​​ ថ្ងៃសៅរ៍ ទី២២​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។ លូកា ១៥:៧

អំណានប្រចាំថ្ងៃ៖ ​អ្នកនៅនគរឋានសួគ៌ទាំងអស់រីករាយ នៅពេលអ្នក​ដែល​បាត់បង់ ឬវង្វេងលន់តួទោស

នៅទីបញ្ចប់ពេលចៀមដែលបាត់បង់ឬវង្វេងត្រូវបាននាំមកផ្ទះអ្នកគង្វាលចៀមថ្លែងអំណរគុណដោយច្រៀងចម្រៀងនៃសេចក្តីអំណរយ៉ាងសប្បាយហើយពីរោះ។ គាត់បានហៅមិត្តភក្តិនិងអ្នកជិត​ខាងនិយាយ​ទៅ​កាន់ពួកគេថា «សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់​នោះ​ឃើញវិញហើយ»។ លូកា ១៥ៈ៦ ដូច្នេះនៅពេលដែលមនុស្សបាត់បង់ឬវង្វេងនៅក្នុងអំពើបាបត្រូវបានរកឃើញដោយអ្នកគង្វាលដ៏ល្អអស្ចារ្យដែលជាព្រះជាម្ចាស់ នោះនគរឋានសួគ៌និងផែនដីរួបរួមគ្នានៅក្នុងការថ្លែងអំណរគុណនិងដោយការត្រេកអរ។

«នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ដែលប្រែចិត្តវិញជាជាងមនុស្សសុចរិត៩៩នាក់ដែលមិនត្រូវការប្រែចិត្តទេ»។ លូកា ១៥ៈ៧។ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកផារីសុីថា «អ្នកចាត់ទុកខ្លួនឯងថាជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់នៅនគរឋានសួគ៌។ អ្នកគិតថាសេចក្តីសុចរិតរបស់អ្នកគឺគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះអ្នកហើយ។ អ្នកត្រូវយល់ថា ខ្ញុំអាចជួយបានតែមនុស្សណាដែលយល់ឃើញថា ខ្លួនត្រូវការលន់តួទោសតែប៉ុណ្ណោះ។ មនុស្សទាំងឡាយណាដែលដឹងថាខ្លួនខ្វះសេចក្តីសុចរិតដោយសារតែអំពើបាបរបស់ខ្លួនច្រើនពេកពួកគេនោះហើយដែលខ្ញុំបានមកដើម្បីជួយសង្គ្រោះនោះ។ ពួកមនុស្សទាំងនេះដែលត្រូវបានផ្តន្ទាទោសដោយសារតែអំពើបាបរបស់ពួកគេគឺជាពួកមនុស្សដែលពួកទេវតានៅនគរឋានសួគ៌ចាប់អារម្មណ៍។ នៅពេលដែលមានមនុស្សណាម្នាក់នៅក្នុងចំណោមអ្នកមានបាបទាំងនេះដើរតាមខ្ញុំអ្នកត្អូញត្អែរតែនៅនគរឋានសួគ៌ពពួកទេវតារីករាយដោយច្រៀងចម្រៀងជ័យជំនះ»។

ពួកអាចារ្យមានពាក្យស្លោកមួយថា «មានការត្រេកអរនៅនគរឋានសួគ៌ខណៈពេលដែលមនុស្សម្នាក់បានប្រព្រឹត្តិអំពើបាបប្រឆាំងនឹងព្រះជាម្ចាស់ត្រូវបានបំផ្លាញ ប៉ុន្តែព្រះយេស៊ូវបានបង្រៀនថាចំពោះព្រះជាម្ចាស់ការងារនៃការបំផ្លាញគឺជាការងារចម្លែក។ នគរឋានសួគ៌សប្បាយខ្លាំងបំផុតនៅពេលដែលអ្នកមានបាបត្រូវបានកែប្រែទៅដូចជារូបភាពរបស់ព្រះជាម្ចាស់ឡើងវិញ។

បើសិនជាមនុស្សណាម្នាក់បានរស់នៅក្នុងជីវិតដែលមានអំពើបាបហើយចង់វិលត្រឡប់ទៅរកព្រះជាម្ចាស់នោះគាត់នឹងត្រូវគេរិះគន់ហើយមិនជឿទុកចិត្តទេ។ អ្នកខ្លះមុខជាសង្ស័យថា តើគាត់ពិតជាលន់តួទោសឬក៏ថាអ្នកណានឹងនិយាយពាក្យចចាមអារ៉ាមថា គាត់ជាមនុស្សកំសោយហើយ​នឹងវិលត្រឡប់ទៅរកជីវិតដែលមានអំពើបាបវិញជាមិនខាន។ មនុស្សទាំងនេះគឺកំពុងតែធ្វើការងាររបស់សាតាំងដែលជាអ្នកចោទប្រកាន់ទម្លាក់កំហុសឲ្យកូនចៅរបស់ព្រះជាម្ចាស់។ សាតាំងគិតប្រើការរិះគន់របស់ពួកគេ​ដើម្បីបំបាក់ទឹកចិត្តដល់អ្នកមានបាបដែលបានលន់តួទោសដោយដកយកសេចក្តីសង្ឃឹមនឹងមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ អ្នកមានបាបដែលបានលន់តួទោសត្រូវតែគិតឲ្យបានច្បាស់អំពីទំហំនៃការសប្បាយរីករាយរបស់អ្នកនៅនគរឋានសួគ៌នៅពេលដែលមានអ្នកវង្វេងនៅក្នុងអំពើបាបបានលន់តួទោស។ សូមឲ្យគាត់មានសេចក្តីជំនឿនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះចំពោះគាត់ហើយនិងមិនបាក់ទឹកចិត្តដោយសារពាក្យសម្តីរបស់អ្នកដទៃនោះឡើយ។ ពួកអាចារ្យយល់ពីរឿងប្រៀបប្រដូចដែលព្រះយេស៊ូវបានប្រាប់នេះគឺមានប្រសិទ្ធិភាពចំពោះអ្នកយកពន្ធនិងអ្នកមានបាប ហើយវាក៏មានន័យទូលំទូលាយដែរ។ ចៀមដែលវង្វេងមិនត្រឹមតែតំណាងឲ្យមនុស្សមានបាបម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណាងឲ្យពិភពមួយនៅក្នុងនគររបស់ព្រះជាម្ចាស់ដែលបានងាកចេញពីទ្រង់ ហើយដែលត្រូវបានខ្ទេចខ្ទាំដោយសារអំពើបាបដែរ។ ពិភពលោកនេះគឺមានចំនួនរាប់លាននាក់ដែលព្រះជាម្ចាស់បានបង្កើតតែនៅក្នុងព្រះនេត្រទ្រង់ពិភពលោកដែលមានបាបដ៏តូចមួយដែលជាចៀមវង្វេងនេះនៅតែមានតម្លៃជាងចៀមទាំង៩៩ដែលនៅក្នុងបន្ទុកនៃការមើលថែមិនដែលដាច់នោះទៅទៀត។ ព្រះយេស៊ូវដែលជាមេបញ្ជាការប្រកបដោយក្តីស្រឡាញ់នៅក្នុងព្រះបរមរាជវាំងនៅនគរឋានសួគ៌បានយាងចាកចេញពីមុខតំណែងដែលមានអំណាចរបស់ទ្រង់ហើយទុកសិរីល្អដែលទ្រង់មានជាមួយព្រះវរបិតានៅមួយឡែកដើម្បីមកសង្គ្រោះពិភពលោកមួយដែលបាត់បង់ឬវង្វេង។ ដោយព្រោះតែរឿងនេះទ្រង់បានយាងចាកចេញពីពិភពដែលគ្មានបាបហើយនិងចៀមទាំង៩៩ដែលស្រឡាញ់ទ្រង់ហើយយាងមកកាន់ផែនដីនេះឲ្យ «ទ្រង់ត្រូវរងរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើង។ (អេសាយ ៥៣ៈ៥)​ ព្រះជាម្ចាស់ប្រទានអង្គទ្រង់ដោយប្រទានព្រះរាជបុត្រារបស់ទ្រង់ដើម្បីឲ្យទ្រង់មានសេចក្តីអំណរនូវការទទួលយកចៀមដែលបាត់បង់ឬវង្វេងនោះមកវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៨៖២៧-២៨

ខចងចាំ៖​​ «ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជម្រះ​វិញ»។ យ៉ាកុប ២:១៣

Powered by CAM