​​ ថ្ងៃអង្គារ ទី១៨​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-១៥)​

មនុស្សម្នាក់នេះទទួលអ្នកមានបាប

អំណានព្រះគម្ពីរពេលព្រឹក៖ អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេផង។ លូកា ១៥:១-២

អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់សព្វព្រះទ័យនឹងបង្ហាញសេចកី្តមេត្តាករុណា

ខណៈពេលដែល «អ្នកយកពន្ធនិងអ្នកមានបាប» ប្រមូលផ្តុំគ្នានៅជុំវិញព្រះយេស៊ូវ ពួកអាចារ្យគេដុកដាន់ថាអ្នកនេះទទួលមនុស្សបាបហើយក៏សុីជាមួយនឹងគេផង»។ លូកា ១៥ៈ១,២។

ដោយការនិយាយបែបនេះពួកអាចារ្យធ្វើហាក់ដូចជាព្រះយេស៊ូវរីករាយនឹងសេពគប់ជាមួយនិងពួកមនុស្សអាក្រក់ហើយមិនខ្វល់ខ្វាយពីអំពើបាបដែលពួកគេបានប្រព្រឹត្តិ។ ព្រះយេស៊ូវបានធ្វើឲ្យពួកអាចារ្យទាំងនោះខកចិត្ត។ ពួកគេបានគិតថាព្រះយេស៊ូវដែលតាំងខ្លួនថាជាព្រះរាជបុត្រានៃព្រះជាម្ចាស់ត្រូវចំណាយពេលជាមួយពួកគេនិងប្រើវិធីសាស្ត្របង្រៀនរបស់ពួកគេ។ ហេតុអ្វីបានជាព្រះយេស៊ូវស្មោះត្រង់យ៉ាងនេះ ហើយហេតុអ្វីបានជាទ្រង់ធ្វើការជាមួយមនុស្សគ្រប់ប្រភេទដូច្នេះ? ពួកអាចារ្យទាំងនោះគិតថា បើ​ព្រះយេស៊ូវពិតជាហោរា មកពីព្រះជាម្ចាស់ទ្រង់នឹងធ្វើនូវអ្វីដែលពួកគេធ្វើហើយមិនអើពើនឹងអ្នកយកពន្ធនិងអ្នកមានបាបឡើយ ពីព្រោះពួកគេគឺជាមនុស្សអាក្រក់ហើយសក្តិសមនឹងគេធ្វើដាក់បែបដូច្នោះឯង។ ពួកអាចារ្យដែលត្រូវការពារខាងព្រលឹងវិញ្ញាណឲ្យមនុស្សនានាបន្តរករឿងប្រឆាំងនឹងព្រះយេស៊ូវខណៈពេលតែមួយពួកគេត្រូវផ្តន្ទាទោសដោយអត្តចរិតល្អឥតខ្ចោះរបស់ទ្រង់។ ពួកគេបានខឹងជាមួយនឹងទ្រង់ដោយទ្រង់រាក់ទាក់ជាមួយមនុស្សដែលពួកគេគិតថាជាអ្នកមានបាបអាក្រក់ ហើយដែលមិនត្រូវសេពគប់ជាមួយឡើយ។ ពួកគេមិនពេញចិត្តនឹងវិធីសាស្ត្ររបស់ទ្រង់ឡើយ។ ពួកគេចាត់ទុកខ្លួនឯងថា ជាអ្នកចេះដឹងស្អាតស្អំ ហើយមានជំនឿ​លើ​សាសនា​​ណាស់ ប៉ុន្តែរបៀបរស់នៅរបស់ព្រះយេស៊ូវបានបង្ហាញថាពួកគេអាត្មានិយម។ពួកអាចារ្យក៏អាក់អន់ចិត្តដែលពួកអ្នកស្អប់ពួកអាចារ្យហើយនិងមិនទៅព្រះវិហារនឹងមកប្រមូលផ្តុំនៅជុំវិញព្រះយេស៊ូវចង់រៀនសូត្រពីទ្រង់ដែរ។ ពួកអ្នកយកពន្ធនិងពួកផារីសីុមានអារម្មណ៍ខុសខ្លួនហើយត្រូវបានគេថ្កោលទោសនៅពេលដែលពួកគេនៅជុំវិញព្រះយេស៊ូវ ហើយមិនយល់ពីមូលហេតុដែលអ្នកមានបាបមកឯទ្រង់ដោយក្តីអំណរនោះទេ។

ពួកមេដឹកនាំសាសនាទាំងនេះមិនយល់ទេថាចម្លើយឆ្លើយទៅនឹងសំណួររបស់ពួកគេគឺមាននៅក្នុងពាក្យសម្តីរបស់ពួកគេគឺ «អ្នកនេះទទួលមនុស្សបាប» នៅពេលដែលពួកអ្នកមានបាបចូលមកក្នុងព្រះវត្តមានរបស់ព្រះយេស៊ូវពួកគេមានសង្ឃឹមថា ពួកគេអាចគេចផុតពីជីវិតនៃអំពើបាបរបស់ពួកគេបាន។ ពួកផារីសុីមិនបានផ្តល់សេចក្តីសង្ឃឹមឲ្យដល់អ្នកមានបាបឡើយ គឺមានតែផ្តល់សេចក្តីភ័យខ្លាចឲ្យតែប៉ុណ្ណោះ រីឯព្រះយេស៊ូវទ្រង់បានទទួលពួកគេក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ ដ្បិតតែពួកគេជាកូនដែលវង្វេងមែនតែព្រះបិតាដែលគង់នៅនគរឋានសួគ៌មិនបានបំភ្លេចពួកគេឡើយ។មនុស្សទាំងនេះជួបទុក្ខសោកនិងការឈឺចាប់វេទនាច្រើនពេក ហើយ​ដោយ​សារ​តែអំពើបាបរបស់ពួកគេនោះ។ សេចក្តីទុក្ខសោកនេះធ្វើឲ្យព្រះជាម្ចាស់មានព្រះទ័យកាន់តែអាណិតអាសូរចំពោះពួកគេថែមទៀត។ កាលណាមនុស្ស​កាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ទ្រង់កាន់តែនឹករឭកដល់ពួកគេ ហើយទ្រង់កាន់តែចង់ធ្វើអ្វីៗដែលទ្រង់អាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះដល់ពួកគេ។ពួកមេដឹកនាំខាងព្រលឹងវិញ្ញាណនៃជនជាតិអុីស្រាអែល អាចដឹង​ពីរឿងទាំងនេះពីសំណេររបស់ពួកហោរាដែលពួកគេមានមោទនភាពខ្លាំងមែនទែនដែលមានហើយបង្រៀនពីរឿងទាំងនោះ។ ដាវីឌដែលបានធ្លាក់ទៅក្នុង​អំពើបាបយ៉ាងធំដោយបានប្រព្រឹត្តិអំពើផិតក្បត់ ហើយបានធ្វើឲ្យបុរសដែលគ្មានកំហុសស្លាប់នោះបានសរសេរថា «ទូលបង្គំបានវង្វេងទៅដូចជាចៀមបាត់បង់សូមដេញរកអ្នកបម្រើទ្រង់ផង»។ ទំនុកតម្កើង ១១៩ៈ១៧៦។ លោកហោរាមីកាបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឲ្យអ្នកមានបាបបានដឹងដោយគាត់បានសរសេរថា «តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិតហើយក៏បំភ្លេចអំពើរំលងរបស់សំណល់​នៃ​មរតកទ្រង់? ទ្រង់មិនផ្ងំសេចក្តីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរសវិញ»។ មីកា ៧ៈ១៨

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៨៖១-១០

ខចងចាំ៖​​ «ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជម្រះ​វិញ»។ យ៉ាកុប ២:១៣

Powered by CAM