ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ។ យ៉ូហានទី១ ៣:១
អំណានប្រចាំថ្ងៃ៖ គ្រប់គ្នាត្រូវបានចាត់ឲ្យទៅរកអ្នកដែលបាត់បង់ ឬវង្វេង
«មើលសេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នាឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ»។ (យ៉ូហានទី១ ៣ៈ១)។ ហើយព្រះគ្រីស្ទមានព្រះបន្ទូលថា «ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកិយដូចជាទ្រង់បានចាត់ទូលបង្គំឲ្យមកក្នុងលោកិយដែរ»។ (យ៉ូហាន១៧ៈ១៨)ហើយសេចក្តីវេទនាណារបស់ព្រះគ្រីស្ទដែលខ្វះក្នុងរូបសាច់ខ្ញុំនោះកំពុងតែបំពេញឡើងដោយព្រោះរូបកាយទ្រង់គឺជាពួកជំនុំ។ កូឡុស ១ៈ២៤។ មនុស្សម្នាក់ៗដែលត្រូវបានព្រះយេស៊ូវជួយសង្គ្រោះត្រូវបានត្រាស់ហៅឲ្យធ្វើការនៅក្នុងព្រះនាមរបស់ទ្រង់ដើម្បីជួយសង្គ្រោះអស់អ្នកណាដែលវង្វេងនៅក្នុងអំពើបាប។ នៅក្នុងប្រទេសអុីស្រាអែលការងារនេះមិនមានអ្នកណាគេយកចិត្តទុកដាក់នោះទេ។ តើសព្វថ្ងៃនេះអ្នកដែលបានហៅខ្លួនឯងថា ជាអ្នកដើរតាមព្រះយេស៊ូវនោះមិនយកចិត្តទុកដាក់ចំពោះការងារនេះទេឬអី?
តើមានមនុស្សវង្វេងខាងឯព្រលឹងវិញ្ញាណប៉ុន្មាននាក់ហើយដែលអ្នកបាននាំមកឯព្រះយេស៊ូវវិញនោះ? នៅពេលដែលអ្នកងាកចេញពីអស់អ្នកដែលហាក់ដូចជាគ្មានសង្ឃឹមនិងមិនមានគេចាប់អារម្មណ៍តើអ្នកដឹងទេថាអ្នកបានព្រងើយកន្តើយឬបោះបង់ចំពោះអស់អ្នកដែលព្រះយេស៊ូវកំពុងតែស្វែងរកនោះ? ពេលដែលអ្នកងាកចេញពីពួកគេ ពួកគេអាចស្ថិតនៅក្នុងសភាពដែលត្រូវការសេចក្តីអាណិតអាសូររបស់អ្នកខ្លាំងបំផុត។ រាល់ការប្រមូលផ្តុំថ្វាយបង្គំនានាមានមនុស្សចង់សម្រាកនិងចង់បានសេចក្តីសុខសាន្ត។ពួកគេអាចរស់នៅក្នុងជីវិតដែលធ្វេសប្រហែស ប៉ុន្តែពួកគេមិនអើពើចំពោះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនោះទេ។ មានមនុស្សជាច្រើននៅក្នុងចំណោមពួកគេអាចនាំមកឯព្រះយេស៊ូវបាន។
បើសិនជាចៀមដែលវង្វេងមិនត្រូវបាននាំមកក្នុងហ្វូងដែលមានសុវត្ថិភាពវិញទេនោះវានឹងដើរវង្វេងផ្លូវរហូតដល់ស្លាប់។ ហើយមនុស្សជាច្រើនត្រូវបាត់បង់ជារៀងរហូតពីព្រោះគ្មានអ្នកណាស្ម័គ្រចិត្តជួយពួកគេទៅរកព្រះយេស៊ូវ។ អ្នកមានបាបទាំងនេះមើលទៅហាក់ដូចជាមានចិត្តរឹងរូសហើយមិនខ្វល់ខ្វាយ ប៉ុន្តែបើសិនជាពួកគេមានឱកាសពួកគេអាចងាកពីផ្លូវអាក្រក់របស់ពួកគេចេញហើយប្រើប្រាស់ទេពកោសល្យរបស់ពួកគេដើម្បីសិរីល្អរបស់ព្រះជាម្ចាស់វិញ។ ពួកទេវតាអាណិតអាសូរដល់អ្នកដែលវង្វេងទាំងនេះ។ ពួកទេវតាទ្រហោយំខណៈពេលដែលពួកមនុស្សម្នាមិនខ្ចីសម្រក់ទឹកភ្នែក ហើយនិងគ្មានចិត្តអាណិតអាសូរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៩៖១-១៣
ខចងចាំ៖ «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ»។ យ៉ូហានទី១ ៣:១