ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។ អេសាយ ៨:១៨
អំណានប្រចាំថ្ងៃ៖ ការងារ ដើម្បីសេចក្តីសង្រ្គោះសម្រាប់ក្រុមគ្រួសាររបស់អ្នក
ឪពុកម្តាយខ្លះចង់ធ្វើជាបេសកជនបរទេសឬក៏អាចមានសកម្មភាពនៅក្នុងការផ្សព្វផ្សាយដំណឹងពីព្រះយេស៊ូវនៅក្នុងសហគមន៍របស់ពួកគេរួចទៅហើយខណៈពេលកូនៗរបស់ពួកគេមិនស្គាល់ឬមិនដឹងអំពីព្រះអង្គសង្គ្រោះនិងសេចក្តីស្រឡាញ់របស់ទ្រង់។ មានឪពុកម្តាយជាច្រើនទុកដាក់ការងារនាំកូនៗរបស់គេឲ្យស្គាល់ព្រះយេស៊ូវនោះទៅលើលោកគ្រូគង្វាលឬក៏គ្រូបង្រៀនថ្នាក់សប្បាតហ៍អ្នកណែនាំទៅវិញតែការធ្វើបែបនេះពួកគេបោះបង់ភារកិច្ចការងារដែលព្រះជាម្ចាស់បានប្រទានឲ្យពួកគេហើយ។ ការងារដែលសំខាន់បំផុតដែលឪពុកឬម្តាយអាចធ្វើដើម្បីព្រះជាម្ចាស់បានគឺបង្រៀនកូនៗរបស់ពួកគេឲ្យក្លាយទៅជាគ្រីស្ទាន។ វាគឺជាការងារដែលទាមទារការអត់ធ្មត់ការងារដែលត្រូវខំព្យាយាមយកចិត្តទុកដាក់និងស៊ូទ្រាំក្នុងរយៈពេលយូរ។បើសិនជាយើងមិនធ្វើការងារនេះទេនោះយើងមិនស្មោះត្រង់នឹងព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់នឹងមិនទទួលយកការដោះសាណាមួយឡើយបើសិនជាការងារនេះមិនបានធ្វើរួចរាល់ទេនោះ។ ប៉ុន្តែ អស់អ្នកដែលបានធ្វើខុសដោយមិនបានធ្វើការងារនេះមិនត្រូវបារម្ភឡើយ។ ស្ត្រីដែលបាត់ប្រាក់កាក់នោះបានរកទាល់តែឃើញវាវិញ។ ដូច្នេះសូមឲ្យឪពុកម្តាយធ្វើការដើម្បីក្រុមគ្រួសារនៅក្នុងសេចក្តីស្រឡាញ់សេចក្តីជំនឿនិងការអធិស្ឋានរហូតដល់ពួកគេមកឯព្រះជាម្ចាស់ដោយសេចក្តីអំណរនិយាយថា «មើលខ្ញុំហើយនិងកូនដែលព្រះយេហូវ៉ាប្រទានមកខ្ញុំ»។ អេសាយ ៨ៈ១៨ នេះគឺជាបេសកកម្មការងារពិតនៅក្នុងគ្រួសារហើយអស់អ្នកដែលធ្វើការងារនោះនឹងទទួលពរបានយ៉ាងច្រើនដូចអស់អ្នកដែលពួកគេបានធ្វើការងារឲ្យដែរ។ ដោយការខិតខំប្រឹងធ្វើការងារដើម្បីក្រុមគ្រួសាររបស់យើងយើងកំពុងតែរៀបចំខ្លួនធ្វើការដើម្បីសមាជិកគ្រួសាររបស់ព្រះជាម្ចាស់ជាមួយអស់អ្នកដែលស្មោះស្ម័គ្រចំពោះព្រះគ្រីស្ទដែលយើងត្រូវរស់នៅជាមួយអស់កល្ប។ យើងត្រូវបង្ហាញកម្រិតនៃការចាប់អារម្មណ៍ដូចគ្នាចំពោះបងប្អូនគ្រីស្ទានប្រុសស្រីរបស់យើងដូចដែលយើងបង្ហាញចំពោះក្រុមគ្រួសាររបស់យើងដែរ។
វាគឺជាផែនការរបស់ព្រះជាម្ចាស់ដែលការងារនេះត្រូវរៀបចំយើងឲ្យធ្វើការដើម្បីអ្នកដទៃ។ កាលណាយើងមានសេចក្តីស្រឡាញ់ធំធេងហើយនិងមានសេចក្តីអាណិតអាសូរចំពោះអ្នកដទៃយើងនឹងឃើញមានការងារដែលត្រូវធ្វើច្រើននៅគ្រប់ទីកន្លែង។ ក្រុមគ្រួសារដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះគឺត្រូវយកចិត្តទុកដាក់ថែរក្សាដល់មនុស្សគ្រប់រូបដែលរស់នៅលើពិភពលោកនេះ។
ទោះជាយើងនៅទីណាក៏ដោយគឺមានប្រាក់កាក់ដែលបាត់បង់រង់ចាំឲ្យយើងរក។ តើយើងស្វែងរកវាទេ? ពីមួយថ្ងៃទៅមួយថ្ងៃយើងជួបជាមួយអ្នកទាំងឡាយដែលគេមិនចាប់អារម្មណ៍ទៅលើរឿងសាសនាយើងនិយាយជាមួយពួកគេ យើងទៅសួរសុខទុក្ខឬទៅលេងជាមួយពួកគេ តើយើងបង្ហាញការចាប់អារម្មណ៍ទៅលើផលប្រយោជន៍ឬសុខុមាលភាពខាងព្រលឹងវិញ្ញាណរបស់ពួកគេដែរឬទេ? តើយើងណែនាំព្រះយេស៊ូវឲ្យពួកគេស្គាល់ថា ទ្រង់គឺជាព្រះអង្គសង្គ្រោះដែលអភ័យទោសបាបឲ្យពួកគេដែរឬទេ?
ចិត្តរបស់យើងដែលកក់ក្តៅដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទតើយើងប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់នោះដែរឬទេ? បើសិនជាយើងមិនបានប្រាប់តើយើងប្រឈមមុខនឹងអ្នកដែលបាត់បង់ឬវង្វេងជារៀងរហូតទាំងនេះយ៉ាងណាទៅ នៅពេលដែលយើងឈរនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នោះ?
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖១-១២
ខចងចាំ៖ «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ»។ យ៉ូហានទី១ ៣:១