ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតមេត្តាដែរ រីឯសេចក្តីមេត្តា នោះរមែងឈ្នះសេចក្តីជំនុំជម្រះវិញ។ យ៉ាកុប ២:១៣
អំណានប្រចាំថ្ងៃ៖ លោកិយបានមកដល់វិបត្តិយ៉ាងធំចុងក្រោយរបស់វា
ពិភពលោកនេះប្រព្រឹត្តិរំលងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដោយឥតកោតញញើត។ ពីព្រោះសេចក្តីអំណត់របស់ព្រះជាម្ចាស់មនុស្សបានប្រឆាំងនឹងអំណាចរបស់ទ្រង់។ ពួកគេបានជួយពង្រឹងគ្នាទៅវិញទៅមកនៅគ្រាជួបការគៀបសង្កត់និងភាពឃោរឃៅចំពោះរាស្ត្រដែលទ្រង់បានជ្រើសតាំងដោយនិយាយថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយតម្រិះដែរឬ?» ទំនុកតម្កើង ៧៣ៈ១១។ ប៉ុន្តែមានខ្សែនៅខាងមុខដែលពួកគេមិនអាចឆ្លងកាត់បាន។ ពេលវេលាជិតដល់ពេលដែលពួកគេនឹងបានបំពេញពែងនៃអំពើបាបរហូតដល់វាពេញ។ សូម្បីតែពេលឥឡូវនេះពួកគេស្ទើរតែហួសព្រំដែននៃការអំណត់ព្រះគុណនិងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ទៅហើយ។ ព្រះជាម្ចាស់នឹងធ្វើដើម្បីឲ្យទ្រង់បានទទួលការគោរពហើយដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានសង្គ្រោះទ្រង់នឹងបញ្ឈប់អស់អ្នកដែលជ្រើសរើសរស់នៅក្នុងអំពើបាប។ នៅក្នុងសម័យលោកណូអេ មនុស្សបានមើលស្រាលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដល់ថ្នាក់ស្ទើរតែភ្លេចអំពីការចងចាំអំពីព្រះអាទិករ។ អំពើបាបរបស់ពួកគេមានច្រើនហួសពេកដល់ថ្នាក់ព្រះជាម្ចាស់នាំយកទឹកជំនន់មកកាន់ផែនដីហើយសម្លាប់មនុស្សអាក្រក់ដែលរស់នៅលើផែនដី។
ពេញមួយប្រវត្តិសាស្ត្រនៃផែនដីព្រះជាម្ចាស់បានឲ្យមនុស្សដឹងពីការងាររបស់ទ្រង់។ នៅពេលបញ្ហាឬវិបត្តិបានមកដល់ទ្រង់បានបង្ហាញអង្គទ្រង់ហើយបានបញ្ចេញសកម្មភាពបង្អាក់ផែនការរបស់សាតាំង។ ជាមួយនឹងប្រជាជាតិ ក្រុមគ្រួសារ ហើយនិងជាមួយបុគ្គល(មនុស្សម្នាក់ៗ)ទ្រង់ច្រើនតែឲ្យបញ្ហាឬរឿងរ៉ាវក្លាយទៅជាវិបត្តិដើម្បីបង្ហាញឲ្យឃើញច្បាស់ពីរបៀបដែលទ្រង់បានបង្អាក់ឲ្យបានច្បាស់នោះបង្ហាញថា មានព្រះជាម្ចាស់ នៅក្នុងប្រទេសអុីស្រាអែលដែលទ្រង់នឹងរក្សាក្រឹត្យវិន័យរបស់ទ្រង់ហើយឲ្យរាស្ត្ររបស់ទ្រង់រួចពីការស្តីបន្ទោស។
ឥឡូវនេះអំពើបាបហាក់បីដូចជាគ្រប់គ្រងគ្រប់ទីកន្លែងយើងអាចដឹងបានថាពិភពលោកបានមកដល់វិបត្តិចុងក្រោយរបស់វាហើយ។ នៅពេលដែលមនុស្សភាគច្រើនសម្រេចចិត្តធ្វើរំលងក្រឹត្យវិន័យនៅពេលដែលរាស្ត្ររបស់ព្រះជាម្ចាស់ត្រូវបានគៀបសង្កត់និងធ្វើទុក្ខបៀតបៀនដោយមនុស្សគ្នាឯង ព្រះជាម្ចាស់នឹងជួយធ្វើអន្តរាគមន៍(ដោះស្រាយឬសម្រុះសម្រួល)។
ពេលវេលាជិតមកដល់ពេលដែលព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា «ចូរមកជនជាតិខ្ញុំអើយចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួនហើយបិទទ្វារចុះត្រូវឲ្យពួនខ្លួនបន្តិចសិនទាល់តែសេចក្តីក្រោធបានកន្លងហួសទៅ។ ដ្បិតមើលព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មកដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដីដោយព្រោះអំពើទុច្ចរិតរបស់គេឯដីនឹងបើកបង្ហាញឈាមគេឲ្យឃើញឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។ អេសាយ២៦ៈ២០,២១។ អ្នកដែលតាំងខ្លួនជាគ្រីស្ទាន ឥឡូវអាចបោកប្រាស់ឬបន្លំនិងគៀបសង្កត់អ្នកក្រីក្រពួកគេអាចប្លន់ លួចស្រីមេម៉ាយនិងអ្នកកំព្រាឪពុកពួកគេអាចស្កប់ចិត្តនឹងស្អប់សាតាំង ពីព្រោះពួកគេមិនអាចគ្រប់គ្រងសតិសម្បជញ្ញៈរាស្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែសម្រាប់រឿងទាំងអស់នេះព្រះជាម្ចាស់នឹងនាំ ពួកគេមកជំនុំជម្រះ។ «ដ្បិតអ្នកណាដែលប្រព្រឹត្តិដោយឥតមេត្តានោះនឹងត្រូវទោសឥតមេត្តាដែរ។ (យ៉ាកុប ២ៈ១៣)។ មិនយូរទេពួកគេនឹងឈរនៅចំពោះមុខចៅក្រមលើទាំងអស់នៃផែនដីដើម្បីបង្ហាញពីការឈឺចាប់ដែលពួកគេបានប្រព្រឹត្តិចំពោះរាស្ត្ររបស់ព្រះជាម្ចាស់។ ឥឡូវពួកគេអាចត្រូវចោទ ប្រកាន់ខុសដោយសារគេទម្លាក់កំហុសឲ្យ ពួកគេអាចសើចចំអកឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យធ្វើការងាររបស់ទ្រង់ពួកគេអាចដាក់គុកកូនចៅដែលស្មោះត្រង់របស់ព្រះអង្គ បង្ខំឲ្យពួកគេធ្វើការធ្ងន់បំបរបង់ពួកគេនិងសម្លាប់ពួកគេចោល ប៉ុន្តែ មិនយូរឡើយពួកគេនឹងត្រូវឆ្លើយនៅចំពោះមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ចំពោះការឈឺចាប់ដែលពួកគេបានធ្វើទៅលើកូនចៅរបស់ព្រះជាម្ចាស់និងទឹកភ្នែករបស់ពួកគេដែលបានហូរ។ ព្រះជាម្ចាស់នឹងផ្តន្ទាទោសពួកគេទ្វេដងសម្រាប់អំពើបាបដែលពួកគេបានធ្វើទាក់ទងទៅនឹងបាប៊ីឡូនសញ្ញានៃព្រះវិហារនៃអ្នកផ្លាស់ជំនឿ ទ្រង់មានព្រះបន្ទូល ទៅកាន់អស់អ្នកដែលជួយទ្រង់នៅក្នុងការជំនុំជម្រះថា «ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា។ ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះទាំងទ្វេ១ជា២ឲ្យវាផង។ ចូរចាក់១ជា២ទៅក្នុងពែងដែលវាបានចាក់ឲ្យឯង»។ វិវរណៈ ១៨ៈ៥,៦។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៧៖២៤-៣០
ខចងចាំ៖ «ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតមេត្តាដែរ រីឯសេចក្តីមេត្តា នោះរមែងឈ្នះសេចក្តីជំនុំជម្រះវិញ»។ យ៉ាកុប ២:១៣