​​ ថ្ងៃព្រហស្បតិ៍ ទី២៧​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្តី​វេទនា​ណា​របស់​ព្រះគ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូបកាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ។ កូឡូស ១:២៤

អំណានប្រចាំថ្ងៃ៖ ​សិក្សា ឬពិនិត្យជីវិតរបស់អ្នក ដើម្បីឲ្យដឹងច្បាស់ថា អ្នកបាន​បោះបង់អំពើបាប​ទាំងអស់ចោល

ចៀមដែលដើរចេញឆ្ងាយពីកន្លែងសុវត្ថិភាពវាវង្វេងនៅក្នុងទីរហោស្ថានឬក៏នៅលើភ្នំ។ ប្រាក់កាក់១ដួងគឺបានបាត់នៅក្នុងផ្ទះ។ ប្រាក់កាក់នោះនៅជិតតែចង់រកវាឲ្យឃើញទាល់តែយកចិត្តទុកដាក់ព្យាយាមរកវា។

រឿងប្រៀបប្រដូចនេះមានមេរៀនសម្រាប់បង្រៀនដល់ក្រុមគ្រួសារនានា។ នៅក្នុងគ្រួសារជារឿយៗឧស្សាហ៍មានការធ្វេសប្រហែសច្រើនណាស់ទាក់ទងទៅនឹងជីវិតខាងព្រលឹងវិញ្ញាណនៃសមាជិកគ្រួសារ។ នៅក្នុងក្រុមគ្រួសារខ្លះអាចមានម្នាក់ដែលវង្វេងចេញពីព្រះជាម្ចាស់ ប៉ុន្តែមនុស្សដែលជាអំណោយមកពីព្រះជាម្ចាស់នេះមិនបានទទួលការស្រឡាញ់ឬគិតដិតដល់អាចធ្វើឲ្យគេវង្វេងបាន។

ប្រាក់កាក់ទោះបីជាវាកប់នៅក្នុងធូលីនិងសម្រាមក៏ដោយក៏វានៅតែជាប្រាក់កាក់ដដែល។ ម្ចាស់វាតាមរកវាពីព្រោះវាមានតម្លៃ។ មនុស្សម្នាក់ៗ មិនថាមានអំពើបាបយ៉ាងណានោះទេគឺត្រូវបានព្រះជាម្ចាស់រាប់ថាមានតម្លៃដែរ។ គឺដូចជាប្រាក់កាក់១ដួងដែលមានរូបភាពនិងឈ្មោះស្តេចដែរ រីឯនៅពេលដែលមនុស្សត្រូវបានបង្កើតគឺមានរូបភាពនិងព្រះនាមរបស់ព្រះជាម្ចាស់ដូចគ្នាដែរ។ ឥឡូវទោះបីជាមនុស្សត្រូវបានខូចបង់ដោយសារអំពើបាបក៏ដោយក៏ភស្តុតាងនៃរូបភាពនិងព្រះនាមរបស់ព្រះជាម្ចាស់អាចនៅតែមើលឃើញនៅក្នុងមនុស្សដែរ។ ព្រះជាម្ចាស់ចង់រកមនុស្សដែលបាត់បង់ឬវង្វេង នោះហើយបង្កើតរូបភាពនិងព្រះនាមរបស់ទ្រង់នៅក្នុងជីវិតមនុស្សនោះសាជាថ្មី។

ស្ត្រីនៅក្នុងរឿងប្រៀបប្រដូចរកប្រាក់កាក់ដែលបាត់របស់គាត់យ៉ាងយកចិត្តទុកដាក់។ គាត់អុជទៀនហើយបោសផ្ទះ។ គាត់រើរបស់របរដែលអាចទើសដល់ការរករបស់គាត់ចេញ។ ទោះបើវាជាប្រាក់កាក់តែ១ដួងដែលបាត់ក៏ពិតមែនគាត់នឹងមិនឈប់រកវាឡើយរហូតទាល់តែរកវាឃើញវិញ។ដូច្នេះនៅក្នុងក្រុមគ្រួសារបើសិនមានសមាជិកណាម្នាក់បាត់ឬវង្វេងចេញពីព្រះជាម្ចាស់ត្រូវរកគ្រប់មធ្យោបាយដើម្បីឲ្យគេវិលត្រឡប់មកវិញ។ សមាជិក គ្រួសារម្នាក់ៗដទៃទៀតត្រូវស្វែងយល់ពីចិត្តរបស់គេដោយយកចិត្តទុកដាក់។ចូរឲ្យពួកគេសិក្សារៀនសូត្រអំពីរបៀបនៃជីវិតរស់នៅធ្វើយ៉ាងណាឲ្យដឹងថាពួកគេបានលះបង់អំពើបាបចោលឲ្យអស់។ បើសិនជានៅក្នុងគ្រួសារមាន​កូនណាម្នាក់ដែលមិនដឹងថាខ្លួនមានអំពើបាបនៅក្នុងជីវិតឪពុកម្តាយមិនត្រូវ​នៅស្ងៀមនោះទេ។ ចូរអុជទៀនឡើង។ ចូរស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់​ហើយតាមរយៈការណែនាំរបស់ព្រះបន្ទូលនោះចូរស្វែងយល់នៅក្នុងគ្រួសារដើម្បីឲ្យដឹងពីមូលហេតុដែលធ្វើឲ្យកូននោះវង្វេងឬបាត់បង់។ សូមឲ្យឪពុកម្តាយស្វែងយល់ពីចិត្តរបស់ខ្លួនឯងពិនិត្យសង្កេតមើលពីទម្លាប់និងការអនុវត្តន៍របស់ខ្លួន។ កូនចៅជារបស់ផងព្រះជាម្ចាស់ហើយទ្រង់អាចឆ្លើយតបបានចំពោះការចាត់ចែងទ្រព្យសម្បត្តិរបស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៩៖៤២-៥១

ខចងចាំ៖​​ «មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ»។ យ៉ូហានទី១ ៣:១

Powered by CAM