ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ គង់តែអញនឹងជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត។ លូកា ១៨:៥
អំណានប្រចាំថ្ងៃ៖ព្រះជាម្ចាស់មានសេចក្តីអាណិតមេត្តាដែលមិនអាចវាល់ ឬវាស់បាន ចំពោះអស់អ្នកដែលខ្វះខាត
ចៅក្រមដែលគេនិយាយនៅក្នុងរឿងប្រៀបប្រដូចនេះ គឺមិនខ្វល់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវឡើយ ហើយគាត់ក៏មិនមានសេចក្តីអាណិតដល់ប្រជាជនដែលកំពុងរងទុក្ខដែរ។ ស្ត្រីមេម៉ាយដែលចេះតែមករកចៅក្រមឲ្យជួយគាត់បានអង្វរសូមឲ្យចៅក្រមជួយ តែចៅក្រមនោះបានបណ្តេញគាត់ចេញម្តងហើយម្តងទៀត។ ទោះបីស្ត្រីមេម៉ាយនោះត្រូវចៅក្រមបណ្តេញចេញជាច្រើនលើកច្រើនសារក៏ដោយក៏គាត់នៅតែត្រឡប់មកវិញដដែល។ចៅក្រមដឹងថាអ្វីដែលគាត់សូមនោះគឺត្រឹមត្រូវហើយគាត់អាចជួយគាត់បានភ្លាមៗ ប៉ុន្តែគាត់មិនជួយ។ គាត់ចង់បង្ហាញពីសេរីភាពក្នុងការប្រើឬមិនប្រើអំណាចរបស់គាត់ ហើយគាត់សប្បាយចិត្តនឹងឃើញស្ត្រីនោះសូមអង្វរគាត់ដោយគ្មានបានទទួលជំនួយពីគាត់សោះ។ ប៉ុន្តែ ស្ត្រីមេម៉ាយម្នាក់នេះមិនព្រមចុះចាញ់ឬបាក់ទឹកចិត្តឡើយ។ គាត់មិនបណ្តោយឲ្យចៅក្រមដែលមានអំនួតនឹងរឹងរូសមករារាំងគាត់មិនឲ្យត្រឡប់មកវិញមកសូមអង្វរឲ្យជួយឡើយ ហើយនៅទីបំផុតចៅក្រមក៏យល់ព្រមជួយគាត់។ ចៅក្រមបាននិយាយថា «ទោះបើអញមិនខ្លាចដល់ព្រះឬព្រមញញើតចំពោះមនុស្សណាក៏ដោយគង់តែអញជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខានដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ក្រែងនាងចេះតែមករំអុកជានិច្ច ដូច្នេះទៅនឹងនាំឲ្យអញពិបាកចិត្តទៅទៀត។ លូកា ១៨ៈ៤-៧ ហើយព្រះយេស៊ូវបានមានបន្ទូលថា «ចំណែកព្រះវិញដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ដល់ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី?» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះជាប្រញាប់មិនខាន លូកា ៧ៈ៨។ ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា គឺមានភាពខុសគ្នាឆ្ងាយណាស់រវាងចៅក្រមដែលមិនយុត្តិធម៌នេះ ហើយនិងព្រះជាម្ចាស់នោះ។ ចៅក្រមជួយស្ត្រីដោយសារតែហេតុផលមានភាពអាត្មានិយមពីព្រោះគាត់មិនចង់ឲ្យស្ត្រីមេម៉ាយនោះមករំខានគាត់តទៅទៀត។ គាត់គ្មានចិត្តអាណិតឬអាសូរដល់ស្ត្រីនោះឡើយគាត់មិនខ្វល់អំពីការរងទុក្ខឬការឈឺចាប់វេទនារបស់ស្ត្រីមេម៉ាយនោះឡើយ។ខុសប្លែកពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលស្វែងរកទ្រង់។ ការអធិស្ឋានរបស់អ្នកដែលខ្វះខាតនិងអ្នកដែលមានទុក្ខព្រួយគឺទ្រង់យកចិត្តទុកដាក់រួមជាមួយនិងសេចក្តីអាណិតអាសូរដែលមិនអាចវាល់បាន។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៤៖១-២០
ខចងចាំ៖ «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ រ៉ូម ៣:២៦