ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់នឹងឲ្យសេចក្តីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្តីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង។ ទំនុកតម្កើង ៣៧:៦
អំណានប្រចាំថ្ងៃ៖ សេចក្តីប្រាថ្នាដ៏ធំបំផុតរបស់ព្រះយេស៊ូវ គឺសង្រ្គោះកូនចៅរបស់ទ្រង់
បើអ្នកមានអារម្មណ៍ថាមិនសក្តិសមចូរកុំភ័យខ្លាចនឹងថ្វាយបញ្ហាឬរឿងរ៉ាវរបស់អ្នកទៅឯព្រះជាម្ចាស់ឡើយ។ នៅពេលដែលព្រះជាម្ចាស់បញ្ជូនព្រះយេស៊ូវមក ទ្រង់លះបង់អង្គទ្រង់ដើម្បីលោះបាបមនុស្សនៅនាលោកិយទ្រង់រ៉ាប់រងជួយដល់អស់អ្នកណាដែលទូលសូមដល់ទ្រង់ដោយស្មោះអស់ពីចិត្ត។ ឯព្រះអង្គដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នានោះតើមានទំនងអ្វីឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង? រ៉ូម ៨ៈ៣២។ ព្រះជាម្ចាស់ទ្រង់ពិតជានឹងរក្សាការសន្យារបស់ទ្រង់ដែលទ្រង់បានផ្តល់ឲ្យទុកជាការលើកទឹកចិត្តនិងជាកម្លាំងចិត្ត។
សេចក្តីប្រាថ្នាដ៏ធំបំផុតដែលព្រះយេស៊ូវមានគឺសង្គ្រោះកូនចៅរបស់ទ្រង់ចេញពីអំណាចរបស់សាតាំង។ ប៉ុន្តែ មុននឹងយើងត្រូវបានរំដោះចេញពីអំណាចរបស់សាតាំងដែលកំពុងតែធ្វើការនៅខាងក្រៅខ្លួនយើង យើងត្រូវតែរំដោះខ្លួនចេញពីអំណាចរបស់វាដែលធ្វើការនៅក្នុងខ្លួនយើងសិន។ ព្រះជាម្ចាស់បណ្តាលឲ្យមានបញ្ហាកើតឡើងដើម្បីឲ្យយើងបានជ្រះស្អាតពីខាងលោកិយពីភាពអាត្មានិយមពីចរិតលក្ខណៈដែលមិនដូចព្រះយេស៊ូវ។ ព្រះជាម្ចាស់បណ្តាលឲ្យជីវិតយើងជួបនឹងការឈឺចាប់ឬវេទនាដើម្បីឲ្យយើងអាចស្គាល់ទ្រង់ហើយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានបញ្ជូនមក។ ការឈឺចាប់វេទនាជួយរំឭកពីសេចក្តីត្រូវការនៃការជ្រះស្អាតពីអំពើបាប។ នៅពេលដែលយើងងាកទៅរកព្រះជាម្ចាស់ដើម្បីរកជ័យជំនះលើបញ្ហានានានោះយើងចេញមកស្អាតបាតសប្បាយនិងបរិសុទ្ធជាងមុន។ ជាញឹកញាប់យើងត្រូវទទួលការសាកល្បងដោយចិត្តអាត្មានិយម ប៉ុន្តែ បើសិនជាយើងមានអំណត់ក្នុងពេលមានការល្បងលសំខាន់នោះយើងនឹងចេញមកវិញដោយមានអត្តចរិតរបស់ព្រះជាម្ចាស់។ កាលណាគោលបំណងរបស់ទ្រង់នៅក្នុងល្បងលត្រូវបានចប់សព្វគ្រប់ហើយ «ទ្រង់នឹងឲ្យសេចក្តីសុចរិតរបស់អ្នកបានផ្សាយចេញដូចជាពន្លឺហើយសេចក្តីយុត្តិធម៌របស់អ្នកដូចជាវេលាថ្ងៃត្រង់ផង»។ ទំនុកតម្កើង ៣៧ៈ៦។
គ្មានរឿងគ្រោះថ្នាក់ណាដែលព្រះជាម្ចាស់នឹងមិនអើពើចំពោះការអធិស្ឋាននៃរាស្ត្ររបស់ទ្រង់ឡើយ។ រឿងដែលគ្រោះថ្នាក់នោះគឺនៅក្នុងសេចក្តីល្បួងនិងពេលសាកល្បងរាស្ត្ររបស់ទ្រង់នឹងបាក់ទឹកចិត្តហើយមិនបានខិតខំព្យាយាមនៅក្នុងការអធិស្ឋាន។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖៣០-៤៤
ខចងចាំ៖ «ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្តីក្សេមក្សាន្តដ៏បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១