​​ ថ្ងៃពុធ ទី១​​៩ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី ។ លូកា ១៥:៤

អំណានប្រចាំថ្ងៃ៖ ​សូម្បីតែមនុស្សដែលបាត់បង់ ឬវង្វងតែម្នាក់​​ ក៏​ព្រះយេស៊ូវ​នឹងសុគតដើម្បីគេដែរ

នៅពេលដែលព្រះយេស៊ូវបាន ឮការត្អូញត្អែរទាំងនេះទ្រង់មិនបានរំឭកអស់អ្នកដែលកំពុងតែស្តាប់អំពីសំណេររបស់ពួកហោរាឡើយ ប៉ុន្តែទ្រង់បែរជាសូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានជួបប្រទះទៅវិញ។ នៅជនបទប៉ែកខាងកើតនៃទន្លេយ័រដាន់មានស្មៅជាច្រើនសម្រាប់ហ្វូងចៀម។ ចៀមច្រើនតែវង្វេងនៅតាមផ្ទាំងថ្មនិងក្នុងព្រៃហើយពួកអ្នកគង្វាលចៀមបានចេញទៅរកពួកវា ហើយនាំយកវាមកវិញដោយក្តីស្រឡាញ់។ មនុស្សខ្លះដែលកំពុងតែស្តាប់ព្រះយេស៊ូវគឺជាអ្នកគង្វាលចៀម អ្នកខ្លះទៀតគឺជាម្ចាស់អ្នកមានដែលមានចៀមជាច្រើន។ អ្នកទាំងអស់នោះអាចយល់នូវរឿងដែលទ្រង់មានព្រះបន្ទូល ហើយនៅពេលដែលទ្រង់មានព្រះបន្ទូលថា «ក្នុងពួកអ្នករាល់គ្នាបើអ្នកណាមានចៀម១រយតែបាត់១តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថានដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ទាល់តែឃើញទេឬអី?»លូកា ១៥ៈ៤។

ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកអាចារ្យថា អ្នកមានបាបទាំងនេះដែលពួកគេស្អប់នោះ គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ក្នុងនាមជាព្រះអាទិករបង្កើតពួកគេ ព្រះទ្រង់ជាម្ចាស់របស់ពួកគេ ហើយក្នុងនាមជាព្រះ អង្គសង្គ្រោះ ទ្រង់ក៏ជាម្ចាស់របស់ពួកគេដែរ ហើយទ្រង់ទតមើលទៅពួកគេ ថាជាមនុស្សដែលមានតម្លៃណាស់។ ដូចដែលអ្នកគង្វាលចៀមស្រឡាញ់ចៀមរបស់គាត់ដែរ ហើយបើចៀមណាមួយបាត់បង់ទៅ គាត់មិនអាចនៅ​ស្ងៀមបានទេ ឯព្រះជាម្ចាស់វិញព្រះជាម្ចាស់ស្រឡាញ់មនុស្សមានបាបរាល់រូបដែលវង្វេងនោះខ្លាំងណាស់។ មនុស្សអាចបដិសេធមិនទទួលស្គាល់ថាព្រះជាម្ចាស់ស្រឡាញ់ពួកគេ ពួកគេអាចដើរចេញពីទ្រង់ ពួកគេអាចជ្រើស​យកចៅហ្វាយផ្សេង តែពួកគេនៅតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដដែលហើយទ្រង់ចង់នាំកូនចៅរបស់ទ្រង់មកផ្ទះវិញ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា«ឯអ្នកគង្វាលគេតែងមើលហ្វូងចៀមរបស់អញហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះនៅថ្ងៃដែលមេឃមីរស្រទំហើយងងឹតយ៉ាងនោះដែរ»។ អេសេគាល ៣៤ៈ១២។

នៅក្នុងរឿងប្រៀបប្រដូចនេះអ្នកគង្វាលចៀមចេញទៅរកចៀម១ដែលបាត់គឺជាចំនួនដ៏តូចមួយអាចរាប់បាន។ នេះបញ្ជាក់ប្រាប់យើងថាទោះបីជាមានមនុស្សម្នាក់បានវង្វេងឬបាត់បង់នៅក្នុងអំពើបាបក៏ដោយក៏ព្រះយេស៊ូវនឹងនៅតែយាងមកហើយសុគតដើម្បីមនុស្សម្នាក់នោះដែរ។

ចៀមដែលនៅក្រៅទ្រុងសុវត្ថិភាពគឺជាចៀមដែលតែលតោលរកធ្វើអ្វីមិនកើតបំផុតនៅក្នុងចំណោមសត្វទាំងអស់។ អ្នកគង្វាលចៀមត្រូវតែចេញទៅរកវាពីព្រោះថាវាមិនអាចរកផ្លូវមកវិញបានទេ។ រីឯមនុស្សដែលបានដើរចេញឆ្ងាយពីព្រះវិញក៏ដូចគ្នាដែរ គឺគេតែលតោលរកធ្វើអ្វីមិនកើតដូចជាចៀមដែលវង្វេងឬបាត់បង់ដូចគ្នា។ បើសិនជាព្រះជាម្ចាស់មិនបានសង្គ្រោះគេដោយសេចក្តីស្រឡាញ់របស់ទ្រង់នោះទេ គេនឹងមិនអាចរកឃើញផ្លូវមកផ្ទះវិញឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៨៖១១-១៣

ខចងចាំ៖​​ «ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជម្រះ​វិញ»។ យ៉ាកុប ២:១៣

Powered by CAM