ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ឬមានស្ត្រីឯណា ដែលមានប្រាក់១០ដួង បើបាត់១ តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាស់តែបានឃើញទេឬអី កាលរកឃើញ នោះក៏ហៅពួកសម្លាញ់ និងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ ។ លូកា ១៥:៨-៩
អំណានប្រចាំថ្ងៃ៖ ការលន់តួទោស នំាឲ្យមានសេចក្តីរីករាយយ៉ាងខ្លាំង
បន្ទាប់ពីមានព្រះបន្ទូលអំពីចៀមដែលវង្វេងឬបាត់បង់មកព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពីរឿងប្រៀបប្រដូចមួយទៀតថា «ឬមានស្ត្រីណាដែលមានប្រាក់១០ដួងបើបាត់១តើមិនអុជចង្កៀងហើយបោសផ្ទះរកអស់ពីចិត្តទាល់តែបានឃើញទេឬអី?» លូកា ១៥ៈ៨
នៅប៉ែកខាងកើតតាមធម្មតាផ្ទះរបស់ពួកអ្នកក្រីក្រធ្លាប់មានតែ១បន្ទប់ជារឿយៗបន្ទប់នោះមានសភាពងងឹតហើយមិនមានបង្អួចទេ។ បន្ទប់នោះកម្រនឹងបោសសំអាតណាស់ហើយប្រាក់កាសដែលធ្លាក់ទៅលើឥដ្ឋឬក្តារនឹងត្រូវកប់បាត់ដោយដីនិងសម្រាមជាមិនខាន។ ដើម្បីរកវាឃើញសូម្បីតែពេលថ្ងៃនោះត្រូវតែអុចទៀនហើយត្រូវបោសផ្ទះដោយយកចិត្តទុកដាក់។ កាលណាស្ត្រីរៀបការតាមធម្មតាគេតែងតែឲ្យរង្វាន់ជាលុយកាក់ដែលនាងត្រូវរក្សាទុកជាទ្រព្យសម្បត្តិដែលមានតម្លៃក្នុងបំណងបន្តទុកឲ្យកូនស្រីរបស់នាង។ ការបាត់បង់ប្រាក់កាក់១ដួងគឺដូចជាបាត់បង់ធំណាស់ ហើយការដែលរកឃើញវាវិញគឺជារឿងដែលមានសេចក្តីអំណរបំផុត ស្ត្រីនៅជិតខាងក៏ចែករំលែកការសប្បាយចិត្តនេះដែរ។
ព្រះយេស៊ូវបានមានព្រះបន្ទូលបន្តទៀតថា «កាលរកឃើញនោះក៏ហៅពួកសម្លាញ់និងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ដែលខ្ញុំបាត់នោះ រកឃើញវិញហើយ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរនៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរដោយសារមនុស្សបាបតែ១នាក់ដែលប្រែចិត្តវិញ»។ លូកា ១៥ៈ៩,១០
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៩៖៣០-៣៧
ខចងចាំ៖ «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ»។ យ៉ូហានទី១ ៣:១