចនៃសកលលោក។ ពាក្យសម្តីរបស់យើង​អាចមិនឮ​ដល់ត្រចៀករបស់មនុស្ស ប៉ុន្តែពាក្យសម្តីទាំងនោះមិនអាចមិន​ឮនោះឡើយ ហើយក៏មិនអាចបាត់តាមរយៈសកម្មភាពនានា ដែលកំពុងតែដំណើរការ​នោះដែរ។ គ្មានអ្វីអាចមករារាំងឬបញ្ឈប់ព្រះជាម្ចាស់​មិនឲ្យស្តាប់ឮសេចក្តីប្រាថ្នារបស់ចិត្តយើងបានឡើយ។ វាឮលើសពីសំឡេងនៅតាមផ្លូវលើស​​ពីសំឡេងអូ៊អរនៅក្នុងចំណោមហ្វូងមនុស្ស​រហូតទៅដល់បល្ល័ង្ករបស់ព្រះជាម្ចាស់។ គឺយើងនិយាយទៅកាន់ព្រះជាម្ចាស់ហើយទ្រង់បានឮសេចក្តីអធិស្ឋាន​របស់​យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖១៤-២៩

ខចងចាំ៖​​ «ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយដោយ​សេចក្តី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១

Powered by CAM