​​ ថ្ងៃសៅរ៍ ទី២៩​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ លុះ​វេលា​ម៉ោង​៣ នោះ​ព្រះយេស៊ូវ ទ្រង់​បន្លឺឧទាន​ជា​ខ្លាំង​ថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺ​ស្រាយ​ថា ព្រះអង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះអង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ។ ម៉ាកុស ១៥:៣៤

អំណានប្រចាំថ្ងៃ៖ ​ធនធានគរឋានសួគ៌ទាំងអស់ គឺមានសម្រាប់សង្រ្គោះអ្នកដែលបាត់បង់ ឬវង្វេង

តើអ្នកណាអាចប៉ាន់ស្មានតម្លៃរបស់មនុស្សម្នាក់បានទៅ? បើសិនជាអ្នកចង់ដឹងពីតម្លៃរបស់មនុស្សណាម្នាក់ចូរទៅឯសួនច្បារកេតសេម៉ានីចុះហើយទៅដល់ទីនោះចូរសង្កេតមើលការឈឺចាប់របស់ព្រះយេស៊ូវកាលដែលទ្រង់ហូរញើសជាដំណក់ឈាមនោះ។ ចូរសម្លឹងមើលទៅឯព្រះអង្គសង្គ្រោះត្រូវបានលើកឡើងនៅលើឈើឆ្កាងចុះ។ ចូរស្តាប់នូវសម្រែកនៃការអស់សង្ឃឹមរបស់ទ្រង់ «ឱព្រះនៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? ម៉ាកុស ១៥ៈ៣៤ ចូរមើលទៅ​របួស​នៅ​លើព្រះកេសរបស់ទ្រង់ របួសនៅចំហៀងព្រះកាយរបស់ទ្រង់ ព្រះហស្តនិងព្រះពស្តរបស់ទ្រង់ដែលគេបានដំដែកគោលចុះ។ ចូរចងចាំថាព្រះយេស៊ូវទ្រង់ប្រថុយទាំងអស់។ ដើម្បីប្រោសលោះយើង ព្រះជាម្ចាស់​ស៊ូប្តូរសូម្បីតែនគរឋានសួគ៌។ នៅឯឈើឆ្កាងចូរចងចាំថា ព្រះយេស៊ូវស៊ូ​លះ​បង់ព្រះជន្មដើម្បីមនុស្សមានបាបម្នាក់ អ្នកអាចប៉ាន់ស្មានតម្លៃរបស់មនុស្សម្នាក់ដឹងហើយ នោះពេលឃើញទ្រង់ធ្វើបែបនេះ។

បើអ្នករួបរួមជាមួយព្រះយេស៊ូវអ្នកនឹងឲ្យតម្លៃមនុស្សម្នាក់ៗដូចដែលព្រះជាម្ចាស់បានឲ្យតម្លៃទៅលើពួកគេដែរ។ អ្នកនឹងមានអារម្មណ៍ស្រឡាញ់អ្នកដទៃជ្រាលជ្រៅដូចដែលព្រះយេស៊ូវមានអារម្មណ៍ស្រឡាញ់ចំពោះអ្នកដូច្នោះដែរ។ នោះអ្នកនឹងអាចទាក់ទាញមនុស្សមកឯព្រះយេស៊ូវដែលអ្នកទាំងនោះទ្រង់បានសុគតដើម្បីពួកគេជាជាងរុញពួកគេឲ្យចេញទៅឆ្ងាយ។គ្មានអ្នកណាម្នាក់ត្រូវបាននាំត្រឡប់ទៅឯព្រះជាម្ចាស់បានទេ បើសិនជាព្រះយេស៊ូវមិនខិតខំដោយអង្គឯង ដើម្បីពួកគេនោះ ហើយវាក៏ជាការងារផ្ទាល់ខ្លួននេះដែរដែលយើងអាចជួយសង្គ្រោះដល់អស់អ្នកដែលវង្វេងឬបាត់បង់។នៅពេលអ្នករកឃើញអស់អ្នកដែលកំពុងតែធ្លាក់ចូលទៅក្នុងសេចក្តីស្លាប់អ្នកនឹងមិនមានចិត្តមិនខ្វល់ខ្វាយដោយមិនអើពើចំពោះពួកគេឡើយ។ កាលណាអំពើបាបរបស់ពួកគេកាន់តែធំហើយសេចក្តីវេទនាកាន់តែជ្រៅអ្នកនឹងកាន់តែត្រូវខិតខំយកចិត្តទុកដាក់ឲ្យអស់ពីចិត្តនិងថ្នាក់ថ្នមពួកគេកាន់តែច្រើន ដើម្បីឲ្យពួកគេត្រឡប់មករកសភាពដើមវិញ។ អ្នកនឹងឃើញសេចក្តីត្រូវការរបស់អស់អ្នកដែលឈឺចាប់អ្នកដែលធ្លាប់បានប្រព្រឹត្តិបាបប្រឆាំងនឹងព្រះជាម្ចាស់ហើយនិងអស់អ្នកដែលត្រូវបានគេសង្កត់សង្កិនដោយបន្ទុកនៃកំហុសឬភាពមានទោស។ ចិត្តរបស់អ្នកនឹងមានសេក្តីអាណិតមេត្តាចំពោះពួកគេហើយអ្នកនឹងជួយដល់ពួកគេ។ អ្នកនឹងប្រើប្រាស់សេចក្តីជំនឿនិង​សេចក្តីស្រឡាញ់ដើម្បីនាំពួកគេទៅឯព្រះយេស៊ូវ។ អ្នកនឹងមើលថែហើយលើកទឹកចិត្តដល់ពួកគេហើយសេចក្តីអាណិតមេត្តានិងភាពទុកចិត្តរបស់អ្នកនឹងធ្វើឲ្យពួកគេនៅស្មោះស្ម័គ្រចំពោះព្រះយេស៊ូវ។

ទេវតានៃនគរឋានសួគ៌ទាំងអស់ត្រៀមខ្លួនដើម្បីរួមសហការគ្នាធ្វើការងារនេះ។ ធនធានទាំងអស់នៃនគរឋានសួគ៌គឺស្ថិតនៅក្រោមការត្រួតត្រារបស់អស់អ្នកដែលស្វែងរកជួយសង្គ្រោះអ្នកដែលវង្វេងឬបាត់បង់។ ពួកទេវតានឹងជួយអ្នកដើម្បីជួយទៅដល់អស់អ្នកដែលធ្វេសប្រហែសបំផុតនិងអ្នកដែលរឹងរូសបំផុត។ ហើយនៅពេលដែលមានមនុស្សម្នាក់ត្រូវបាននាំមកឯព្រះជាម្ចាស់វិញ ពពួកទេវតាទាំងអស់នៅនគរឋានសួគ៌ត្រេកអរ ពពួកទេវតាលេងពិណពណ៌មាសហើយច្រៀងសរសើរតម្កើងដល់ព្រះជាម្ចាស់និងកូនចៀមចំពោះសេចក្តីមេត្តានិងសេចក្តីមេត្តាធម៌របស់ទ្រង់ចំពោះកូនចៅរបស់មនុស្ស។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖១៣-១៦

ខចងចាំ៖​​ «មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ»។ យ៉ូហានទី១ ៣:១

Powered by CAM